ក្រុមដំបូងនៃជនភៀសខ្លួនស៊ីរី ដែលត្រូវបានបញ្ជូនពីប្រទេសតួកគីតាមកម្មវិធីដ៏ចម្រូងចម្រាសមួយបានទៅដល់អឺរ៉ុបហើយ។
ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន១៦នាក់ បានទៅដល់ទីក្រុងHanover ប៉ែកខាងជើងប្រទេសអាល្លឺម៉ង់កាលពីព្រឹកថ្ងៃច័ន្ទនេះ។ ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន១៦នាក់ទៀត ត្រូវគេរំពឹងថានឹងទៅដល់នៅយប់ថ្ងៃច័ន្ទនេះ។
ទន្ទឹមពេលជាមួយគ្នានេះ ជនចំណាកស្រុកដែលត្រូវបានចាប់បញ្ជូនពីកោះ Lesbos របស់ប្រទេសក្រិក ទៅកាន់ប្រទេសតួកគី វិញ បានចាប់ផ្តើមចុះពីទូកហើយ។
ពួកមន្ត្រីនិយាយថាជនចំណាកស្រុកចំនួន១៣១នាក់ ភាគច្រើនជាជនជាតិអាស៊ីខាងត្បូង បានទៅដល់ក្រុងDikili របស់តួកគីហើយ នៅថ្ងៃច័ន្ទនេះ។
ជនចំណាកស្រុកទាំងនេះ ត្រូវបានជូនចេញពីទូកទៅកាន់មណ្ឌលចុះឈ្មោះ ម្តងមួយៗ។
សកម្មភាពទាក់ទងនឹងជនចំណាកស្រុកនិងជនភៀសខ្លួននៅថ្ងៃច័ន្ទនេះ បានកំណត់ការចាប់ផ្តើមអនុវត្តផែនការដ៏ចម្រូងចម្រាសមួយ ដើម្បីទប់ទល់នឹងការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅក្នុងទ្វីបអឺរ៉ុប ដែលរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស។
ក្រោមកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងប្រទេសតួកគី ជនទាំងឡាយណាដែលបានទៅដល់ឆ្នេរសមុទ្រប្រទេសក្រិកដោយខុសច្បាប់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសតួកគីប្រសិនបើពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីសុំសិទ្ធិជ្រកកោនទេនោះ។
កិច្ចព្រមព្រៀងនេះ មានគោលបំណងបំបែកប្រតិបត្តិការរត់ពន្ធមនុស្សដ៏ធំ ដែលកំពុងប្រព្រឹត្តឡើងចេញពីប្រទេសតួកគី៕