ក្រោយការបញ្ចប់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ខែឧសភានេះ អាជ្ញាធរខេត្តមួយចំនួនបានប្រកាសថា ប្រជាពលរដ្ឋដែលធ្វើដំណើរទៅភូមិសាស្រ្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាកំហិត។
នេះជាវិធានការមួយរបស់អភិបាលខេត្តដែលត្រូវបានផ្តល់សិទ្ធិដោយរដ្ឋាភិបាល ក្នុងការដាក់ចេញវិធានការផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ វិធានការនេះធ្វើឡើង ខណៈករណីឆ្លងជំងឺកូវីដ១៩ មិនទាន់ស្រាកស្រាន្តនៅឡើយ ជាពិសេសនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលនៅបន្តរឹតបន្តឹងការធ្វើដំណើរ និងការចេញក្រៅផ្ទះរបស់ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធថា៖ «ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋានមកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាកំហិត»។
ចំណែករដ្ឋបាលខេត្តព្រៃវែងបានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនដែរថា សាធារណជនដែលធ្វើដំណើរមកពីរាជធានីភ្នំពេញនិងខេត្តផ្សេងៗ ចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ បន្ថែមពីនេះ អាជ្ញាធរខេត្តនេះក៏បានអះអាងថា ពួកគេត្រូវយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ ទៀតផង។ ប៉ុន្តែរដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា សម្រាប់ការធ្វើដំណើរឆ្លងកាត់ ប្រជាពលរដ្ឋអាចធ្វើបានដោយសេរី។
អភិបាលរងខេត្តត្បូងឃ្មុំនិងជាអ្នកនាំពាក្យ លោក កេង ប៊ុនណា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា វិធានការតម្រូវឲ្យធ្វើចត្តាឡីស័កនេះ អាចមានរយៈពេលដល់ទៅ ២ សប្តាហ៍ ដោយសារខ្លាចមានករណីឆ្លងនាំចូលពីទីតាំងផ្សេងៗ។ លោកបន្ថែមថា ការធ្វើចត្តាឡីស័កអាចធ្វើនៅផ្ទះផ្ទាល់ខ្លួនរបស់បុគ្គលនោះ ឬនៅកន្លែងដែលត្រូវបានរៀបចំដោយអាជ្ញាធរខេត្ត។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងទេ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងខ្លួនឯង គឺជាអ្នករាយការណ៍មកយើងជាអាជ្ញាធរតែម្តង ព្រោះគាត់នៅហ្នឹង គាត់ជាភ្នែកជាច្រមុះ គិតពីសុវត្ថិភាពរបស់គាត់ដែរ»។
លោកបន្ថែមថា៖ «បាទយើងមើលតាមជាក់ស្តែង បើយើងចេះតែដាក់ទាំងអស់ ក៏យើងមិនងាយដែរ»។
អភិបាលរងខេត្តត្បូងឃ្មុំរូបនោះបញ្ជាក់ថា អ្នកដែលចូលមកស្នាក់នៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ក្នុងខេត្ត មន្ទីរទេសចរណ៍បានណែនាំឲ្យម្ចាស់អាជីវកម្មពិនិត្យអត្តសញ្ញាណ និងសុខភាពរបស់អ្នកចូលមកស្នាក់នៅឲ្យបានល្អិតល្អន់ជាទីបំផុត។
លោកបន្ថែមថា៖ «បើសិនជាយើងបិទស្លុងតែម្តង ក៏វាមិនកើតដែរ។ ប៉ុន្តែយើងឲ្យម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ហ្នឹង ត្រូវចេះប្រយ័ត្នប្រយែង ត្រូវជួយ ព្រោះអាហ្នឹងតែកើតហើយ វាពិបាកទាំងអស់គ្នា»។
ចំណែកអភិបាលរងខេត្តព្រៃវែងនិងជាអ្នកនាំពាក្យ លោក ចាន់ ថា បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទាន់ទៅលេងស្រុកកំណើតរបស់ខ្លួន បើមិនចាំបាច់ និងដើរកម្សាន្តនៅពេលនេះ ដោយសារបារម្ភឆ្លងជំងឺកូវីដ១៩ ខណៈករណីឆ្លងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មិនទាន់ថយចុះនៅឡើយ។
លោកប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា៖ «យើងប្រើពាក្យមួយថា បើមិនចាំបាច់ សូមឲ្យនៅផ្ទះ។ យើងប្រើគោលការណ៍មួយរបស់ប្រមុខរាជរដ្ឋាភិបាល គឺបីកុំ បីការពារ។ បើគាត់យកចំណុចនេះឲ្យច្បាស់ ដូចម្តេចដែលហៅថាការចាំបាច់នោះ គាត់អាចចូលរួមទប់ស្កាត់ការរីករាលដាល»។
លោកបន្ថែមថា៖ «យើងធ្វើសម្រាប់អ្នកដែលចូលមកភូមិសាស្រ្តខេត្តព្រៃវែងតែប៉ុណ្ណោះ។ ចំពោះអ្នកដំណើរឆ្លងកាត់ យើងមិនមានជាការធ្វើអ្វីទេ។ អាហ្នឹង វាជាសិទ្ធិរបស់គាត់។ សំខាន់អ្នកដែលមករស់នៅក្នុងមូលដ្ឋានយើងវិញ រយៈពេលខ្លី ឬក៏រយៈពេលវែង»។
ចំណែកអាជ្ញាធរខេត្តព្រះសីហនុតម្រូវឲ្យអ្នកចូលភូមិសាស្រ្តខេត្តរបស់ខ្លួន ទាល់តែមានបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ លិខិតបញ្ជាក់សុខភាពថា មិនមានជំងឺកូវីដ១៩ និងលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ។ នេះបើយោងតាមលិខិតចុះហត្ថលេខាដោយអភិបាលខេត្ត លោក គួច ចំរើន នៅថ្ងៃទី ៦ ខែឧសភា។
ទោះជាយ៉ាងណា នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តដែលតម្រូវឲ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនោះ កែសម្រួលការសម្រេចរបស់ខ្លួនឡើងវិញ។ លោកថា ការធ្វើចត្តាឡីស័កគឺធ្វើឡើងតែលើអ្នកដែលសង្ស័យមានជំងឺកូវីដ១៩ បានហើយ។ លោកបញ្ជាក់ថា វិធានការតម្រូវឲ្យធ្វើចត្តាឡីស័ក នឹងធ្វើឲ្យប៉ះពាល់ដំណើរការសេដ្ឋកិច្ចរបស់ប្រជាជន ហើយវាជាសេចក្តីសម្រេចមួយ «ជ្រុលហួសនាំទៅដល់ការរំខានជីវភាពរបស់ប្រជាពលរដ្ឋ»។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសារជាសំឡេងមួយថា៖ «អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចរួចហើយ ត្រូវកែប្រែសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះ មិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក ដែលនាំទៅដល់ការធ្វើចត្តាឡីស័កដែលជៀសវាងមិនបាននោះទេ»។
លោក ហ៊ុន សែន បន្តថា មិនចាំបាច់តម្រូវឲ្យអ្នកធ្វើដំណើរដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីរដងរួចមកហើយ ទើបអាចចូលភូមិសាស្រ្តរបស់ខ្លួននោះទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា ប្រជាពលរដ្ឋមិនទាន់ដឹងព័ត៌មានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងការធ្វើចត្តាឡីស័ក ជាពិសេសវាបង្កការលំបាកសម្រាប់ពលរដ្ឋដែលធ្វើដំណើរទៅខេត្ត ដើម្បីបំពេញការងាររយៈពេលខ្លី។
លោកមានប្រសាសន៍ថា៖ «ប្រហែលជាការអនុវត្តនៅតាមខេត្តមួយៗ ដែលព័ត៌មាន វាមិនទាន់បានច្បាស់លាស់នេះ វាជាការលំបាក ហើយប្រឈមខ្លាំងសម្រាប់អ្នកដែលធ្វើដំណើរ ហើយនឹងអាចមានគាត់រកាំចិត្តជាមួយនឹងការតម្រូវឲ្យធ្វើចត្តាឡីស័កអីផ្សេងៗ»។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៥០ នាក់បន្ថែមទៀត និងករណីស្លាប់ ៤ នាក់ ដែលនាំឲ្យករណីស្លាប់សរុបនៅទូទាំងប្រទេសមានចំនួន ១១៤ នាក់៕