នៅឆ្នាំ ២០០៤ អេស្ប៉ាញបានរងគ្រោះធ្ងន់ធ្ងរពីភេរវកម្ម ដែលត្រូវបានបង្កឡើងដោយភេរវកម្មអ៊ិស្លាម នៅពេលដែលគ្រាប់បែកត្រូវបានបំផ្ទុះដោយក្រុមអាល់ កៃដា បានសម្លាប់មនុស្ស១៩១នាក់នៅស្ថានីយរថភ្លើងនៃរដ្ឋធានីម៉ាឌ្រីដ។ ក្រោយពីមរណភាពរបស់អូសាម៉ា ប៊ីន ឡាដិន ដែលជាមេដឹកនាំក្រុមភេរវកម្មអាល់ កៃដា អាជ្ងាធរអេស្ប៉ាញបានពង្រឹងកិច្ចការការពារសន្ដិសុខ ហើយក៏បានរំលឹកវិញាណក្ខន្ធជនដែលស្លាប់ទៅ។
ក្រោយពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ការវាយប្រហារដ៏ប្រល័យតែមួយគត់ដែលជាប់ពាក់ព័ន្ធនឹងក្រុមអាល់ កៃដា លើបស្ចឹមប្រទេសត្រូវបានធ្វើឡើងនៅស្ថានីយរថភ្លើងអាតូចា (Atocha) នេះ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៤ មនុស្ស១៩១នាក់ បានស្លាប់ហើយជាង១.៨០០នាក់ទៀតរងរបួស ដោយសារគ្រាប់បែកបង្កប់នៅក្នុងរថភ្លើងដឹកអ្នកដំណើរបួនគ្រឿង។
ដ្យេស៊ុស (Jesus) និង ហ្ក្លរា សេរ៉ន (Gloria Seron) បានបាត់បង់សាច់ញាតិជិតម្នាក់គឺ លោក ហ្វេដឺរីខូ ស៊ីរ្រី សឺរ៉ន (Frederico Sierra Seron) អាយុ៣៧ ឆ្នាំ។ លោកគឺជាមន្ដ្រីយោធាដែលបានស្លាប់ដោយបន្សល់ទុក ភរិយា និងកូនប្រុសអាយុ៣ឆ្នាំ។
ដ្យេស៊ុស សេរ៉ន (Jesus seron) ថ្លែងថា ដោយគិតអំពីអ្វីដែលគ្រួសាររបស់គាត់បានឆ្លងកាត់ មរណភាពរបស់ប៊ីន ឡាដិន ជាដំណឹងល្អបំផុត។ តែភរិយារបស់គាត់និយាយថា គាត់មិនទាន់ជឿច្បាស់ទេ។ ហ្ក្លរា សេរ៉ន ថ្លែងថាមរណភាពរបស់ប៊ិន ឡាដិន មិនមែនជារឿងជោគជ័យ ហើយក៏មិនមែនជារឿងបរាជ័យដែរ។ គាត់និយាយថា គាត់ឲ្យតម្លៃទៅលើការដែលមេដឹកនាំអាល់ កៃដា ត្រូវបានសម្លាប់ តែគាត់ញាក់ស្មានៅពេលដែលត្រូវបានសួរថា តើអេស្ប៉ាញ និងពិភពលោកនឹងមានសុវត្ថិភាពប្រសើរជាងមុនដោយគ្មាន ប៊ិន ឡាដិនឬ គាត់ឆ្លើយតបដោយបានដកស្រង់សុភាសិតមួយថា «អ្នកណាលេងដាវស្លាប់នឹងដាវ»។
ការផ្ទុះគ្រាប់បែកឆ្នាំ២០០៤ នៅស្ថានីយរថភ្លើងអាតូចា ដែលកើតឡើងបីថ្ងៃមុនការបោះឆ្នោតជាតិអេស្ប៉ាញ បានធ្វើឲ្យប៉ះពាល់នយោបាយអេស្ប៉ាញយ៉ាងខ្លាំង។ ដំបូង រដ្ឋាភិបាលស្ដាំនិយមកណ្ដាលបានស្ដីបន្ទោសដល់ក្រុមនិយមបំបែករដ្ឋ ហៅETA ចំពោះការវាយប្រហារនោះ ហើយគេគិតថា ក្រុមនេះបានចាញ់ឆ្នោតដោយសារតែបានធ្វើកំហុសដូច្នោះ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតបានលាតត្រដាងភ្លាមៗឲ្យដឹងថា ក្រុមជីវពលអ៊ីស្លាម ដែលត្រូវបានលើកទឹកចិត្ដដោយក្រុមអាល់ កៃដា បានបង្កប់គ្រាប់បែក ដោយសារតែអេស្ប៉ាញបានបញ្ជូនទាហានទៅច្បាំងនៅអ៊ីរ៉ាក។ ប្រហែលពីរខែក្រោយមករដ្ឋាភិបាលសង្គមនិយមថ្មីបានដកទ័ពរបស់ខ្លួនចេញពីអ៊ីរ៉ាក់។
ជនសង្ស័យជាង២០នាក់ ដែលមានដើមកំណើតម៉ារ៉ុក អាល់ហ្ស៊េរី និងស៊ីរី បានត្រូវចោទប្រកាន់ពីការបំផ្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើងអាតូចា។ ជនល្មើសពីរនាក់ត្រូវជាប់គុកអស់មួយជីវិត។
ពេលនៅមានជីវិត ប៊ិន ឡាដិន បានលើកទឹកចិត្ដភេរវជន ដូចជាភេរវជនដែលបានសម្លាប់មនុស្ស១៩១នាក់ នៅទីក្រុងម៉ាឌ្រីដនេះ ។ តែ ហ្ក្លរា សេរ៉ន និយាយថា គាត់មានការភិតភ័យថា ទោះបីជាស្លាប់ក៏ដោយ ក៏ប៊ីន ឡាដិន នៅតែធ្វើសកម្មភាពដូចគាត់នៅរស់ដែរ។
អ្នកស្រី សេរ៉ន និយាយថា គាត់មានការព្រួយបារម្ភថា ប៊ិន ឡាដិន នឹងក្លាយជាវីរបុរសរបស់ជនសកម្មប្រយុទ្ធដទៃ ហើយមរណភាពរបស់គាត់ អាចជំរុញឲ្យមានអំពើឃោរឃៅច្រើនឡើងថែមទៀត ដែលត្រូវបានប្រព្រិត្ដដោយអ្នកព្យាយាមការពារឈ្មោះគាត់។
លោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអេស្ប៉ាញ អាលហ្វ្រិដូ ប៉េរ៉េហ្ស៍ រូបាលខាហ៍បា (Alfredo Perez Rubalcahba) មានអារម្មណ៍ដូចអ្នកស្រី ហ្ក្លរា ដែរ នៅពេលលោកថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅទីក្រុងម៉ាឌ្រីដ។ លោកថ្លែងថា លោកធូរចិត្ដដោយដឹងអំពីមរណភាពរបស់ប៊ិន ឡាដិន តែវាមិនមែនពេលដែលអាជ្ងាធរអេស្ប៉ាញបន្ថយការយាមកាមនោះទេ។
លោក រូបាលខាហ៍បា ថ្លែងថា វាច្បាស់ណាស់ថា មរណភាពរបស់ប៊ិន ឡាដិន គឺជាការខាតបង់ច្រើនសន្ធឹករបស់ក្រុមអាល់ កៃដា។ តែលោកថ្លែងថា យើងមិនអាចបដិសេធថាមិនមានការសងសឹកនោះទេ។ ហើយលោកកត់សម្គាល់ថាអេស្ប៉ាញស្ថិតនៅក្នុងរង្វង់នៃការវាយប្រហាររបស់ក្រុមអាល់ កៃដា ដែលមានសាខានៅទ្វីបអាហ្វ្រ៊ិកភាគខាងជើង ដែលបានត្រូវស៊ើបអង្កេតពីបទដាក់គ្រាប់បែកបំផ្ទុះនៅក្នុងហាងកាហ្វេមួយនៅម៉ារ៉ុក កាលពីពេលថ្មីៗនេះ៕