ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន Moon Jae-in គ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋចំនួន៣ថ្ងៃ លើកដំបូងនៅពាក់កណ្តាលខែមិនានេះ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ទស្សនកិច្ចរបស់លោក ម៊ូន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិនានេះ គឺធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
លោក ម៊ូន គ្រោងនឹងមានជំនួបជាច្រើនជាមួយមន្ត្រីកំពូលៗរបស់កម្ពុជាជាច្រើន រួមទាំងចូលគាល់ព្រះមហាក្សត្រ និងជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រៅពីផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ អន្តរជាតិដែលជាកង្វល់និងផលប្រយោជន៍រួម។
លោកគ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចមួយផងដែរ ក្រៅពីគ្រោងនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន៕