ក្រុមរបស់លោកមេធាវីពិសេស Robert Mueller បានសម្ភាសន៍រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Jeff Sessions និងអតីតប្រធានទីភ្នាក់ងារ FBI លោក James Comey ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តធ្វើឡើងទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦។
សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា លោក Sessions ត្រូវបានសាកសួរអស់រយៈពេលជាច្រើនម៉ោងកាលពីសប្ដាហ៍មុន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់លោក Mueller។ ចំណែកឯលោក Comey វិញ ត្រូវបានសាកសួរកាលពីឆ្នាំមុនពាក់ព័ន្ធនឹងកំណត់ហេតុជាច្រើនដែលលោកបានកត់ត្រាអំពីទំនាក់ទំនងរបស់លោកជាមួយនឹងលោក ដូណាល់ ត្រាំ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក Ian Prior បានបញ្ជាក់ថាក្រុមរបស់លោក Mueller ពិតជាបានសម្ភាសន៍លោក Sessions មែន ប៉ុន្តែអ្នកនាំពាក្យរូបនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
មេធាវីផ្ទាល់ខ្លួនរបស់លោក Sessions គឺលោក Chuck Cooper ដែលត្រូវបានគេរាយការណ៍មកថាបានអមដំណើរលោក Sessions ទៅសម្ភាសន៍នោះ មិនបានផ្ដល់យោបល់អ្វីនោះទេ។
លោក David N. Kelley ដែលជាមេធាវីនៃក្រុមហ៊ុនច្បាប់ Dechert LLP មានមូលដ្ឋាននៅក្នុងទីក្រុង New York និងជាមេធាវីរបស់លោក Comey នោះ បាននិយាយថា លោកមិនអាចបញ្ជាក់ ឬក៏បដិសេធអំពីការរាយការណ៍ដែលថា ក្រុមរបស់លោក Mueller បានសម្ភាសន៍លោក Comey នោះទេ។
ការលើកឡើងអំពីការសម្ភាសន៍ជាមួយនឹងលោក Sessions និងលោក Comey នេះ បានកើតឡើង ស្របពេលដែលក្រុមរបស់លោក Mueller បានបង្កើនការសួរចម្លើយទៅលើអ្នកដែលមានទំនាក់ទំនងជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ដោយសារតែក្រុមរបស់លោក Mueller ស្វែងរកថាតើយុទ្ធនាការរបស់លោក ត្រាំ នេះ មានបានឃុបឃិតជាមួយនឹងរុស្ស៊ីដើម្បីជួយឲ្យលោក ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ឬក៏អត់៕