ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញ​បញ្ជូន​ក្រុម​ជួយ​​សង្គ្រោះ​​​បន្ថែម​ទៅ​​ម៉ារ៉ុក​ ដើម្បី​ជួយ​រក​អ្នក​រងគ្រោះ​ក្នុង​ការ​រញ្ជួយ​ដី​​​


រូបដែល​ត្រូវ​ថត​​និង​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​អង្គភាព​សង្គ្រោះ​យោធា​អេស្ប៉ាញ បង្ហាញ​ក្រុម​អ្នក​​ជួយ​សង្គ្រោះ​ឡើង​យន្តហោះ​​​យោធា Airbus A400 នៅ​មូលដ្ឋាន​ទ័ព​អាកាស Zaragoza។
រូបដែល​ត្រូវ​ថត​​និង​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​អង្គភាព​សង្គ្រោះ​យោធា​អេស្ប៉ាញ បង្ហាញ​ក្រុម​អ្នក​​ជួយ​សង្គ្រោះ​ឡើង​យន្តហោះ​​​យោធា Airbus A400 នៅ​មូលដ្ឋាន​ទ័ព​អាកាស Zaragoza។

ប្រទេស​អេស្ប៉ាញ​កំពុង​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក​ ដើម្បី​ជួយ​ក្នុង​ការងារ​រុករក​និង​សង្គ្រោះ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិតចុង​ក្រោយ​ ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ ដែល​បានកើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Marrakech ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។​

ប្រទេស​អេស្ប៉ាញ​បាន​និយាយកាល​ពី​យប់​ថ្ងៃ​ចន្ទថា​ ខ្លួន​បាន​បញ្ជូនអ្នក​ជំនាញ​មួយ​ក្រុម ដែល​មាន​គ្នា៣១​នាក់​ ឆ្កែ​ហិត​ខ្លិន​១៥​ក្បាល និង​រថយន្ត​១១​គ្រឿង​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក។​

រដ្ឋាភិបាល​ម៉ារ៉ុក​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​ការ​រញ្ជួយ​ដី​នេះ​ បាន​កើន​ឡើងយ៉ាង​ហោច​ណាស់​ក៏​២.៨៦២នាក់​ដែរ​ ដោយ​មនុស្ស​២.៥០០​នាក់​ផ្សេង​ទៀត​ បាន​រង​របួស។​ ​

លោក ​Komenan N'guessan Leon ជា​វិចិត្រករ​ម្នាក់​ដែល​រស់​នៅក្នុង​ប្រទេស​ម៉ារ៉ុក បាន​ប្រាប់​វីអូអេ​ថា​ ក្រោយការ​រញ្ជួយ​ដី​នេះ​ មនុស្ស​ជា​ច្រើន​បាន​នាំគ្នា​មកគេង​នៅ​ខាង​ក្រៅ​ផ្ទះ​ ដោយ​ខ្លាច​មានការ​រញ្ជួយ​ដី​មួយទៀត​អាច​នឹងកើត​ឡើង។​

​អ្នក​ស្រី ​Elisabeth Myers មេធាវីនិង​ជា​អ្នក​វិភាគ​នយោបាយ​អាហ្វ្រិក​ខាង​ជើង ដែល​រស់​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុកដែរ​នោះ​ បាន​ប្រាប់​វីអូអេថា​ ការ​រញ្ជួយ​ដី​នេះ​ បាន​ធ្វើ​ឱ្យ​ភូមិ​ជា​ច្រើន​រង​ការ​ខូចខាត​ទាំង​ស្រុង​ ហើយ​ការ​បាក់​ដីបាន​ធ្វើ​ឱ្យ​តំបន់​ជា​ច្រើនមិន​អាច​ចូល​ទៅ​ដល់។​ ​

អ្នកស្រី Myers បាន​បញ្ជាក់​ពី​ហានិភ័យ​ដែលមនុស្សជាច្រើន​កំពុង​ប្រឈមដោយសារការ​គ្មាន​ទី​ជម្រក​ ក្នុង​ពេល​ដែល​អាកាសធាតុ​តាម​រដូវ​កាល​កំពុង​មាន​ការ​ប្រែប្រួល៕

​Emmanuel Victoire Ngapela និង Carol Van Dam រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ មាន​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press, Agence France-Presse និង Reuters។

XS
SM
MD
LG