លោកប្រធានាធិបតី Ma Ying-jeou នៃកោះតៃវ៉ាន់បានសុំគណៈរដ្ឋមន្ត្រីរបស់លោកឲ្យពង្រឹងសុវត្ថិភាពជើងយន្តហោះពាណិជ្ជកម្ម បន្ទាប់ពីយន្តហោះប្រតិកម្ម ម៉ាស៊ីនពីរដែលកាន់កាប់ដោយក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways មានមូលដ្ឋាននៅកោះតៃវ៉ាន់បានធ្លាក់នៅក្បែរអាកាសយានដ្ឋានដ៏សំខាន់នៅក្នុងកោះ Penghu។ យន្តហោះដែលដឹកអ្នកដំណើរ៥៨នាក់ បានធ្លាក់និងឆេះកាលពីថ្ងៃពុធសប្តាហ៍មុននៅក្នុងពេលព្យាយាមចុះចតជាលើកទីពីរ។
លោក Lin Chun-liang ប្រធានក្រុមបទដ្ឋានសុវត្ថិភាពអាកាសនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិល រំពឹងថានឹងមានការបន្តឹងច្បាប់ដែលមានស្រាប់យ៉ាងតិច៤ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់លោកប្រធានាធិបតី។
លោកមានប្រសាសន៍ថា គ្រប់ក្រសួងមានការរវល់នឹងកិច្ចការនានាដោយសារការធ្លាក់យន្តហោះនេះ និងរឿងរ៉ាវដែលទាក់ទងទៅនឹងគ្រួសាររបស់ជនរងគ្រោះនិងសម្របសម្រួលទៅតាមវិធានការជាក់លាក់មួយចំនួនដែលធ្វើតាមបទបញ្ជារបស់លោកប្រធានាធិបតី។ លោក Lin និយាយថាវិធានការមួយគឺត្រូវបិទអាកាសយានដ្ឋានញឹកញាប់ជាអន្តរជាតិពីព្រោះដោយសារព្យុះទីហ្វុងនិងព្យុះមានរន្ទះផ្គរ។
មន្ត្រីមកពីក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways ដែលមានអាយុ៦៣ឆ្នាំ ជឿថាគឺកត្តាអាកាសធាតុដែលបណ្តាលឲ្យធ្លាក់យន្តហោះនោះ ក្រោយពេលមេឃងងឹតថ្ងៃពុធ ហើយពួកមន្ត្រីបានសុំទោសចំពោះហេតុការណ៍នេះ។ ជើងយន្តហោះប្រមាណ២០០ជើង ត្រូវបានលុបចោលនៅថ្ងៃនោះដោយសារព្យុះទីហ្វុង Matmo ដែលឆ្លងកាត់កោះតៃវ៉ាន់ប៉ុន្តែពេលដែលព្យុះនោះបានងាកទៅប្រទេសចិនវិញ ទើបមានជើងយន្តហោះខ្លះៗអាចធ្វើការហោះហើរបាន។
អាជ្ញាធរអាកាសចរណ៍មិនបានកំណត់ពីមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនោះទេ ដែលបានធ្វើឲ្យរបួសមនុស្ស១០នាក់ផងដែរនៅពេលយន្តហោះចុះទៅក្នុងច្រកចង្អៀតមួយរវាងជួរនៃផ្ទះចាស់ៗនៅខាងក្រៅវាលយន្តហោះ។
លោក Lin និយាយថា តម្រូវការឲ្យមានអ្នកបើកបរជំនាញអាចឲ្យរិតបន្តឹងស្របទៅតាមច្បាប់ស្តីពីការប្រើយន្តហោះចាស់ៗ។ យន្តហោះរបស់ក្រុមហ៊ុន TransAsia មានចំណាស់ប្រមាណ១៤ឆ្នាំ នៅក្នុងការកម្រិតតាមផ្លូវច្បាប់សព្វថ្ងៃ។ លោក Lin បន្ថែមថាផ្លូវយន្តហោះនៅក្នុងកន្លែង ដូចជានៅអាកាសយានដ្ឋានធំពីរ របស់កោះ Penghu អាចពិបាកសម្រាប់អ្នកបើកយន្តហោះមើលផ្លូវនៅពេលមានធាតុអាកាសមិនល្អ។ ផ្លូវបើកយន្តហោះអាចនឹងគូសឡើងវិញដើម្បីឲ្យបានដល់កម្រិតបទដ្ឋានអន្តរជាតិ។
ប្រទេសតៃវ៉ាន់មានចំនួនជើងហោះហើរ ជាមធ្យម១,២៣៨ ជើងក្នុងមួយថ្ងៃ នៅក្នុងពាក់កណ្តាលឆ្នាំដំបូង។ គ្រោះថ្នាក់ស្លាប់ដោយធ្លាក់យន្តហោះពាណិជ្ជកម្មចុងក្រោយបង្អស់គឺនៅក្នុងឆ្នាំ២០០២ នៅពេលដែលយន្តហោះ China Airlines មួយបានផ្ទុះពេលទើបតែហោះឡើងបានបន្តិច សម្លាប់មនុស្សអស់២២៥នាក់។
លោក Lin សង្ឃឹមថាបទដ្ឋានច្បាប់ថ្មីងាយស្រួលទទួលបានការគាំទ្រពីក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មទាំង៧របស់តៃវ៉ាន់ និងពីក្រសួងរដ្ឋាភិបាលដទៃៗទៀត។ ច្បាប់នេះអាចចូលជាធរមាននៅក្នុងរយៈពេលមួយសប្តាហ៍៕
ប្រែសម្រួលដោយអ្នកស្រីនុច សារីតា