ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ


មនុស្សបូជាផ្កា​ឧទ្ទិស​ដល់​ប្រធានាធិបតី​អ៊ីរ៉ង់លោក​ Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់លោក ​Hossein Amir-Abdollahian នៅ​ស្ថានទូត​អ៊ីរ៉ង់​ក្នុងទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
មនុស្សបូជាផ្កា​ឧទ្ទិស​ដល់​ប្រធានាធិបតី​អ៊ីរ៉ង់លោក​ Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់លោក ​Hossein Amir-Abdollahian នៅ​ស្ថានទូត​អ៊ីរ៉ង់​ក្នុងទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amirabdollahian និង​មន្ត្រី​ផ្សេង​ទៀត​ត្រូវបាន​គេ​រកឃើញ​ថា​ស្លាប់​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់។

ក្រុម​រុករក​បាន​រកឃើញ​បំណែក​បាក់បែក​នៃ​ឧទ្ធម្ភាគចក្រ​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​នៅពេល​ដែល​ធាតុអាកាស​មិន​ល្អ​នៅ​ជិត​តំបន់ Varzaqan ក្នុង​ខេត្ត East Azerbaijan ក្នុង​ប្រទេស​អ៊ីរ៉ង់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា នៅ​ពេល​នោះ អ្នក​ដែល​ជិះ​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់ទៅ​ប្រទេស​អ៊ីរ៉ង់​វិញ​ពី​ពិធី​សម្ពោធ​គម្រោង​ទំបន់​វារីអគ្គិសនី​មួយ​នៅ​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​អាស៊ែបៃហ្សង់ ដែល​នៅ​ទីនោះ​ពួកគេ​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អាស៊ែបៃហ្សង់​លោក Ilham Aliyev។

លោក Aliyev បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X ថា លោក «ក្ដុកក្ដួល​យ៉ាងខ្លាំង» ចំពោះ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​លោក Raisi ហើយនឹង​បួងសួង​និង​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​នាម​ជា «មិត្ត​និង​ជា​ប្រទេស​ជា​បងប្អូន»។

មេដឹកនាំ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​លោក Raisi នេះ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Shehbaz Sharif បាន​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ចន្ទ​នេះ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​និយាយ​ថា​លោក​តក់ស្លុត​ចំពោះ​ដំណឹង​នេះ និង​ថា «ឥណ្ឌា​ឈរ​នៅ​ជាមួយ​អ៊ីរ៉ង់​នៅ​ក្នុង​ពេល​វេលា​ដ៏​សោកសង្រេង​នេះ»។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mohammed Shia al-Sudani បាន​បង្ហាញ «ភាព​សោកសៅ​ដ៏​ធំធេង»។

ប្រធានាធិបតី​អេមីរ៉ាតអារ៉ាប់រួម​លោក Bin Zayed Al Nahyan បាន​និយាយ​ថា ប្រទេស​អេមីរ៉ាតអារ៉ាប់រួម «រួម​សាមគ្គី​ជាមួយ​នឹង​អ៊ីរ៉ង់​នៅ​ក្នុង​ពេល​ដ៏​លំបាក​នេះ»។

រដ្ឋធម្មនុញ្ញ​ប្រទេស​អ៊ីរ៉ង់​បាន​ចែង​ថា ប្រសិនបើ​ប្រធានាធិបតី​ស្លាប់​ឬ​បាត់បង់​សមត្ថភាព អនុ​ប្រធានាធិបតី​ទី​មួយ​នឹង​ត្រូវ​ឡើង​ជំនួស​តំណែង​ប្រធានាធិបតី​នេះ រហូត​ទាល់តែ​ដល់​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​រយៈពេល ៥០ ថ្ងៃ។ បច្ចុប្បន្ន​នេះ លោក Mohammad Mokhber គឺជា​អនុ​ប្រធានាធិបតី​ទីមួយ។

តួនាទី​ជា​ប្រធានាធិបតី​នេះ​គឺ​ជា​តួនាទី​ក្រោម​បង្គាប់​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei។ លោក Khamenei គឺជា​អ្នក​មាន​អំណាច​សម្រេច​ចុងក្រោយ​បង្អស់​លើ​កិច្ចការ​របស់​ប្រទេស៕

លោក Payam Yazdian លោក Farhad Poulavi និង​លោក Masood Farahmand នៃ VOA ផ្នែក​ភាសា​ពែក្ស និង​លោក Asgar Asgarov ប្រធាន VOA ផ្នែក​ភាសា​អាស៊ែបៃហ្សង់​រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG