លោកប្រធានាធិបតី Joe Biden គ្រោងនឹងថ្លែងនៅថ្ងៃព្រហស្បតិ៍អំពីការដកទ័ពរបស់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានដែលកំពុងរងការរិះគន់ចំពេលក្រុមយុទ្ធជនតាលីបង់កំពុងវាទី។លោក Biden នឹងថ្លែងសុន្ទរកថាបន្ទាប់ពីលោកនិងអ្នកស្រីអនុប្រធានាធិបតី Kamala Harris ជួបជាមួយមេដឹកនាំសន្តិសុខជាតិធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីការដកទ័ពនេះ។
កាលពីថ្ងៃអង្គារយោធាសហរដ្ឋអាមេរិកបានប្រកាសថាដំណើរការដកទ័ពនេះបានបញ្ចប់ជាង៩០%ហើយ។ ក្រុមមន្រ្តីបាននិយាយថាដំណើរការទាំងមូលរំពឹងថានឹងបញ្ចប់នៅចុងខែសីហា។កងទ័ពអូតង់ក៏ដកចេញដែរហើយពួកគេភាគច្រើនបានចាកចេញពីប្រទេសនេះរួចហើយ។
អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកគាំទ្រការចរចាការទូតដើម្បីដោះស្រាយជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយថា បន្ទាប់ពីការដកទ័ពចេញស.រ.អា.មានបំណងរក្សាកិច្ចការការទូតនិងមនុស្សធម៌នៅក្នុងប្រទេសនេះ។
អ្នកស្រី Psaki មានប្រសាសន៍ថា៖ «ហេតុផលមួយក្នុងចំណោមហេតុផលដែលនាំឱ្យលោកប្រធានាធិបតីធ្វើការសម្រេចចិត្តនេះគឺដោយសារតែគាត់មានអារម្មណ៍ថានឹងមិនមានដំណោះស្រាយយោធាសម្រាប់សង្គ្រាមរយៈពេល២០ឆ្នាំនេះទេ»។
យុទ្ធជនតាលីបង់បានវាទីយ៉ាងលឿននៅទូទាំងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃទី១ខែឧសភានៅពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអូតង់បានចាប់ផ្តើមដកកងទ័ពដែលចុងក្រោយ។ ចាប់តាំងពីពេលនោះមកក្រុមបះបោរបានលុកលុយស្រុកយ៉ាងហោចណាស់១៥០នៃស្រុកជាង៤០០ក្នុងប្រទេសអាហ្គានីស្ថានហើយអ្នកទោសរាប់រយនាក់បានរត់ចេញ៕