នេះជាទិវាចម្រុះមួយដែលមានការប្រគុំភ្លេង បញ្ចាំងខ្សែភាពយន្ត និងបង្ហាញបច្ចេកវិទ្យាថ្មីផ្សេងៗ។
អ្នកភ្លេងម្នាក់មកពីប្រទេសនីហ្សេរីយ៉ា ឈ្មោះ 9ice មកចូលរួមក្នុងទិវា South By Southwest នេះដើម្បីជួបមនុស្សដទៃ។
«ខ្ញុំមកទីនេះដើម្បីប្រាស័យទាក់ទងជាមួយអ្នកដទៃ ដើម្បីស្វែងរកអ្នកគាំទ្រថ្មីថែមទៀត និងដើម្បីណែនាំឲ្យអ្នកដែលមិនដែលស្គាល់ស្នាដៃភ្លេងរបស់ខ្ញុំ បានស្គាល់ភ្លេងរបស់ខ្ញុំ»។
ការប្រគុំតន្ត្រី លែងជារឿងសំខាន់តែមួយគត់នៅក្នុងទិវា South by Southwest នេះទៀតហើយ។
លោក Raymond Wong អ្នកកាសែតផ្តោតលើបច្ចេកវិទ្យាមួយរូបបានថ្លែងថា៖
«កន្លែងនេះជាទិវាតន្រ្តីយ៉ាងធំមួយ។ នេះជាទិវាកំសាន្តមួយ។ នេះជាការបង្ហាញអំពីបច្ចេកវិទ្យាថ្មី»។
ទិវានាំមានការផ្លាស់ប្តូរ ហើយមានការរីកកាន់តែធំឡើង ដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូររបស់ទីក្រុង Austin។
កញ្ញា Meghan Berry ដែលបានចូលរួមកម្មវិធីនេះជាលើកទី១០ហើយបានថ្លែងថា៖
«ពីដើមគេគិតថា Austin ជាទីក្រុងតន្ត្រី ប៉ុន្តែឥឡូវយើងជាក្លាយជាទីក្រុងបច្ចេកវិជ្ជាវិញហើយ។ ខ្ញុំមានមិត្តភ័ក្តច្រើនណាស់ដែលធ្វើការក្នុងក្រុមហ៊ុនថតភាពយន្តនៅទីនេះ។ Austin កាន់តែរីកចម្រើនក្នុងវិស័យជាច្រើន ដូច្នេះវាជារឿងសមរម្យហើយដែលទិវានេះ ផ្លាស់ប្តូរដែរ»។
ឥឡូវនេះមានក្រុមជជែកគ្នាអំពីរឿងបច្ចេកវិជ្ជា ការបង្ហាញបច្ចេកវិទ្យាថ្មីដែលអនុញាតឲ្យមានការសាកល្បងប្រើប្រាស់ មានការបង្ហាញខ្សែភាពយន្តថ្មី និង មានកន្លែងអង្គុយលេងសម្រាប់ឲ្យអ្នកមកចូលរួមអាចសំណេះសំណាលជាមួយអ្នកដទៃ។
កញ្ញា Berry បានថ្លែងបន្ថែមថា៖
«មនុស្សមកពីគ្រប់ស្រទាប់អាចនិយាយគ្នាលេងនៅក្នុងពិធីជប់លៀងផ្សេងៗ ហើយថែមទាំងអាចផឹកស្រា និងញាំម្ហូបដោយឥតគិតថ្លៃទៀតផង។ ដូច្នេះវាជារឿងល្អប្រសើរណាស់»។
អ្វីដែលហៅថាពិធីជប់លៀងនោះ ការពិតជាឱកាសទាក់ទងគ្នា សម្រាប់អ្នកនិពន្ធភ្លេង អ្នកបង្កើតបច្ចេកវិទ្យាថ្មី និងអ្នកថតខ្សែភាពយន្ត ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា អាចជួបគ្នាហើយទាក់ទងគ្នាដើម្បីស្វែងរកវិធី ដោះស្រាយបញ្ហាក្នុងឧស្សាហកម្មរបស់ពួកគេ។
លោក Jesse Needleman អ្នកចូលរួមកម្មវិធីមួយរូបទៀតបានថ្លែងថា៖
«នេះជាឱកាសយ៉ាងធំមួយសម្រាប់ឲ្យទីក្រុង Austin បង្ហាញគំនិតថ្មី និង ទំនិញថ្មី ព្រមទាំងធ្វើឲ្យពួកគេគិតអំពីវិធីដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងមុខជំនួញរបស់ពួកគេថែមទៀតផង»។
អ្នកចម្រៀង 9ICE ឃើញរឿងនេះកើតឡើងជារៀងរាល់ថ្ងៃ ក្នុងមុខរបរភ្លេងរបស់លោក។
«ឥឡូវយើងប្រើប្រាស់វិធី digital ដើម្បីថតភ្លេង និងបញ្ចូលភ្លេង។ យើងប្រើបច្ចេកវិទ្យាថ្មីទាំងអស់។ បើសិនជាគ្មានបច្ចេកវិជ្ជាថ្មីទេ យើងមិនអាចធ្វើភ្លេងបានទេ នៅបច្ចុប្បន្ននេះ»។
គេឃើញមានការប្រើប្រាស់បច្ចេកវិជ្ជានៅក្នុងវិស័យសិល្បៈទាំងអស់ នៅក្នុងពិធី South by Southwest នេះ។ អ្នកចូលរួមមកពីជុំវិញពិភពលោក នឹងមានឱកាសដើម្បីក្រេបជញ្ចក់បច្ចេកវិជ្ជាទំនើបទាំងអស់ នៅក្នុងទីក្រុង Austin៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា