ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ចាត់​ទុក​ការ​ប្រមូល​ផ្តុំ​ទាមទារ​ឱ្យ​ដោះ​លែង​​លោក រ៉ុង ឈុន ថា​ខុស​ច្បាប់


រូប​ឯកសារ៖ អ្នកតវ៉ា​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)
រូប​ឯកសារ៖ អ្នកតវ៉ា​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)

ចៅក្រម​តុលាការ​កំពូល​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ជាន់​ទាប​ទៅ​លើ​សកម្ម​ជន​សង្គម​ចំនួន​៩​នាក់​ជា​ការ​ត្រឹម​ត្រូវ ​និង​បានតម្កល់​សាល​ដីកា​ព្រហ្ម​ទណ្ឌ​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ។​

ពួកគេ​ទាំង​៩នាក់​ត្រូវ​បាន​ចោទ​ពី​បទ​«ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»​ ទាក់​ទង​នឹង​សកម្មភាព​តវ៉ា​របស់​ពួកគេ​ទាម​ទារ​ឱ្យ​ដោះ​លែង​អតីត​មេដឹក​នាំ​សហជីព​លោក​ រ៉ុង ឈុន។​

នៅ​ថ្ងៃ​ពុធ​នេះ ​លោក ​គង់ ស្រ៊ីម ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​ បាន​អាន​តាម​ខ្លឹមសារ​ ​ដែល​ជា​ការ​យល់​ឃើញ​របស់​តុលាការ​កំពូលថា ​សកម្ម​ភាព​របស់​សកម្ម​ជន​សង្គម​ទាំង​អស់​នេះ​ ដែលលើក​បដា ​ការ​ផ្សព្វ​ផ្សាយ​ជាវីដេអូ​តាម​បណ្តាញ​សង្គម(Live​ Video) ​និង​ការ​ដើរ​ស្រែក​ទាម​ទារ​ឱ្យ​ដោះ​លែង​លោក​ រ៉ុង ឈុន ​នៅ​ខា​ងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​អំឡុង​ឆ្នាំ​២០២០​ មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ ​ព្រោះ​សកម្ម​ភាព​នោះ​អាច​បំពាន និង​ប៉ះ​ពាល់​សិទ្ធិ​អ្នក​ដទៃ។​

លោក​ គង់ ស្រ៊ីម ​ឱ្យ​ដឹង​ថា​ ភ័ស្តុតាង​ដាក់​បន្ទុក ​គឺ​ដោយ​សារ​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​ពួកគេ​មាន​ទំនាក់​ទំនង​ជាមួយ​អតីត​មន្ត្រី​ជាន់​ខ្ពស់ ​និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ដូចជាលោក ​ហូរ វ៉ាន់​ លោក ​អ៊ូ ច័ន្ទឫទ្ធិ ​និង​លោក ​គង់ សភា។​ លោក​អះអាង​ថា​ ពួកគេបាន​រៀប​ចំផែន​ការ​ប្រមូល​ផ្តុំ ​និង​ទាមទារ​ឱ្យដោះ​លែង​លោក ​រ៉ុង ឈុន​ និងអ្នក​ផ្សេង​ទៀត។​

បើ​តាម​លោក​ចៅ​ក្រម ​សកម្ម​ភាព​ទាំង​នេះ​អាច​បង្ក​ទៅ​ជា​ការ​«ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» ​បើ​ទោះ​បី​ជា​ពេល​ធ្វើ​សកម្ម​ភាព​មិនទាន់​បាន​សម្រេច​ក៏​ដោយ។​

បន្ថែម​ពីនេះ ​លោក​ គង់ ស្រ៊ីម ​លើក​ឡើង​ថា​ សកម្ម​ភាព​ទាំង​នោះ​ក៏​ជា​ការ​ដាក់​សម្ពាធ​ដល់​តុលាការ​ និង​អាច​ញុះ​ញង់​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្ម​ភាព​ដែល​អាច​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ​និង​ប្រព្រឹត្ត​បទ​ល្មើស​បាន។ ​

លោក ​ថា ឡាវី ​អាយុ​២៣​ឆ្នាំ ​សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ ​ជា​សកម្មជន​ម្នាក់​ក្នុង​ចំណោម​៩​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស ​បាន​ចូល​ទៅ​ស្តាប់​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល​ ​ហើយ​បាន​ចាត់​ទុកសេចក្ដី​សម្រេច​របស់​តុលា​ការ​ជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​សង្គម។ ​លោក​ចាត់​ទុក​ថា​ កា​រចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​នេះ​ជាការ​គាប​សង្កត់​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​ បើ​តាម​សកម្ម​ជន​រូប​នោះ ​សកម្ម​ភាព​របស់​លោក​មិន​មាន​បំណង​ប្រឆាំង ​ឬ​ផ្ដួល​រលំ​នរណា​ម្នាក់​ឡើយ។​

លោក​ប្រា​ប់វីអូអេ​ថា៖ ​«ក្នុង​នាម​ជា​សកម្ម​ជន​ម្នាក់​ ដែល​ខ្ញុំ​មើល​ឃើញ​ថា ​វា​មាន​បញ្ហា​សង្គម​កើត​ឡើង​ ​ខ្ញុំ​មិន​ដែល​ចង់​បាន​តំណែង​ តួនាទី​ណាមួយ​ ហើយ​ក៏មិន​ចង់​បាន​ការ​លើក​ទឹក​ចិត្ត​ សរសើរ​ពីណា​ពី​ណី​ដែរ។ គ្រាន់​តែ​ដោះ​ស្រាយ​ទៅ!​ បញ្ហា​ខ្ញុំ​លើក​មក​ហើយ​ មួយ​ ពីរ​ បី​ បួន។​ វា​កើត​ឡើង​ស្អី​ ជួយ​តែ​ដោះ​ស្រាយ​ទៅ! ​គ្មាន​បំណង​ទៅ​ប្រឆាំង​អ្នក​ឯង​ គ្មាន​បំណង​ទៅប្រឆាំង​រដ្ឋា​ភិបាល​ គ្មាន​បំណង​ទៅ​ផ្ដួល​រំលំ​ស្អី​ទេ។ ​ពួក​យើង​គ្រាន់​តែ​ជា​យុវជន​ប៉ុន្មាន​នាក់​ហ្នឹង!»

លោក​រិះគន់​ថា​ បើ​គ្រាន់​តែ​ប្រជា​ពលរដ្ឋ​តវ៉ា​ ឬ​សម្តែង​មតិ​ពី​អ្វី​មួយ​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់» ​ដូច្នេះមិន​គួរ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស ​និង​ច្បាប់​អនុញ្ញាត​ឱ្យ​សម្តែង​មតិ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«បើ​សិន​ជា​មិន​ចង់​ឃើញ​មាន​ការ​សម្ដែង​មតិ​ មិន​ចង់​ឃើញ​ការ​ប្រើ​ប្រាស់​សិទ្ធិ ​ លុប​ច្បាប់​ហ្នឹង​ចោល​ទៅ។​ បើ​មិន​ចង់​ឃើញ​មាន​ពល​រដ្ឋ​ដើរ​ចេញ​តាម​ផ្លូវ​ធ្វើ​កូដ​កម្ម​ជា​ដើម​ហ្នឹង​ ​មិនបាច់​ដាក់​ឱ្យ​មាន​ទេ​ លុប​ចោល​ហ្មង​ទៅ​ ព្រោះ​ថា ​កុំឱ្យមាន​ បើ​ថា​មាន​ ធ្វើ​មិន​កើត​ដដែល​ហ្នឹង​ ដាក់​មក​ធ្វើអី?​ អ៊ីចឹង​បន្ទោស​ដល់អ្នក​ធ្វើ​ បង្កើត​ច្បាប់​ហ្នឹង​ទៀត។​ ចុះ​បង្កើត​មក​ធ្វើ​ស្អី​ បើ​ឱ្យ​គ្នា​ប្រើ​មិន​កើត​ផង​ហ្នឹង! វាដូច​ធ្វើ​បាយ​មួយ​ពេល ​តែ​បាន​តែអង្គុយ​មើល ​ហូប​ក៏​មិន​កើត​ ចាក់​ចោល​ក៏​មិន​កើត។​ ​អស់​តែ​លុយ​ជាតិ»។​

​ចំណែក​លោក ​មួង សុភ័ក្រ​ អាយុ​២៨​ឆ្នាំ ​អតីត​យុវ​ជន​១០០​រាត្រី​ និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​អ្នកស្រាវ​ជ្រាវ​វ័យ​ក្មេង​ ដែល​មក​ស្តាប់​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល​ដែរ ​បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជា​ឆន្ទានុ​សិទ្ធិ​របស់​ចៅ​ក្រម។ ​លោកថា ​តុលាការ​សាលា​ដំបូង​មិន​បាន​លើក​អំពី​អង្គ​ច្បាប់​ច្រើន​ទេ ​ ប៉ុន្តែ​តុលាការ​កំពូល​បាន​ផ្អែក​លើ​មាត្រា​២៦​នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ​ដែល​ចែង​អំពី​«សហ​ចារី​ផ្សព្វ​គំនិត» ​ដែល​ត្រង់​ចំណុច​នេះ​ហាក់​ជា​ការ​ដាក់​បន្ទុក​ធ្ងន់។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការធ្វើ​របស់​បង​ ​ជុំ ពុទ្ធី [​និង​] ​ឈួ ផេង ​ដែល​ទាក់​ទង​ជាមួយ​លោក ​ហូរ វ៉ាន់​ នៅ​ខាង​ក្រៅ ​យក​មក​ភ្ជាប់​ជា​មួយ​យើង​ទាំង​អស់​គ្នា។ ​ដល់​ពេល​ភ្ជាប់​ជា​មួយ​យើង ​វា​ទៅ​ជា​បទ​ល្មើស​រួមផ្សំ​គំនិត​ទាំង​អស់​គ្នា ​ហើយ​ទៅ​ជា​បទ​ល្មើស​ញុះ​ញង់ ហើយ​ដោយ​អង្គ​ហេតុ​ក្តី ​យើង​ម្នាក់ៗ​គឺ​អត់​ដឹង​ខ្លួន​ អត់​ដឹង​ថា ​យើង​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ខាង​ណា​ទេ​ ព្រោះ​យើង​មក​គ្រាន់​តែ​អនុវត្ត​ ​មក​ឃ្លាំ​មើល។​ អ្នក​ខ្លះ​មក​គ្រាន់​តែ​ឈរ​លេង។ ​អ្នក​ខ្លះ​នៅ​បាត់ដំបង ​មិន​ធ្វើអី​ផង ​ប៉ុន្តែ​នៅ​តែ​ជាប់​ពាក្យ​សហ​ចារី​ផ្សំ​គំនិត​ហ្នឹង។ ​អ៊ីចឹង​ វា​ជា​ការ​លើក​ឡើង​របស់​អង្គ​ច្បាប់ ​របស់​តុលាការ​កំពូល​ អា​នេះ​យើង​សោក​ស្តាយ​ ដែល​យើង​គិត​ថា ​ការ​លើក​ឡើង​នេះ ​វា​ដាក់​បន្ទុក​ឱ្យ​យើង​ធ្ងន់​ជាង​មុន ​ហើយ​ចោទ​យើង​ទៅ​ភ្ជាប់​នឹង​អ្នក​ខាង​ក្រៅ​ប្រទេស​ដែល​អាច​ជា​បទ​ល្មើស​ធំ​ត​ទៅ​មុខ​ទៀត»។​

លោក ​មួង សុភ័ក្រ ​បញ្ជាក់ថា ​លោក​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០​ ក្រោម​បទ​ចោទ​ញុះញង់ ​ហើយ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ២០​ខែ។​ តុលាការតម្រូវ​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​១៤​ខែ ​និងទោស​សល់ត្រូវ​ព្យួរ​សាក​ល្បង។​

​លោក ​ស៊ឹង សែនករុណា ​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ បើ​សិន​ជា​ការ​ជួបជុំ​សម្តែង​មតិ​ទទួល​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ នោះ​វា​នឹង​ក្លាយ​ទៅ​ជា​សម្ពាធ​ផ្លូវ​ច្បាប់​សម្រាប់​ប្រជា​ពល​រដ្ឋ ​ព្រោះ​ការ​ជួប​ជុំ​សម្តែង​មតិ​ជា​មធ្យោ​បាយ​មួយ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។​
លោក​បន្ថែម​ថា ​ករណី​មួយ​នេះ​បាន​បង្ហាញ​នូវ​ភាព​ចម្រូង​ចម្រាស​រវាង​អ្នក​ប្រតិ​បត្តិ​ច្បាប់​ និងអ្នក​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​សម្តែង​មតិ ​ដែលវា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សម្តែង​មតិ​របស់​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖ ​«បើ​សេរី​ភាព​ពាក់ព័ន្ធ​ការ​ជួប​ប្រជុំ​របស់​ប្រជា​ពល​រដ្ឋ​ ឬ​សកម្ម​ជន​នានា​ ត្រូវ​បាន​ហាម​ឃាត់ ​រារាំង​ អ៊ីចឹង​ថា​ តើ​វិធី​នៃ​ការ​សម្តែង​មតិ​របស់​ពួក​គាត់​អាច​ធ្វើ​បាន​ទៅ[តាម]​មធ្យោ​បាយ​ណា?»​

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២១​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់សកម្ម​ជន​សង្គម ​រួម​មាន​អ្នក​ស្រី ​ឈឿន ដារ៉ាវី ​ លោក ​ហ៊ុន វណ្ណៈ ​លោក​ កើត សារ៉ាយ ​លោក ​ថា ឡាវី ​កញ្ញា ​អេង ម៉ាឡៃ​ លោក ​មាន ព្រហ្ម​មុន្នី ​និង​លោក ​មួង សុភ័ក្រ ​និង​សកម្ម​ជន​នយោ​បាយ​២​រូប​ គឺ​លោក ​ជុំ ពុទ្ធី ​និង​លោក​ ឈួ ផេង ​ពី​បទ«ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» ​ដោយផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ខែ ​ចំពោះ​សកម្ម​ភាព​តវ៉ា​របស់​ពួកគេ​ក្នុង​ការទាម​ទារ​ឱ្យ​ដោះ​លែង​លោក​ រ៉ុង ឈុន។ ​ប៉ុន្តែ​កាល​នោះ ​តុលាការ​បង្គាប់​ឱ្យ​ព្យួរ​ទោស​មួយ​ចំនួន​ដល់​ពួកគេ ​ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង ​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។​

​លោក​ រ៉ុង ឈុន​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០ ​ដោយ​សារ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា ​និង​វៀតណាម​នៅខេត្ត​ត្បូង​ឃ្មុំ៕​

XS
SM
MD
LG