នៅយប់ថ្ងៃពុធ បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សធំៗពីរ គឺអនុប្រធានាធិបតីលោក Mike Pence ខាងគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាអ្នកស្រី Kamala Harris ខាងគណបក្សប្រជាធិបតេយ្យ បានជជែកដេញដោលគ្នា ដោយផ្តោតលើគោលនយោបាយនិងរិះគន់គោលនយោបាយរបស់ដៃគូប្រជែងខ្លួនទៅវិញទៅមក ដោយមានការនិយាយរំខានគ្នាខ្លះ តែមិនច្រើនដូចការជជែកដេញដោលប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញានោះទេ។
ការជជែកដេញដោលគ្នាដែលបានប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យ Utah ក្នុងទីក្រុង Salt Lake បានចាប់ផ្តើមឡើងដោយអ្នកស្រី Kamala Harris អាយុ ៥៥ ឆ្នាំ បានលើកឡើងពីបរាជ័យរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump និងអនុប្រធានាធិបតី Mike Pence ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងប្រមាណ ២សែន ១ម៉ឺននាក់។
ជាការឆ្លើយតប លោក Pence អាយុ ៦១ ឆ្នាំ បានការពារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោក និងលោក Trump ដែលរួមមានការដាក់កំហិតលើជើងហោះហើរពីចិន មិនអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក កាលពីដើមខែមករា។ នេះបើយោងតាមសារព័ត៌មាន AP។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន
នៅពេលអ្នកសម្របសម្រួល Susan Page អ្នកយកព័ត៌មានឲ្យសារព័ត៌មាន USA Today សួរបេក្ខជនអនុប្រធានាធិបតីទាំងពីរនាក់ អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញពិភពលោក អ្នកស្រី Harris បានវាយប្រហារជាពាក្យសម្តីលើបរាជ័យរបស់រដ្ឋបាលលោកប្រធានាធិបតី Trump ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ នេះបើយោងតាមកាសែត The New York Times។
អ្នកស្រី Kamala Harris បានថ្លែងទៅកាន់លោក Pence ថា៖ «លោកបានចាញ់សង្គ្រោមពាណិជ្ជកម្ម [ជាមួយចិន]»។
អ្នកស្រី Harris បានរិះគន់វិធានការរបស់រដ្ឋបាលលោក Trump ក្នុងការយកពន្ធលើផលិតផលខ្លះរបស់ចិនដោយអះអាងថា វិធានការទប់ទល់ពីចិនវិញលើការដាក់ពន្ធនេះ បានបណ្តាលឲ្យសហរដ្ឋអាមេរិក បាត់បង់ការងារប្រមាណ ៣សែន និងបានបង្ខំឲ្យកសិករអាមេរិកដែលមិនអាចលក់ផលិតរបស់ខ្លួនទៅក្រៅប្រទេស ខាតបង់ចំណូល។
ជាការឆ្លើយតបវិញ លោក Mike Pence បានអះអាងថា តាមពិត អតីតប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋបាលលោកប្រធានាធិបតី Barack Obama បានចាញ់ប្រៀបចិន។
លោក Pence បានថ្លែងថា៖ «ចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយចិន? លោក Joe Biden មិនបានចរចាអីផង។ លោក Joe Biden បានគាំទ្រកុម្មុនិស្តចិនរយៈពេលជាច្រើនទសវត្សរ៍មកហើយ»។
បេក្ខជនអនុប្រធានាធិបតីទាំងពីរនាក់ បានបន្តតតាំងជាពាក្យសម្តីគ្នាទៅវិញទៅមកអំពីគោលនយោបាយឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយអ្នកស្រី Harris បានកោតសរសើរការដឹកនាំរបស់រដ្ឋបាលលោក Obama ទាក់ទងនឹងគោលនយោបាយស្តារវិស័យយានយន្តនៅសហរដ្ឋអាមេរិក ខណៈលោក Pence បានអះអាងថា លោក Obama អតីតប្រធានាធិបតីសហរដ្ឋអាមេរិក (២០០៨ – ២០១៦) និងលោក Biden បានធ្វើកិច្ចការតិចតួចដើម្បីស្រោចស្រង់ការបាត់បង់ការងារក្នុងវិស័យឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។
ការប្រែប្រួលអាកាសធាតុ
ទាក់ទងនឹងប្រធានបទនេះ ទាំងលោក Pence និងអ្នកស្រី Harris បានវាយប្រហារគ្នាជាពាក្យសម្តីទៅវិញទៅមក ទាក់ទងវិធានការទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោក Pence បានថ្លែងថា លោក«មានមោទនភាពខ្លាំងលើកំណត់ត្រាបរិស្ថានរបស់យើង និងកិច្ចការអភិរក្សបរិស្ថាន» របស់សហរដ្ឋអាមេរិក ហើយលោកក៏បានថ្លែងបន្ទុចបង្អាក់លើសេចក្តីព្រាងច្បាប់ទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ [របស់សមាជិកសភាខ្លះនៃគណបក្សប្រជាធិបតេយ្យ] ដែលមានឈ្មោះថា «Green New Deal»។ នេះបើយោងតាមកាសែត The New York Times។
នៅពេលអ្នកស្រី Susan Page អ្នកសម្របសម្រួលវេទិកាជជែកដេញដោលគ្នា បានសួរលោកថា តើលោកយល់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏គំរាមកំហែងដល់អាយុជីវិតមនុស្សដែរឬទេ លោក Pence បានថ្លែងថា «អាកាសធាតុគឺប្រែប្រួល។ យើងនឹងធ្វើតាមវិទ្យាសាស្ត្រ»។
ជាការតទល់អ្នកស្រី Harris បានរិះគន់កំណត់ត្រាសមិទ្ធផលរបស់លោក Trump ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសវិធានការពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា។
អ្នកស្រីបានថ្លែងថា៖ «លោក Donald Trump នៅពេលសួរអំពីហេតុការណ៍ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា ដែលមានអំណះអំណាងពីវិទ្យាសាស្ត្រតើអ្នកដឹងថាលោក Donald Trump និយាយយ៉ាងម៉េចទេ? [លោកថា] វិទ្យាសាស្ត្រគ្មានដឹងអីទេ។ ដូច្នេះយើងគួរពិចារណាអំពីនរណាដែលត្រៀមខ្លួនដឹកនាំប្រទេសក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ទប់ទល់នឹងការគំរាមកំហែងដល់អាយុជីវិតមនុស្សយើង»។
បញ្ហារើសអើងជាតិសាសន៍
នៅក្នុងការជជែកដេញដោលកាលពីយប់ថ្ងៃពុធ ការឆ្លើយឆ្លងជាពាក្យសម្តីទៅវិញទៅមករវាងលោក Mike Pence និងអ្នកស្រី Kamala Harris បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីគោលជំហរខុសគ្នារវាងបេក្ខជនអនុប្រធានាធិបតីទាំងពីរ លើបញ្ហារើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត The New York Times។
នៅពេលសួរថា តើសាលក្រមលើសំណុំរឿងនៃករណីសម្លាប់របស់នាង Breonna Taylor ពលរដ្ឋអាមេរិកាំងស្បែកខ្មៅម្នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលិស ក្នុងករណីឆែកឆេរគ្រឿងញៀនមួយ នៅទីក្រុង Louisville រដ្ឋ Kentucky មានយុត្តិធម៌ដែរឬយ៉ាងណា អ្នកស្រី Harris បានយល់ថា ករណីនេះមិនមានយុត្តិធម៌ទេ។
សាលក្រមបានសម្រេចផ្តន្ទាទោសមន្ត្រីប៉ូលិសម្នាក់ ហើយបទចោទប្រកាន់លើប៉ូលិសរូបនេះ មិនមែនផ្តោតលើករណីបាញ់សម្លាប់នាង Taylor ទេ តែលើការធ្វើអ្នករស់នៅក្បែរខាង[នាង Taylor] ប្រឈមនឹងគ្រោះថ្នាក់។
អ្នកស្រី Harris ក៏បានបន្តលើកឡើងពីអំពើសាហាវព្រៃផ្សៃរបស់ប៉ូលិសលើក្រុមសហគមន៍អាមេរិកស្បែកខ្មៅ ដូចជាករណីស្លាប់របស់លោក George Floyd ក្រោមសមត្ថកិច្ចរបស់ប៉ូលិស នៅទីក្រុង Minneapolis រដ្ឋMinnesota ហើយបានអះអាងថា បើសិនជាអ្នកស្រី និងលោក Joe Biden ឈ្នះការបោះឆ្នោត អ្នកទាំងពីរនឹងហាមឃាត់ប៉ូលិសមិនឲ្យប្រើកម្លាំងបាយច្របាច់ក បង្កើតឲ្យមានប្រព័ន្ធកំណត់ត្រាជាតិសម្រាប់មន្ត្រីប៉ូលិសដែលប្រព្រឹត្តសកម្មភាពខុសច្បាប់ បិទដំណើរការពន្ធនាគារឯកជន និងការផ្លាស់ប្តូរគោលនយោបាយជាច្រើនផ្សេងទៀត ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌។
ខុសគ្នាពីអ្នកស្រី Harris លោកPence បានអះអាងថា វាគឺជា «ទង្វើរម៉ាកងាយខ្លាំងបំផុត» លើមន្ត្រីប៉ូលិស តាមរយៈការលើកឡើងថា មានការរើសអើងជាតិសាសន៍បែបបើកចំហរដោយមន្ត្រីមានសមត្ថកិច្ច។
លោក Pence ក៏បានថ្លែងថា វាជាការព្រួយបារម្ភ នៅពេលដែលអតីតរដ្ឋអាជ្ញាម្នាក់ដូចជាអ្នកស្រី Harris «សន្មតថា គណៈកម្មការវិនិច្ឆ័យសំណុំរឿងក្តីដែលធ្វើសេចក្តីសម្រេចចិត្តដោយផ្តោតលើភស្តុតាង បានសម្រេចចិត្តខុស» បើទោះបីជាសមាជិកខ្លះនៃគណៈកម្មការវិនិច្ឆ័យបានចេញមុខថ្លែងជាសាធារណៈអំពីក្តីព្រួយបារម្ភរបស់ពួួកគេទាក់ទងនឹងដំណើរការនីតិវិធីរបស់តុលាការសម្រាប់សំណុំរឿងBreonna Taylor។ នេះបើយោងតាមកាសែត The New York Times។
កម្មវិធីធានារ៉ាប់រងសុខភាព
ទាក់ទងនឹងគោលនយោបាយស្តីពីកម្មវិធីធានារ៉ាប់រងសុខភាពអ្នកស្រី Harris បានវាយប្រហារជាពាក្យសម្តីលើអនុប្រធានាធិបតីលោក Pence ដោយអះអាងថា រដ្ឋបាលរបស់លោកប្រធានាធិបតីDonald Trump នឹងមិនបម្រើពលរដ្ឋទេ បើសិនជាពលរដ្ឋនោះមានជំងឺប្រចាំកាយ។
ជាការឆ្លើយតបលោក Pence បានលើកឡើងថា «កម្មវិធីធានារ៉ាប់រងសុខភាពឈ្មោះ Obamacare គឺជាបរាជ័យ» ហើយថា លោក និងលោកប្រធានាធិបតី Trump មានគម្រោងជួយដល់ក្រុមអ្នកជំងឺដែលមានជំងឺប្រចាំកាយ បើទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតី Trump មិនទាន់បានផ្សព្វផ្សាយអំពីផែនការបែបនេះក្តី។ នេះបើយោងតាមសារព័ត៌មាន AP៕