ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ — កាលពីពាក់កណ្តាលខែតុលា និយតករផ្នែកនេសាទរបស់កោះតៃវ៉ាន់ បានរិះគន់ខ្លាំងៗលើការដាក់បញ្ចូលជាលើកដំបូងរបស់សហរដ្ឋអាមេរិក កាលពីខែកញ្ញា នូវទិន្នផលត្រីដែលនេសាទបានដោយតៃវ៉ាន់ ទៅក្នុងបញ្ជីទំនិញជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។
និយតករតៃវ៉ាន់បាននិយាយថា ការធ្វើបែបនេះធ្វើឱ្យមានផលប៉ះពាល់ «មិនស្មើភាព» ដល់អ្នកនេសាទដែលគោរពច្បាប់ ទោះបីជាក្រុមតស៊ូមតិសម្រាប់អ្នកនេសាទ មិនយល់ស្របចំពោះការលើកឡើងនេះក៏ដោយ។
ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែកញ្ញា បានដាក់បញ្ចូលទិន្នផលនេសាទបានពីកោះតៃវ៉ាន់ទៅក្នុងបញ្ជីចុងក្រោយបង្អស់នៃ «ទំនិញជាប់ពាក់ព័ន្ធនឹងពលកម្មកុមារ ឬការងារដោយបង្ខំ» ដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០០៥ របស់សហរដ្ឋអាមេរិក។
តៃវ៉ាន់មាននាវានេសាទនៅតាមដែនសមុទ្រឆ្ងាយៗជាង ១.១០០ នាវា ដែលនេះជាចំនួនច្រើនបំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន ហើយអាចនេសាទបានទិន្នផលប្រចាំឆ្នាំដែលមានទឹកប្រាក់ ១ ពាន់ ៤ រយលានដុល្លារ។
តួលេខរបស់ទីភ្នាក់ងារនេសាទតៃវ៉ាន់បានបង្ហាញថា កោះតៃវ៉ាន់មានពលករនេសាទចំណាកស្រុកប្រមាណ ៣២.០០០ នាក់ ដែលភាគច្រើនមកពីប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ហើយពលករនេសាទចំនួន ២០.០០០ នាក់ក្នុងចំណោមនោះ ធ្វើការនៅលើនាវានៅតាមដែនសមុទ្រឆ្ងាយៗដែលដាក់ទង់ជាតិតៃវ៉ាន់។
ទោះបីជាខ្លួនបានសន្យាថា នឹងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ ដែលលើកឡើងដោយក្រុមអង្គការបរិស្ថានក៏ដោយ ក៏ទីភ្នាក់ងារនេសាទតៃវ៉ាន់ បាននិយាយថា ខ្លួនសង្ឃឹមថា នឹងអាចកែប្រែការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក តាមរយៈការបង្ហាញភស្តុតាងដែលបញ្ជាក់ថា នាវានេសាទសមុទ្រនៅតាមដែនសមុទ្រឆ្ងាយៗដែលដាក់ទង់ជាតិតៃវ៉ាន់ គឺគោរពតាមអនុសញ្ញាស្តីពីការនេសាទរបស់អង្គការពលកម្មអន្តរជាតិ ILO។
កេរ្តិ៍ឈ្មោះមិនល្អ
លោក Lin Ding-rong នាយកផ្នែកនេសាទសមុទ្រទឹកជ្រៅរបស់ទីភ្នាក់ងារនេសាទតៃវ៉ាន់ បានប្រាប់ VOA ថា ការដាក់បញ្ចូលនេះបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកផ្គត់ផ្គង់តៃវ៉ាន់ និងទិន្នផលដែលនេសាទបានរបស់ពួកគេនៅក្នុងដែនសមុទ្រឆ្ងាយៗ ទោះបីជាការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកនឹងមិនរងផលប៉ះពាល់ភ្លាមៗក៏ដោយ។
លោក Lin បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ករណីនេះបានប៉ះពាល់ជាអវិជ្ជមានដល់ [ទំនុកចិត្ត] របស់អ្នកទិញនៅសហរដ្ឋអាមេរិកចំពោះទិន្នផលនេសាទ [មកពីតៃវ៉ាន់]។ និយាយឱ្យស្មោះត្រង់ទៅ យើងមិនយល់ស្របជាមួយនឹងការសម្រេចរបស់សហរដ្ឋអាមេរិក ដែលផ្អែកលើបទល្មើសដែលបង្កឡើងដោយនាវាមួយ ឬក៏មួយចំនួនតូចនោះទេ ប៉ុន្តែវានឹងប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍របស់អ្នកនេសាទដែលគោរពច្បាប់ភាគច្រើននៅទីនេះ»។
អ្នកតំណាងផ្នែកនេសាទចំនួន ២ នាក់ក៏បានរៀបរាប់ប្រាប់ VOA ថា ការដាក់បញ្ចូលនេះបានធ្វើឱ្យមានរូបភាពអាក្រក់ដល់ឧស្សាហកម្មនេសាទរបស់តៃវ៉ាន់ទាំងមូល ដែលវាដូចជាពាក្យដែលគេនិយាយថា «ត្រីមួយស្អុយ ស្អុយមួយកន្ត្រក» អញ្ចឹងដែរ។
លោក Edward Huang អគ្គលេខាធិការនៃសមាគមអ្នកនេសាទ នៅក្នុងក្រុងកំពង់ផែ Kaohsiung នៅភាគខាងត្បូងនៃកោះតៃវ៉ាន់ បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ប្រសិនបើពួកយើងរហូតទៅដល់ទៅ ៩៨% ឬ ៩៩% មានការវិវឌ្ឍយ៉ាងល្អនោះ មិនគួរណាមានរូបភាពអាក្រក់បែបនេះដាក់មកលើពួកយើងនោះទេ។ ខ្ញុំគិតថា វាមិនយុត្តិធម៌នោះទ សម្រាប់ពួកយើង ហើយរដ្ឋាភិបាល [តៃវ៉ាន់] គួរតែហ៊ាននិយាយក្នុងនាមពួកយើង»។
ការដាក់បញ្ចូលតៃវ៉ាន់ទៅក្នុងបញ្ជីនេះអាចធ្វើឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកដែលទទួលទិន្នផលត្រីពីតៃវ៉ាន់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពន្ធគយរបស់សហរដ្ឋអាមេរិកយ៉ាងហ្មត់ចត់។
លោក Lin បានលើកឡើងអំពីច្បាប់ថ្មីមួយដែលមានមាត្រាចែងអំពីការកម្រិតម៉ោងធ្វើការ ការការពារប្រាក់ឈ្នួល និងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅសម្រាប់កម្មករ ក៏ដូចជាការចាប់ផ្ដើមអនុវត្តនូវលក្ខខណ្ឌដែលតម្រូវឱ្យមន្ត្រីអធិការកិច្ចធ្វើការបង្ក្រាបលើការនេសាទខុសច្បាប់ និងការងារដោយបង្ខំផងដែរ។
លោក Lin ក៏និយាយផងដែរថា ទីភ្នាក់ងាររបស់លោកកំពុងធ្វើការដើម្បីជម្នះភាពលំបាកផ្នែកបច្ចេកទេសនៅក្នុងការដំឡើងប្រព័ន្ធតាមដានអេឡិចត្រូនិក ឬបណ្តាញឥតខ្សែនៅលើនាវាដើម្បីអនុញ្ញាតឱ្យទីភ្នាក់ងារនេះអាចតាមដានពីស្ថានភាពនៅលើនាវាបាន។
ការដាក់បញ្ចូលក្នុងបញ្ជីនេះត្រូវបានគេយល់ថាសមហេតុសមផល
ទោះជាយ៉ាងនេះក្តី អង្គការចំនួន ៧ ដែលធ្វើការលើកកម្ពស់សិទ្ធិពលករនេសាទចំណាកស្រុកនៅតៃវ៉ាន់ នៅតែទទូចថា ទង្វើមិនគប្បីទៅលើពលកររបស់នាវានេសាទសមុទ្រទឹកជ្រៅដែលជាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ដូចជាការដកហូតយកឯកសារ ការធ្វើការលើសម៉ោងហួសកម្រិត ការបំពានដោយកាយវិការនិងពាក្យសម្តី និងការបើកប្រាក់ឈ្នួលមិនគ្រប់គ្រាន់ ជាមូលហេតុសមរម្យសម្រាប់ការដាក់បញ្ចូលក្នុងបញ្ជីនេះ។
អ្នកស្រី Chiu Shao-chi នៃអង្គការមូលនិធិយុត្តិធម៌បរិស្ថាន (Environmental Justice Foundation) បានស្វាគមន៍វិធានការរបស់ទីភ្នាក់ងារនេសាទតៃវ៉ាន់ នៅក្នុងការចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើឱ្យមានការវិវឌ្ឍទៅមុខបន្ថែមទៀត ប៉ុន្តែអ្នកស្រីបាននិយាយថា ការរកឃើញថ្មីៗនៃការសម្ភាសន៍របស់អង្គការអ្នកស្រីជាមួយនឹងពលករនេសាទមកពីប្រទេសឥណ្ឌូណេស៊ី គឺស្របទៅនឹងការរកឃើញរបស់អង្គការ Greenpeace East Asia អំពីការនេសាទខុសច្បាប់ និងការងារដោយបង្ខំក្នុងចំណោមពលករនៅលើនាវាចំនួន ៣ ដែលដាក់ទង់ជាតិ ឬជាប់ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងការសន្និដ្ឋាន នៅក្នុងរបាយការណ៍ពីរឆ្នាំម្តងរបស់ក្រសួងការងារសហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍របស់ខ្លួន ក្រសួងការងារសហរដ្ឋអាមេរិកបានលើកឡើងពីពលករម្នាក់ដែលបាននិយាយថា លោកទទួលបានប្រាក់ឈ្នួលចំនួន ៥០ ដុល្លារក្នុងមួយខែ បន្ទាប់ពីកាត់កងថ្លៃសេវាជាច្រើនពីប្រាក់ខែរបស់លោកដែលចំនួន ៤៥០ ដុល្លារ។ ពលករម្នាក់ទៀតបាននិយាយថា លោកត្រូវបានបង្ខំឱ្យនេសាទពី ១៦ ទៅ ១៨ ម៉ោងក្នុងមួយថ្ងៃ ហើយជួនកាលរហូតដល់ ៣៤ ម៉ោងជាប់ៗគ្នា ប្រសិនបើមិននេសាទបានត្រី។
អង្គការ Greenpeace East Asia បានបញ្ជាក់ថា ហានិភ័យនៃការរំលោភបំពាន និងការងារដោយបង្ខំដែលនៅតែមានជាបន្តនៅលើនាវានេសាទតៃវ៉ាន់ គឺដោយសារកង្វះនៃការត្រួតពិនិត្យ។
អ្នកស្រី Chiu Shao-chi បានយល់ស្របដោយនិយាយថា៖ «បើយើងនិយាយពីនាវានេសាទ មិនមាននាយកដ្ឋានការងារណាមួយនៅតៃវ៉ាន់ [ត្រូវបានចាត់តាំង] ឱ្យត្រួតពិនិត្យ ឬអនុវត្តអធិការកិច្ចការងារជាចាំបាច់នៅលើនាវាឱ្យបានទៀងទាត់នោះទេ»។
អ្នកស្រីក៏បានយល់ស្របជាមួយនឹងការសន្និដ្ឋានរបស់អង្គការ Greenpeace East Asia ផងដែរ ដែលថា ពលករនេសាទចំណាកស្រុកនៅតៃវ៉ាន់នៅតែត្រូវបានគេរើសអើង តាមរយៈការជ្រើសរើសឱ្យធ្វើការ។ នៅក្នុងប្រព័ន្ធនេះ អ្នកនេសាទចំណាកស្រុកដែលត្រូវបានជ្រើសរើសនៅក្រៅប្រទេស ជាទូទៅមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការការពារផ្នែកការងារ ដែលរួមមានដូចជាប្រាក់ឈ្នួលអប្បរមា ដូចទៅនឹងអ្នកដែលត្រូវបានជ្រើសរើសឱ្យធ្វើការនៅកោះតៃវ៉ាន់ផ្ទាល់នោះទេ។
អ្នកស្រីនិយាយថា ទោះជាយ៉ាងនេះក្តី វាមិនច្បាស់នោះទេថា តើទីភ្នាក់ងារជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់ ឬទីភ្នាក់ងារនៅប្រទេសដើម ដែលបានកេងប្រវ័ញ្ចពីពលករតាមរយៈការកាត់ប្រាក់ឈ្នួលរបស់ពួកគេនោះ ដែលនេះជាការអនុវត្តដែលត្រូវបានហាមឃាត់នៅតៃវ៉ាន់។
មិនមានអាហារសមុទ្រពីកន្លែងធ្វើការមិនមានលក្ខខណ្ឌការងារល្អ
ទោះជាយ៉ាងនេះក្តី អ្នកស្រី Chiu Shao-chi បានលើកទឹកចិត្តក្រុមហ៊ុននេសាទតៃវ៉ាន់ឱ្យធ្វើការជាមួយនឹងរដ្ឋាភិបាល ដើម្បីបង្កើតយន្តការផ្តល់ប្រាក់ធ្វើការបន្ថែមម៉ោង ឬធានាថា តៃវ៉ាន់មិនមាននាំចេញអាហារសមុទ្រពីកន្លែងធ្វើការមិនមានលក្ខខណ្ឌការងារល្អនោះទេ។
ក្រុមហ៊ុន Fong Chun Fishery Co. ដែលមានមូលដ្ឋាននៅតៃវ៉ាន់ គឺជាក្រុមហ៊ុនត្រីធូណាមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង ៣ នៅក្នុងពិភពលោក និងមានទីផ្សារខ្លាំងចូលទៅកាន់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប។
អង្គការ Greenpeace East Asia បានអំពាវនាវឱ្យក្រុមហ៊ុននេះ «ចាត់វិធានការសកម្មជាមុន និងកាន់តែតឹងរ៉ឹង រួមទាំងការធ្វើឱ្យប្រសើរឡើងនូវការដែលអាចតាមដានបានលើសង្វាក់ផ្គត់ផ្គង់អាហារសមុទ្រ ការទទួលទិញតែពីនាវាដែលមិនចូលរួមក្នុងការផ្ទេរទំនិញនៅសមុទ្រ និងការគោរពឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារអន្តរជាតិអំពីសិទ្ធិមនុស្សនិងសិទ្ធិការងារ និងវិធីអនុវត្តល្អ»។
ការផ្ទេរទំនិញនៅសមុទ្រមានជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរទិន្នផលនេសាទទៅនាវាដឹកទំនិញកក ដែលជួយសម្រួលដល់ការនេសាទលើសកម្រិត និងជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិពលករធ្ងន់ធ្ងរនៅតាមសមុទ្រ ដោយសារតែនាវានៅឆ្ងាយៗមិនសូវចូលចតនៅផែនោះទេ ដែលនេះធ្វើឱ្យមិនសូវមានការធ្វើអធិការកិច្ច។
យ៉ាងហោចណាស់នាវា ២ ក្នុងចំណោមនាវា ៣ ដែលជាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ដែលទិន្នផលនេសាទរបស់ខ្លួនត្រូវបានរឹបអូស នៅក្នុងខែឧសភា និងខែសីហា នៅច្រកគយសហរដ្ឋអាមេរិកក្រោមការសង្ស័យពីបញ្ហាការងារដោយបង្ខំ ការកាត់យកព្រុយត្រីឆ្លាម ឬការផ្ទេរទំនិញនៅសមុទ្រខុសច្បាប់ គឺជាអ្នកផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន Fong Chun Fishery ដែលនៅក្នុងខែមករាបានទិញយកក្រុមហ៊ុនអាហារសមុទ្រអាមេរិកាំង Bumble Bee ដែលបានក្ស័យធន។
នៅក្នុងការការពារខ្លួន ក្រុមហ៊ុន Fong Chun Fishery បានប្រាប់ VOA នៅក្នុងការឆ្លើយតបតាមអ៊ីមែលថា ក្រុមហ៊ុនបានគោរពតាមច្បាប់និងបទប្បញ្ញត្តិទាំងអស់ទាំងនៅតៃវ៉ាន់ និងក្រៅតៃវ៉ាន់ ហើយ «ការផ្ទេរទំនិញនៅសមុទ្រទាំងអស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យពីមន្ត្រីអធិការកិច្ច [ដែលចាត់តាំងដោយអង្គភាពគ្រប់គ្រងការនេសាទថ្នាក់តំបន់]។ និយតករនេសាទនៃប្រទេសនានាដែលនាវាទាំងនេះបានចុះបញ្ជី ត្រូវបានគេជូនដំណឹង មុនការផ្ទេរទំនិញនៅសមុទ្រត្រូវបានធ្វើឡើង»។
ក្រុមហ៊ុននេះបន្តថា ខ្លួនមិនបានធ្វើការជាមួយនឹងអ្នកផ្គត់ផ្គង់ទៀតនោះទេ នៅពេលដែលពួកគេត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយនឹងការនេសាទខុសច្បាប់។
អ្នកធ្វើការក្នុងវិស័យនេះថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ
អ្នកធ្វើការក្នុងវិស័យនេះ ដែលធ្លាប់បានបម្រើការឲ្យនិយតករនេសាទតៃវ៉ាន់ បានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា តៃវ៉ាន់អាចមានការវិវឌ្ឍនៅក្នុងការធ្វើកំណែទម្រង់បទប្បញ្ញត្តិនេសាទរបស់ខ្លួន នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែត្រូវធ្វើបន្ថែមទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវកំណត់ត្រារបស់ខ្លួន ទាក់ទិននឹងការគោរពសិទ្ធិរបស់ពលករចំណាកស្រុក។
អ្នកដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនេះបានបន្ថែមថា ដោយសារតែស្ថានភាពទូទៅនៃការនេសាទនៅសមុទ្រទឹកជ្រៅមានលក្ខណៈមិនល្អ ពលករនេសាទក្នុងស្រុកបានព្យាយាមមិនធ្វើការនៅលើនាវាទាំងនោះ ដោយធ្វើឱ្យការងារទាំងនេះនៅទំនេរសម្រាប់ពលករចំណាកស្រុក។ លោកបានបញ្ជាក់ថា បញ្ហានេះនឹងមិនបាត់នោះទេ ប្រសិនបើមិនមានការដោះស្រាយលើបញ្ហាកេងប្រវ័ញ្ចពលកម្មនោះ។
ជាការចាប់ផ្តើម លោកបានផ្តល់យោបល់ថា ក្រុមហ៊ុននេសាទត្រូវផ្តល់សំណងដល់ពលករធ្វើការនៅលើនាវាសម្រាប់ការធ្វើការលើសម៉ោង ឬបន្ថែមពលករធ្វើការនៅក្នុងវេននីមួយៗ។
លោក Chen Chun-sheng អគ្គលេខាធិការនៃសមាគមអ្នកនេសាទ Suao នៅភាគខាងជើងនៃកោះតៃវ៉ាន់ បាននិយាយថា ការបន្ថែមពលករធ្វើការនៅលើនាវាមិនអាចទៅរួចនោះទេ ដោយសារតែទំហំនាវាមានកម្រិត និងត្រូវការការចំណាយបន្ថែមទៀត។
លោក Chen Chun-sheng បានបន្តថា ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការធ្វើការលើសម៉ោងគឺជារឿងសមហេតុផលក្នុងលក្ខខណ្ឌថា ក្រុមហ៊ុននេសាទមានប្រាក់ចំណេញដើម្បីចែកទៅឱ្យពលករ។ លោកបានបន្ថែមថា គោលការណ៍ផ្ដល់ប្រាក់លើកទឹកចិត្តដល់ពលករអាចជាដំណោះស្រាយឈ្នះឈ្នះ សម្រាប់វិស័យនេសាទនៅដែនសមុទ្រឆ្ងាយៗរបស់តៃវ៉ាន់៕