តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកនឹងកើនឡើងដល់ចំនួន ១ សែន នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅថ្ងៃអាទិត្យនេះ កាសែត New York Times បានបោះពុម្ពផ្សាយឈ្មោះអ្នកសា្លប់ដោយសារជំងឺនេះនិងព័ត៌មានផ្ទាល់ខ្លួនអំពីពួកគេចំនួន ១ ពាន់ នាក់ នៅទូទាំងសហរដ្ឋអាមេរិក។
ចំណងជើងធំលើកាសែត New York Times សម្រាប់ថ្ងៃអាទិត្យនេះគឺ «អ្នកស្លាប់មានចំនួនជិត ១ សែន នាក់ នៅអាមេរិក ដែលនេះគឺជាការបាត់បង់ដែលមិនអាចគណនាបាន»។
តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ៩ ម៉ឺន ៧ ពាន់ នាក់ កាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
តួលេខករណីឆ្លងជំងឺកូវីដ១៩នៅទូទាំងសកលលោកកើនឡើងដល់ជាង ៥ លាន ៣ សែន នាក់ ហើយករណីស្លាប់កើនឡើងដល់ជាង ៣ សែ ៤ ម៉ឺន ២ ពាន់ នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ដដែលនេះ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបំផុតនៅក្នុងពិភពលោក គឺមានចំនួន ១ លាន ៦ សែន ករណី ដែលស្ទើរតែស្មើនឹងមួយភាគបីនៃករណីឆ្លងសរុបនៅទូទាំងសកលលោក៕