ពួកមន្ត្រីយោធាស.រ.អា. និងអូតង់បាននិយាយថាទាហានស.រ.អា.ពីរនាក់បានត្រូវសម្លាប់ហើយបួននាក់ទៀតបានត្រូវរបួសនៅពេលដែលក្បួនរថយន្តរបស់អង្គការអូតង់របស់ពួកគេបានត្រូវវាយប្រហារនៅក្នុងខេត្ត Kandahar ដែលមានចលាចលរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ។
លោក Jeff Davis អ្នកនាំពាក្យនៃក្រសួងការពារប្រទេសស.រ.អា.មិនបានផ្តល់សេចក្តីល្អិតល្អន់ទេ។ ក៏ប៉ុន្តែពួកតាលីបង់បាននិយាយអះអាងថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់របស់ពួកវាបានបើកឡានមួយគ្រឿងមានផ្ទុកគ្រឿងផ្ទុះសំរុកចូលក្នុងក្បួននេះ។
ពួកតាលីបង់បាននិយាយថាទាហាន១៥នាក់របស់ «កងកម្លាំងកាន់កាប់បរទេស» ដោយមានរួមបញ្ចូលទាំងនាយទាហាន «ជាន់ខ្ពស់» ពីរនាក់ផងដែរបានត្រូវសម្លាប់។ ជាអកុសល ពួកតាលីបង់តែងតែបង្កើនតួលេខចំនួនទាហានស្លាប់នៅក្នុងការនិយាយអះអាងបែបនេះ។
បេសកកម្មយោធានៃអង្គការអូតង់និយាយថា ទាហានបួននាក់ដែលបានត្រូវរបួសបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយរបស់ក្រុមចម្រុះហើយបាននិយាយបន្ថែមថាមុខរបួសពួកគេមិនគំរាមកំហែងដល់ជីវិតពួកគេទេ។
លោកឧត្តមសេនីយ៍ John Nicholson អគ្គមេបញ្ជាការនៃបេសកកម្មគាំទ្រប្រកបដោយការតាំងចិត្តមុតមាំដែលភាសាអង់គ្លេសហៅថា Resolute Support Mission បានមានប្រសាសន៍ថា «ក្នុងនាមក្រុមបុរស និងស្ត្រីនៃបេសកកម្ម Resolute Support Mission ខ្ញុំសូមសម្តែងមរណទុក្ខក្រៀមក្រំបំផុតដល់គ្រួសារនៃពួកយុទ្ធមិត្តរួមអាវុធរបស់យើងដែលបានទទួលមរណភាព។ ពួកទាហានទាំងនេះបានបូជាជីវិតពួកគេក្នុងការបំពេញបេសកកម្មមួយដែលមានសារៈសំខាន់ខ្លាំងណាស់ដល់ស.រ.អា. ពួកសម្ព័ន្ធមិត្ត និងពួកដៃគូរបស់យើង។ យើងនឹងផ្តល់កិត្តិយសដល់ពលិកម្មរបស់ពួកគេជាមួយការប្តេជ្ញាតាំងចិត្តមុះមុតរបស់យើងដើម្បីការពារមាតុភូមិរបស់យើង និងបំពេញឱ្យបានសព្វគ្រប់បេសកកម្មដែលពួកគេបានពលីជីវិត»។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលខេត្តបាននិយាយថាក្បួនរថយន្តនេះបានដឹកពួកទាហានបរទេសទៅកាន់ចំណតយន្តហោះដោយបើកកាត់ក្រុង Kandahar City នៅពេលដែលអ្នកដាក់គ្រាប់បែកអត្តឃាតក្នុងឡានមួយគ្រឿងបានធ្វើការវាយប្រហារ។ សេចក្តីថ្លែងការណ៍នេះបានចែងថាការផ្ទុះគ្រាប់បែកនេះបានបណ្តាលឱ្យរថយន្តមួយគ្រឿងខូចខាត ក៏ប៉ន្តែមិនបានពិភាក្សាអំពីសេចក្តីល្អិតល្អន់ថែមទៀតទេ៕