ការរញ្ជួយដីដ៏ខ្លាំងមួយ បានកើតឡើងនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារទី ២៣ ខែមិថុនា ដោយធ្វើឲ្យរញ្ជួយអគារនៅកណ្តាលរដ្ឋធានីម៉ិកស៊ិកស៊ីដធី ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងកើតហេតុ ហើយបានធ្វើឲ្យមនុស្សម្នារត់ចេញពីផ្ទះរបស់ពួកគេ ទៅតាមផ្លូវដងផ្លូវនានា។
ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការរញ្ជួយដីនោះមានកម្រិត ៧ កន្តក់សញ្ញា ៤ វ៉ិចទ័រ ដែលបានថយចុះពីកម្រិតនៅមុននោះ ដែលបើតាមការប៉ាន់ស្មានគឺ ៧ កន្តក់សញ្ញា ៧ វ៉ិចទ័រ។ ការរញ្ជួយដីនេះ បានកើតឡើងនៅចំកណ្តាលរដ្ឋ Oaxaca ដែលនៅជាប់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅរដ្ឋធានីម៉ិកស៊ិកស៊ីដធី មិនបានឃើញសញ្ញាដំបូងនៃការរងរបួស ឬ ការខូចខាតឡើយ។
ការរញ្ជួយដីក្នុងកម្រិតខ្លាំងបែបនេះ អាចធ្វើឲ្យមានការបំផ្លិចបំផ្លាញខ្លាំង។ ការរញ្ជួយដីកម្រិត ៧ កន្តក់សញ្ញា ១ វ៉ិចទ័រ ដែលបានកើតឡើងនៅកណ្តាលប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ ២០១៧ បានសម្លាប់មនុស្សអស់ចំនួន ៣៥៥ នាក់ នៅក្នុងរដ្ឋធានីម៉ិកស៊ិកស៊ីដធី និងនៅតាមរដ្ឋស្ថិតនៅជុំវិញនោះ។
ប្រទេសម៉ិកស៊ិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយការរញ្ជួយដី ដោយសារតែប្រទេសនេះស្ថិតនៅត្រង់ចំណុចប្រសព្វនៃផ្លាកចលនាតិចតូនិចផែនដីចំនួនបី។ រដ្ឋធានីនៃប្រទេសនេះ ត្រូវបានគេមើលឃើញថា ងាយរងគ្រោះបំផុតដោយសារតែទីតាំងរបស់វាស្ថិតនៅលើបាតបឹងបុរាណ៕