ប្រទេសប៉ាគីស្ថាន គ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបួនភាគីនៅថ្ងៃច័ន្ទនេះ ស្តីពីការសើរើឡើងវិញនូវដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន។ កិច្ចចរចានេះ នឹងរួមបញ្ចូលភាគី អាហ្វហ្គានីស្ថាន ចិននិងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Ahmad Shekib Mostaghni បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កិច្ចប្រជុំអ្នកតំណាងក្នុងទីក្រុងIslamabad នោះ នឹងពិភាក្សាអំពី «ផែនទីបង្ហាញផ្លូវ ដើម្បីកិច្ចចរចាសន្តិភាពមួយ»។
កិច្ចពិភាក្សានោះ បានទទួលការព្រមព្រៀងគ្នា ក្នុងអំឡុងដំណើរទស្សនកិច្ចមួយរបស់មេបញ្ជាការកងទ័ពប៉ាគីស្ថាន គឺលោក ឧត្ដមសេនីយ៍Raheel Sharif ទៅកាន់ទីក្រុងKabul នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីខែធ្នូកន្លងទៅនេះ។
គេជឿថា ប្រទេសប៉ាគីស្ថាន មានឥទ្ធិពលលើក្រុមតាលីបង់ ប៉ុន្តែ ទំនាក់ទំនងជាមួយប្រទេសអាហ្វហ្គានីស្ថាន មានសភាពតានតឹងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ប្រទេសទាំងពីរ បានចោទគ្នាទៅវិញទៅមកជាយូរយារណាស់មកហើយ ថាម្ខាងទៀតជាអ្នកគាំទ្រក្រុមតាលីបង់និងកងជីវពលផ្សេងៗទៀត ដែលកំពុងប្រតិបត្តិការនៅតាមបណ្តោយព្រំដែនដែលគេអាចលួចចេញចូលបានរវាងប្រទេសទាំងពីរ។
គេជឿជាទូទៅថា មេដឹកនាំក្រុមតាលីបង់ មានមូលដ្ឋាននៅក្នុងទីក្រុងនានារបស់ប៉ាគីស្ថាន ដោយរួមទាំងទីក្រុង Quetta និងPeshawar ដែលនៅក្បែរព្រំដែនអាហ្វហ្គានីស្ថាន ផងដែរ៕