សមាជិករដ្ឋសភារបស់ស.រ.អា.មានប្រវត្តិចម្រុះគ្នាគឺមានមេធាវី មានវេជ្ជបណ្ឌិត និងមានពាណិជ្ជករ។ យ៉ាងហោចណាស់ នៅក្រោយការបោះឆ្នោតនៅថ្ងៃទី ៤ ខែវិច្ឆិកានេះនឹងមានសមាជិកម្នាក់ជាសាស្រ្តាចារ្យមកពីរដ្ឋ Virginia។
ម្នាក់ជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច។ ម្នាក់ទៀតជាសាស្រ្តាចារ្យផ្នែកសង្គមវិទ្យា។ ទោះជាមានទស្សនៈនយោបាយផ្ទុយគ្នាក៏ដោយ ក៏លោកទាំងពីរមានចំណុចដូចគ្នាមួយ គឺលោកទាំងពីរបង្រៀននៅមហាវិទ្យាល័យ Randolph-Macon។
មួយសប្តាហ៍មុនការបោះឆ្នោត សាលារៀននេះបានធ្វើជាអ្នករៀបចំការពិភាក្សាដេញដោលមតិគ្នារវាងលោក David Brat នៃគណបក្សសាធារណរដ្ឋ និងលោក Jack Trammel នៃគណបក្សប្រជាធិបតេយ្យ។ លោកទាំង២ បានបញ្ចេញមតិរបស់លោករៀងៗខ្លួន ហើយក៏បានរិះគន់គ្នាទៅវិញទៅមកដែរ។ លោក David Brat បានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំជឿថា យើងត្រូវបញ្ជូនសេដ្ឋវិទូម្នាក់ទៅក្រុងវ៉ាស៊ីនតោន ទៅរដ្ឋសភា ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច និងដើម្បីរៀបចំឲ្យមានសេចក្តីទុកចិត្តឡើងវិញទៅលើស្ថាប័ននិងគុណធម៌របស់ស.រ.អា.»។
លោក Jack Trammell បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាសាស្រ្តាចារ្យសង្គមវិទ្យា បានអះអាងថា អ្វីដែលក្រុងវ៉ាស៊ីនតោនត្រូវការគឺអ្នកតែងច្បាប់ម្នាក់ដែលមានប្រវត្តិខាងវិស័យអប់រំ។
«យើងមានបញ្ហាគ្រប់គ្រាន់ហើយនៅក្នុងវិស័យអប់រំ ដូច្នេះយើងត្រូវការអ្នកគរុកោសល្យវិទ្យាបន្ថែមទៀត។ ខ្ញុំយល់ថា យើងត្រូវបញ្ជូនអ្នកគរុកោសល្យវិទ្យាម្នាក់»។
កាលពីខែមិថុនាមុន លោក David Brat បានទទួលជ័យជំនះលើមេដឹកនាំសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តគឺលោក Eric Cantor ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពាសពេញប្រទេសអាមេរិក។
លោក Robert R. Lingren ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ Randolph-Macon បានថ្លែងថា ការបោះឆ្នោតខាងមុខនេះធ្វើឲ្យសាលារៀនលោកមានសេចក្តីត្រេកអរផងនិងសេចក្តីសោកស្តាយផង។
«យើងមានសេចក្តីរំភើបចិត្តដោយមានសាស្រ្តាចារ្យពីរនាក់ឈរឈ្មោះជាបេក្ខជន ពីព្រោះលោកទាំងពីរជាមនុស្សល្អណាស់។ ខ្ញុំបាននិយាយរួចហើយថា ទោះជាអ្នកណាឈ្នះក៏ដោយ ស្រុកយើងនិងប្រទេសរបស់យើងនឹងបានទទួលផលប្រយោជន៍ពីលោកទាំងពីរនៅក្នុងរដ្ឋសភា។ តែម្យ៉ាងវិញទៀត យើងនឹងបាត់បង់សាស្រ្តាចារ្យម្នាក់»។
ទោះជាបេក្ខជនណាឈ្នះ ក៏រដ្ឋសភាលើកក្រោយនឹងមានសាស្រ្តាចារ្យម្នាក់ដែលនឹងក្លាយជាអ្នកតែងច្បាប់ នៅក្រោយការបោះឆ្នោតថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះជាមិនខាន៕
ប្រែសម្រួលដោយកែរ យ៉ាន