ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​ថៃ​ធ្វើ​ការ​បង្ក្រាបបណ្តាញ​ពត៌មាន​គាំទ្រ​ក្រុម​បាតុករ


រដ្ឋាភិបាលក្នុង​ប្រទេស​ថៃ​បាន​បង្ក្រាប​លើ​កាសែត​សហគមន៍​និង​ស្ថានីយ​វិទ្យុ​ ដែល​គាំទ្រ​ការ​តវ៉ា​របស់​ពួក​អាវ​ក្រហម​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ទី​ក្រុង​បាងកក។​ លោក Daniel Schearf អ្នក​យក​ព៌តមាន​របស់ VOA បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត Udon Thani ក្នុង​ទឹក​ដី​របស់​ពួក​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ ហើយ​មាន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ។​ លោក​ ជឹង ប៉ូជីន​ ប្រែ​សម្រួល​សេចក្តី​រាយការណ៍​នេះ​ជូន​ដូច​ត​ទៅ។

រដ្ឋាភិបាលនិយាយ​ថា​ បណ្តាញ​ផ្សាយ​ព៌តមាន​របស់​ពួក​អាវ​ក្រហម​បាន​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា ​ ផ្សព្វ​ផ្សាយ​ការ​ភូត​កុហក​ ហើយ​បាន​ជម្រុញ​ឲ្យ​ពួក​អ្នក​ដើរ​តាម​ប្រព្រឹត្ត​អំពើ​ហឹង្សា​ក្នុង​រយៈ​ពេល​ពីរ​ខែ​នៃ​ការ​តវ៉ា​ក្នុង​ទី​ក្រុង​បាងកក។​ បាតុកម្ម​បាន​បញ្ចប់​ដោយសារ​ការ​បង្ក្រាប​របស់​កង​យោធា​កាល​ពី​ខែ​មុន។​ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ កាសែត​និង​ស្ថានីយ​ផ្សព្វ​ផ្សាយ​របស់​ពួក​អាវ​ក្រហម។

លោក Panitan Wattanayagorn អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​និយាយ​ថា​ ពួក​អ្នក​ផ្សព្វ​ផ្សាយ​អាវ​ក្រហម​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ។

“មានមួយ​គ្រា​នោះ​ ពួកគេ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​មើល​របស់​គេ​ឱ្យ​ចាប់​ភរិយា​និង​កូន​របស់ ​នាយករដ្ឋមន្រ្តី​យក​ទៅ​សម្លាប់ ។​ ហើយ​មាន​មួយ​គ្រា​នោះ ​ពួក​គេ​ក៏​បាន​ប្រកាស​ថា​ ប្រសិន​បើ​នាយករដ្ឋមន្រ្តី​ធ្វើ​ដំណើរ​ទៅ​កន្លែង​នានា​តាម​ខេត្ត​ ពួក​គេ​និង​សម្លាប់​លោក ។​ ការ​ផ្សាយ​បែប​នេះ​ ប្រាកដ​ជា​មិន​អាច​អនុញ្ញាតិ​ឱ្យ​ធ្វើ​បាន​ទេ​ក្នុង​ប្រទេស​ណា​មួយ​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ”។

ក្រុម​បុគ្គលិក​នៅ​ស្ថានីយ​វិទ្យុ We Love Udon របស់ពួក​អាវ​ក្រហម​បាន​លាក់​ឧប្បករណ៍​បញ្ជូន​សំឡេង​របស់​ខ្លួន​ទាន់​ពេល​ មុន​ពួក​ទាហាន​បាន​វាយ​សម្រុកចូល​ទៅ​កម្ទេច​ឧប្បករណ៍​របស់​ពួក​គេ។

ថាស​ផ្កាយ​រណប​ដែល​បាន​ប្រើ​ប្រាស់​ដើម្បី​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​ ទូរទស្សន៍​របស់​ពួក​អាវ​ក្រហម​ ត្រូវ​បាន​គេ​បំផ្លាញ​ខ្ទេច​ខ្ទី​ហើយ​កាច់​បំបាក់​ចោល​នៅ​ឯ​ស្ថានីយ៍។

អ្នកផ្សាយ​ពីរ​នាក់​ហើយ​នឹង​នាយក​ស្ថានីយ​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង។​ ដូច​គ្នា​និង​មេ​ដឹកនាំ​បាតុកម្ម​ជា​ច្រើន​នាក់​ទៀត​ដែរ​ នាយក​ស្ថានីយ​បាន​រង​ការ​ចោទ​ប្រកាន់​អំពី​ភេរវកម្ម​ ហើយ​ប្រសិន​រក​ឃើញ​ថា​មាន​ទោស ​អាច​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។

ភរិយា​របស់​លោក​ឈ្មោះ Apon Sarakham បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នោះ​ ហើយ​អ្នក​ស្រី​និយាយ​ថា​ ពួក​អាជ្ញាធរ​កំពុង​ព្យាយាម​បំភិត​បំភ័យ​ពួក​ប្រឆាំង​និង​ពួក​គេ។

អ្នកស្រី​និយាយ​ថា​ នៅ​ខណៈ​ពេល​ដែល​ស្ថានីយ​ទាំង​នោះ​ត្រូវ​គេ​បិទ ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍ដែល​ប្រឆាំង​ពួក​បាតុករ​ ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​បើក​ប្រតិបត្តិការ។​ អ្នក​ស្រី​និយាយ​ថា​ នេះ​ជា​អំពើ​អយុត្តិធម៌។

ពួក​អាវ​ក្រហម​ បាន​ត្អូញ​ត្អែរ​ជា​យូរ​យា​ណាស់​មក​ហើយ​ថា​ រដ្ឋាភិបាល​បាន​ប្រើ​បទដ្ឋាន​ខុស​គ្នា​ ហើយ​មិន​អើពើ​និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ដែល​ចាត់​ចែង​ដោយពួក​ដែល​ហៅ​ថា​អាវ​លឿង​ទេ​ ដែល​បាន​ដឹក​នាំ​ការ​ប្រឆាំង​តវ៉ា​ក្នុង​ឆ្នាំ​២០០៨​ ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ពួក​អាវ​ក្រហម​ចេញ​ពី​អំណាច។

លោក Charoen Mookajonphan អ្នក ​គាំទ្រ​ពួក​អាវ​លឿង​ និង​ជា​អ្នកចាត់​ចែង​ការ​នៃ​ស្ថានីយ​វិទ្យុ​ “សម្ព័ន្ធភាព​របស់​ប្រជារាស្រ្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ”​ ក្នុង​ខេត្ត Udon Thani។

លោក Charoen និយាយ​ថា​ ស្ថានីយ​ដ៍​តូច​របស់​លោក​បាន​ទទួល​ការ​គម្រាម​ច្រើន​ដោយ​សារ​បញ្ហា​ខ្វះ​ថវិកា​និង​អគ្គីសនី​ ជាង​ការ​គម្រាម​ពី​ពួក​អាជ្ញាធរ។​ លោក​និយាយ​ថា​ ស្ថានីយ​វិទ្យុ We Love Udon គួរត្រូវ​បាន​គេ​បិទ​ជា​យូរយារ​ណាស់​មក​ហើយ​ ហើយ​ថា​លោក​បាន​បង្កើត​ស្ថានីយ​របស់​លោក​ក្នុង​ទី​កន្លែង​របស់​ពួក​អាវ​ក្រហម​ ដើម្បី​តស៊ូ​ប្រឆាំង​និង​បណ្តាញ​ផ្សាយ​ព៌តមាន​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។

“ប្រសិនបើ​យើង​នៅ​ស្ងៀម​ ដោយ​មិន​មាន​ការ​ពន្យល់​អ្វី​ទាល់​តែ​សោះ​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​ស្ថានីយ​ដែល​និយាយ​កុហក​ដល់​ប្រជាពលរដ្ឋ​ នោះ​វា​នឹង​ក្លាយ​ទៅ​ជា​មហន្តរាយ​មួយ​សម្រាប់​សង្គម​ថៃ​ក្នុង​ពេល​អនាគត”។

បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​២​ខែ​ក្នុង​ទី​ក្រុង​បាងកក ​ដែល​ក្នុង​អម្លុង​ពេល​នោះ​មាន​មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់​ រដ្ឋាភិបាល​និយាយ​ថា​ ខ្លួន​កំពុង​ព្យាយាម​រារាំង​មិន​ឱ្យ​មាន​អំពើ​ហឹង្សា​កើត​ឡើង​ជា​ថ្មី​ទៀត។​ រដ្ឋាភិបាល​បាន​ទម្លាក់​កំហុស​អំពី​អំពើ​ហឹង្សា​ភាគ​ច្រើន​ ក្នុង​អម្លុង​ពេល​មាន​បាតុកម្ម​ ដែល​បាន​បញ្ចប់ដោយ​ការ​បង្ក្រាប​របស់​កង​យោធានៅ​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​នោះ​ ទៅ​លើ​ពួក​ជន​សកម្មប្រយុទ្ធ​ក្បាល​រឹង​នៅ​ក្នុង​ចលនា​អាវ​ក្រហម។

រដ្ឋាភិបាល​កំពុង​ធ្វើ​ផែនការ​ផ្សះផ្សា​ជាតិ​ដើម្បី​ដោះស្រាយ​សេចក្តី​ព្រួយ​កង្វល់​ របស់​ពួក​អាវ​ក្រហម​ ដូច​ជា​បញ្ហា​ប្រាក់​ចំណូល​មិន​ស្មើ​គ្នា​ជា​ដើម។​ ហើយ​ពួក​មន្រ្តី​និយាយ​ថា​ មាន​លទ្ធភាព​មួយ​ដែល​ការ​បោះឆ្នោត​នឹង​អាច​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ។​ ពួក​អាវ​ក្រហម​បាន​ស្វះស្វែង​រក​ការ​បោះឆ្នោត​ភ្លាមៗ។​ ក៍​ប៉ុន្តែ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បង្ក្រាប​បណ្តាញ​ផ្សាយ​ព៌តមាន ​របស់​ពួក​អាវ​ក្រហម ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ខ្លះ​មាន​ការ​ព្រួយ​បារម្មណ៍​អំពី​រឿង​ចាប់ពិរុទ្ធ។

អ្នក​ស្រុក​ខេត្ត Udon Thani ម្នាក់​នេះ​ គាំទ្រ​ពួក​អាវ​ក្រហម​ហើយ​និយាយ​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ប្រឆាំង​ពួក​គេ​ ក៍​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បង្ហាញ​ភ័ស្តុតាង​តិចតួច​ណាស់ ។​ លោក​និយាយ​ថា​ ការ​ចាប់​ពិរុទ្ធ​បណ្តាញ​ផ្សាយ​ព៌តមាន​ជា​ទង្វើ​អាក្រក់​មួយ​ហើយ​នឹង​ជា​សញ្ញា​នៃ​របប​អំណាច​ផ្តាច់ការ។​ លោក​និយាយ​ទៀត​ថា​ បណ្តាញ​ផ្សាយ​ព៌តមាន​ពួក​អាវ​ក្រហម​ ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​ប្រឆាំង​តវ៉ា។

រដ្ឋាភិបាល​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​បណ្តាញ​ផ្សាយ​ព៌តមាន​ពួក​អាវ​ក្រហមធ្វើប្រតិបត្តិការ​ នៅ​ពេល​ដែល​ភាព​ប្រក្រតី​មាន​ដូច​ដើម​វិញ​នៅ​ក្នុង​ប្រទេស​ ហើយ​និង​បទ​បញ្ជា​លើ​បណ្តាញ​ផ្សាយ​ព៌តមាន​ត្រូវ​បាន​កែប្រែ​ឲ្យ​បាន​ល្អ​ ប្រសើរ​ឡើងសម្រាប់​រារាំង​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន៕

XS
SM
MD
LG