ប្រទេសកូរ៉េខាងត្បូងបានស្នើឲ្យបង្កើតក្រុមកីឡា Hockey ផ្នែកស្ត្រីដោយរួមគ្នាជាមួយកូរ៉េខាងជើងដើម្បីប្រកួតនៅឯកីឡាអូឡាំពិករដូវរងានៅខែក្រោយនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងគូសត្រូវដ៏ល្វីងជូរចត់ទាំង២នេះ។
សំណើនេះបានត្រូវធ្វើឡើងកាលពីថ្ងៃអង្គារនៅពេលដែលគណៈប្រតិភូមកពីប្រទេសទាំង២បានធ្វើការចរចានៅភូមិ Panmunjom ស្ថិតនៅបណ្តោយព្រំដែនហើយត្រូវបានទទួលស្គាល់ដោយលោក Chang Ungតំណាងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិរបស់ប្រទេសកូរ៉េខាងជើង។
លោក Chang បានប្រាប់ពួកអ្នកយកព័ត៌មាននៅចំណតយន្តហោះអន្តរជាតិទីក្រុងប៉េកាំងថា៖ «នេះជាប្រធានបទមួយដែលស្ថិតនៅក្នុងការពិភាក្សានៅឯគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»។ លោកChang បានត្រឡប់ទៅកាន់រដ្ឋធានីព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងវិញបន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ទីស្នាក់ការធំរបស់អង្គការគ្រប់គ្រងកីឡាអូឡាំពិកនៅក្នុងប្រទេសស្វីស។ លោក Chang មិនបាននិយាយថាតើកូរ៉េខាងជើងគាំទ្រសំណើនេះដែរឬទេ។
បន្ទាប់ពីការពិភាក្សាជាផ្លូវការលើកទីមួយរបស់ខ្លួនក្នុងរយៈពេលជាង២ឆ្នាំមក ប្រទេសទាំង២បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងនឹងចូលរួមនៅក្នុងការប្រកួតកីឡានោះហើយនឹងធ្វើការចរចាខាងយោធាដើម្បីធ្វើឲ្យទំនាក់ទំនងនោះប្រសើរឡើង។
កិច្ចព្រមព្រៀងនោះបានធ្វើឡើងនៅឯចរចាអន្តរកូរ៉េកម្រិតខ្ពស់កាលពីថ្ងៃអង្គារនៅភូមិសន្តិភាព Panmunjom ដែលនៅចន្លោះព្រំដែន ដែលនៅទីនោះការឈប់បាញ់គ្នានៅឆ្នាំ១៩៥៣បានត្រូវចុះហត្ថលេខាដែលបានបញ្ចប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមកូរ៉េ៕