ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្លះថា​អាច​ឈប់​ប្រើ​ថាមពល​ព្រះអាទិត្យ​ដោយ​បារម្ភពី​ការ​បង់តម្លៃ​បន្ថែម


មណ្ឌល​សុខភាព​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
មណ្ឌល​សុខភាព​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

ប្រជាពលរដ្ឋ​មួយ​ចំនួនដែល​កំពុងប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ឬ​ហៅ​ថា​សូឡា​ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​អាច​នឹង​សម្រេច​ចិត្ត​ឈប់​ប្រើ​បន្ទះ​សូឡា ​ប្រសិនបើ​ត្រូវ​ចំណាយ​ថវិកា​បន្ថែមលើ​ការប្រើប្រាស់។

កាល​ពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៤ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តី​ពី​ការ​ធ្វើ​ស្វ័យ​ប្រកាស​ពី​ការ​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដោយ​អះអាង​ថា​ ​មាន​អ្នក​ប្រើប្រាស់​អគ្គិសនី​មួយ​ចំនួនបាន​ដំឡើង​បន្ទះ​សូឡា​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យពុំ​មាន​ការ​អនុញ្ញាត។

លោក យឹម សំណាង ម្ចាស់​សិប្បកម្ម​ផលិត​ត្រីងៀត​ក្នុង​ខេត្ត​សៀមរាប​ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល ឬ​បន្ទះ​សូឡា​ចំនួន​១៥​គីឡូ​វ៉ាត់​ម៉ោង​ នៅ​ពេល​ថ្ងៃ ហើយប្រើអគ្គិសនី​ជាតិ​នៅ​ពេល​យប់។ លោក​ថា លោក​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ជាង​២​លាន​រៀល​សម្រាប់​ថ្លៃ​អគ្គិសនី​ក្នុង​មួយ​ខែ ប្រសិន​បើ​លោក​មិន​មាន​ប្រើប្រាស់​បន្ទះ​សូឡា។​

ម្ចាស់​សិប្បកម្ម​ផលិត​ត្រីងៀត​ក្នុង​ខេត្ត​សៀមរាប​រូបនេះ​បន្ត​ថា លោក​ព្រួយ​បារម្ភ​ជាខ្លាំង​នៅ​ពេល​ដែល​អាជ្ញាធរ​អគ្គិសនី​ជាតិ​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់ធ្វើ​ស្វ័យ​ប្រកាស​ ដែល​អាច​នឹង​បង់​ថ្លៃ​បន្ថែម​ទៀត​លើ​ការ​ប្រើប្រាស់​បន្ទះ​សូឡា។

លោក​ថ្លែង​ថា៖ «ខាង​ភ្លើង​រដ្ឋ​ហ្នឹង​ប្រសិន​ជា​គាត់​ឱ្យ​យើង​ទៅ​ប្រកាស​ពន្ធ​ទាក់​ទង​នឹង​យើង​ប្រើប្រាស់​សូឡា​ អ៊ីចឹង​យើង​ត្រូវ​សិក្សា​មើល​ថា​ប្រសិន​បើ​ខាង​អគ្គិសនី​ឱ្យ​យើង​បង់ពន្ធ​អស់​ច្រើន​ពេក​លើស​ពី​អ្វី​ដែល​យើង​ទទួល​បាន​ពី​ខាង​សូឡា យើង​ប្រឈម​មុខ​ឈប់​ប្រើ​សូឡា ព្រោះ​អី​យើង​បង់​វា​អស់​ច្រើន​ជាង​សូឡា​មក​បាន។

លោក យឹម សំណាង សង្ឃឹមថា​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នឹង​យោគ​យល់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ផល​ចំណេញ​ នៅ​ពេល​ដែលពួកគេបង់ថ្លៃ​លើ​ការប្រើប្រាស់បន្ទះ​សូឡា​ជូន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។ ​

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ដែល​មានកសិដ្ឋាន​ដាំ​បន្លែលើ​ទឹក លោក រុំ សារី ប្រាប់វីអូអេថា​ លោកបាន​ដាក់​ឯកសារ​អំពី​ការ​ប្រើប្រាស់​បន្ទះ​សូឡា​របស់​លោក​ចំនួន៦,៥​គីឡូ​វ៉ាត់​ម៉ោង​ទៅ​កាន់​អាជ្ញាធរ​អគ្គិសនី​ខេត្ត​សៀមរាប​កាល​ពី​ព្រឹក​ថ្ងៃចន្ទ​នេះ ប៉ុន្តែ​ចំនួន​នោះ​គឺ​តិច​ជាង​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។ លោក​ថា អាជ្ញាធរ​អគ្គិសនីកម្ពុជា​បាន​តម្រូវ​ឱ្យ​លោក​ធ្វើ​ស័្វយ​ប្រកាស ដើម្បី​បញ្ជាក់​ថា​ លោក​ពិត​ជា​បាន​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​ពិត​ប្រាកដ​មែន។

លោក​ថ្លែង​ថា៖ «បាទ​គ្រាន់​តែ​យើង​ត្រូវ​តែ​ធ្វើ​ស្វ័យ​ប្រកាស​ដើម្បី​បញ្ជាក់​ថា​យើង​បាន​ប្រើប្រាស់​ភ្លើង​រួម​គ្នា​រវាង​សូឡា និង​អគ្គិសនី​របស់​រដ្ឋ»។

វីអូអេ​មិន​អាច​ទាក់ទងលោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពលពាក់ព័ន្ធនឹង​ការ​បារម្ភរបស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​បង់​ប្រាក់​បន្ថែម​លើការ​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បាន​ទេ។​

កាល​ពី​ថ្ងៃទី​៦ ខែ​កក្កដា​កន្លង​ទៅ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​អំពី​ការ​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​ថា ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុងប្រើប្រាស់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​ ត្រូវ​បានទទួល​ស្គាល់ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ថា​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ដំឡើង និង​ប្រើប្រាស់​ស្រប​តាម​ច្បាប់។​

សេចក្តី​បំភ្លឺ​ដដែល​បន្ថែម​ថា ការ​អនុវត្ត​ថ្លៃ​ប៉ះ​ប៉ូវ​ផ្សេងៗ ​គឺ​អនុវត្ត​ចំពោះ​ដែល​អ្នក​ប្រើប្រាស់​ធំៗ​ប៉ុណ្ណោះ​រួមមាន រោងច្រក​ឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ​អាគារ​ធំៗ ដែល​មាន​ផ្ទាំង​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​លើស​ពី​១៦​ផ្ទាំង ឬ​ប្រមាណ​១០​គីឡូ​វ៉ាត់។

លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​៦ ខែ​កក្កដា​ថា ការ​ប្រកាស​ឱ្យ​មាន​ការ​ធ្វើ​ស្វ័យ​ប្រកាស​លើ​ការ​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​នេះ​ គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ដឹង​អំពី​ចំនួន​អ្នក​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​។ លោកថា ការ​ធ្វើ​ស្វ័យ​ប្រកាស​នេះ​មិនប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​តាម​លំនៅឋាន និង​ទីតាំង​អាជីវកម្ម ដែល​មិនភ្ជាប់នឹង​ចរន្ត​អក្គិសនី​ជាតិឡើយ។​

លោក​ថ្លែង​ថា៖ «គោលការណ៍​ដែល​យើង​ធ្វើនេះ​សម្រាប់​តែ​អ្នក​ដែល​ដំឡើង​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ ហើយ​ភ្ជាប់​ការ​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​គាត់​ ដែល​បណ្តាញ​ប្រើប្រាស់​របស់​គាត់​មាន​ភ្ជាប់​ពី​បណ្តាញ​ផ្គត់ផ្គង់​របស់​បណ្តាញ ប្រភព​អគ្គិសនី​បណ្តាញ​ជាតិ។ ដោយឡែក​ដែល​យើង​ហៅ​ថា​ប្រព័ន្ធ​ដាច់​ដោយ​ឡែក​អត់​មាន​ពាក់ព័ន្ធ​មិន​ចាំបាច់​ធ្វើ​ស្វ័យ​ប្រកាស​នោះ​ទេ»។

ចំណែករដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​លោក ទី នរិន្ទ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ​ថា ការ​គ្រប់គ្រង និង​ចុះ​បញ្ជី​ការ​ដាក់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​នៅ​លើ​ដំបូល​ដែល​ភ្ជាប់​ជាមួយ​បណ្តាញ​អគ្គិសនី​ជាតិ​ គឺ​ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​ជីវិត​នៅ​ពេល​ដែល​មាន​អ្នក​ជំនាញ​ជួសជុល​ផ្តាច់​ចរន្ត​អគ្គិសនី​ ដើម្បី​ជួសជុល​ខ្សែ​បណ្តាញ​នានា។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​បញ្ហា​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ យើង​គ្រប់​គ្រង​ប្រភព​មួយ​ដើម្បី​ឱ្យ​ដឹង​ថា​កន្លែង​ណា​ខ្លះ​មាន​ចំនួន​ប៉ុន្មាន​ មាន​អនុភាព​ប៉ុន្មាន ហើយ​ប្រព័ន្ធ​ដែល​ភ្ជាប់​គ្នា​នេះ​យើង​គ្រប់​គ្រង​ដោយ​សារ​ថា​ប្រព័ន្ធ​កាល​ណា​មាន​ពន្លឺ​ព្រះអាទិត្យ​កាល​ណា​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បណ្តាញ​ជាតិ​ វា​អត់​នៅ​ហ្នឹង​ទេ​ ដោយសារ​វា​ប្រែប្រួល​ទៅ​តាម​ធាតុ​អាកាស​»។

លោក ទី ប៊ុនលី ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុនសូឡាសូជី (SOGE) ប្រាប់​វីអូអេ​ថា ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង​ភាគច្រើន​និយម​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ដែល​ភ្ជាប់​ជាមួយ​នឹង​បណ្តាញ​អគ្គិសនី​ជាតិ ដែល​ប្រព័ន្ធ​សូឡា​នេះ​ត្រូវ​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​បណ្តាញ​អគ្គិសនី​ជាតិ​ដើម្បី​បំពេញ​ថាមពល​ប្រើប្រាស់។

នៅពេល​សួរ​ពាក់ព័ន្ធ​អំពី​ការ​បង់​ប្រាក់បន្ថែម​ទៅ​លើ​ការប្រើ​ប្រព័ន្ធ​សូឡា​ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​កំណត់​ លោក ទី ប៊ុនលី ​បញ្ជាក់​ថា ក្រុមហ៊ុន​សូឡាសូជី (SOGE) ​បាន​បង់ពន្ធ​នៅពេល​នាំចូល​បន្ទះសូឡា​មកកម្ពុជា ប៉ុន្តែ​លោក​ថា មិនបាន​ដឹង​អំពីការ​បង់ប្រាក់​បន្ថែម​របស់​អ្នកប្រើប្រាស់​ជូន​អាជ្ញាធរ​អគ្គិសនី​កម្ពុជានោះទេ។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុនសូឡាសូជី (SOGE) រូបនេះ​បន្ថែម​ថា ការ​កំណត់​ឱ្យ​មាន​ការ​បង់​ប្រាក់​បន្ថែម​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​នេះ ក៏​អាច​នឹង​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​មាន​ការ​ខ្លាច​រអា​ក្នុង​សម្រេច​ចិត្ត​ដំឡើង​ប្រព័ន្ធ​សូឡា ដោយសារ​តែ​ពួកគេ​គិត​ថា​ នៅ​ពេល​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណា​យ​ថ្លៃ​អគ្គិសនី​បាន​មួយ​កម្រិត៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG