ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន​សូម៉ាលី ​ប្តូរ​ចូល​ជំរំ​ថ្មី​ក្នុង​ប្រទេស​កេនយ៉ា


តង់​ស្នាក់​នៅ​​ក្នុង​​ជំរំ​របស់​អង្គការ​ UNHCR's Ifo Extension នៅ​ខាង​ក្រៅ​​ទីក្រុង​​ Dadaab,​​ខាង​កើត​​ប្រទេស​​កេនយ៉ា​ដែល​​មាន​​ចម្ងាយ​​មួយ​រយ​​គីឡូម៉ែត្រ​​ពី​​ព្រំដែន​​ប្រទេស​​សូម៉ាលី​ ថ្ងៃសុក្រ​​ ទី៥​ ខែ​សីហា​​ ឆ្នាំ​២០១១។
តង់​ស្នាក់​នៅ​​ក្នុង​​ជំរំ​របស់​អង្គការ​ UNHCR's Ifo Extension នៅ​ខាង​ក្រៅ​​ទីក្រុង​​ Dadaab,​​ខាង​កើត​​ប្រទេស​​កេនយ៉ា​ដែល​​មាន​​ចម្ងាយ​​មួយ​រយ​​គីឡូម៉ែត្រ​​ពី​​ព្រំដែន​​ប្រទេស​​សូម៉ាលី​ ថ្ងៃសុក្រ​​ ទី៥​ ខែ​សីហា​​ ឆ្នាំ​២០១១។

អគ្គ​ស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ និ​យាយ​ថា​ ខ្លួន​នឹង​ចាប់ផ្តើម​បញ្ជូន​គ្រួសារ​ជនភៀសខ្លួន​សូម៉ាលី​ចូល​ក្នុង​តំបន់​ថ្មី​មួយ​នៃ​ជំរុំ​ជនភៀស​ខ្លួន​ Dadaab​ដែល​ពោពេញ​ទៅដោយ​មនុស្ស​នៅក្នុង​ប្រ​ទេស​កេន យ៉ា។ ទី​កន្លែង​ថ្មី​ ដែល​គេស្គាល់​ថា​ Kambioos​ នៅជិត​ជំរុំ ​Hagadera ​ដែល​ជា​ជំ​រំ​ជនភៀសខ្លួន​មួយ​នៃ​ជំរំ​ជនភៀសខ្លួន​ចំនួន​បី​នៃ​តំបន់​ Dadaab។

ជនជាតិ​សូម៉ាលី​ជាង​៧​ម៉ឺន​នាក់​ដែល​រត់​គេចខ្លួន​ពី​ការរាំងស្ងួត​ ទុរ្ភិក្ស​ហើយនឹង​ជម្លោះ​បាន​ទៅដល់​ជំរុំ ​Dadaab ​នៃ​ប្រទេស​កេនយ៉ា​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​កន្លង​ មកនេះ​ ដោយ​ធ្វើឲ្យ​មាន​មនុស្ស​ទាំងអស់​ឡើង​ទៅដល់​ប្រហែល​បួន​សែន​បួន​ម៉ឺន​ នាក់។ ចំនួន​មនុស្ស​ដែល​ហូរចូល​ថ្មី ​បន្ថែម​ស្ថានភាព​ដ៏​ច្របូក​ច្របល់​នៅ​ក្នុង​ជំរំ​ ជនភៀសខ្លួន​ដែល​ពោពេញ​ទៅដោយ​មនុស្ស​នោះ។

នៅពេល​ដែល​ជំរំ​ Dadaab​ បាន​កសាង​កាលពី​២០​ឆ្នាំ​មុន​ ជំរុំ​នោះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ផ្ទុក​មនុស្ស​ប្រហែល​៩​ម៉ឺន​នាក់។ ចាប់តាំង​ពីពេល​នោះមក​ ជំរុំ​នោះ​បាន​រីកកាន់​តែធំ​ដោយ​ក្លាយ​ជា​ជំរំ​ជនភៀសខ្លួន​ដ៏​ធំ​បង្អស់​របស់​ពិភពលោក​ ហើយ​ក្រៅពី​មនុស្ស​ ឥឡូវ​នេះ ​វា​បាន​ក្លាយជា​ទីក្រុង​ដ៏​ធំ​ទីបួន​របស់​ប្រទេស​កេនយ៉ា។

លោក​ Adrian ​Edwards​ អ្នកនាំពាក្យ​របស់​អង្គការ ​UNHCR​ និយាយ​ថា​ជំរុំ​នោះ​ កំពុង​ពោរពេញ​ទៅដោយ​ជនភៀសខ្លួន​ហើយ​មិន​អាច​ផ្ទុក​ជនភៀសខ្លួន​ទៀត​ទេ។ ដូច្នេះ ​អ្នក​មកដល់​ថ្មី​ត្រូវ​គេ​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​ស្ថានភាព​កខ្វក់​ បណ្តោះ​អា​សន្ន។

លោក​និយាយ​ទៀត​ថា​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​ធ្វើការ​ដើម្បី​សម្រួល​វិបត្តិ​នៃ​ការតាំង​ទីលំនៅ​ដោយ​ការផ្ទេរ​ជន​ភៀស​ខ្លួន​សូម៉ាលី​ដែល​មកដល់​តំបូង​រាប់​ពាន់​គ្រួសារ​ទៅក្នុង​កន្លែង​ថ្មី ​ដែល​គេ​គ្រោង​ផ្ទុក​មនុស្ស​ជាង​៩​ម៉ឺន​នាក់។

«តង់ស្នាក់​នៅ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នឹង​ត្រូវ​បង្កើត​ហើយនឹង​ផ្តល់​ទីកន្លែង​ស្នាក់​នៅ​និង​សេវាកម្ម​ដល់​មនុស្ស​ជាច្រើន​ដែល​ត្រូវការ។ ឥឡូវនេះ​ យើង​មើល​ឃើញ​មនុស្ស​១​ពាន់​៥​រយ​នាក់​ជា​មធ្យម​បាន​មកដល់​ជា​រៀង​រាល់ថ្ងៃ។​មនុស្ស​ជា​ច្រើន​បាន​តាំង​ទីលំនៅ​ដោយ​ការស្ម័គ្រចិត្ត​នៅ​ខាងក្រៅ​ជំរុំ​Ifo​, Dagahaley ​និង​ Hagadera​ ដែល​ជា​ជំរំ​សង់​បី​ទៀត។ ដោយសារ​ត្រូវការ​ម្ហូប​អាហារ​និង​ទឹក​ អ្នក​មក​ដល់​ថ្មី​ទាំង​នោះ​ ត្រូវការ​ជា​បន្ទាន់​នូវ​ទីកន្លែង​រស់នៅ ​ជំនួយ​ថ្នាំ​ពេទ្យ​ហើយ​នឹង​ជំនួយ​សំខាន់​ផ្សេង​ៗ​ទៀត។»

ក្នុង​ខណៈ​នោះ​ដែរ​ លោក​ Edwards ​និយាយ​ថា ​ការតាំងទីលំ​នៅ​ថ្មី​របស់​ជន​ភៀស​ខ្លួន​ក្នុង​ជំរំ​ថ្មី ​Ifo iii​ Extension ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី២៥ ​កក្កដា​ កំពុង​បន្ត។

លោក​និយាយ​ទៀត​ថា ​រហូត​មកទល់​ពេលនេះ​ ជន​ភៀសខ្លួន​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បាន​រើ​ទៅកាន់​ជំរំ​នោះ។

មនុស្ស​ជាង​១២​លាន​នាក់​បាន​ប្រឈមុខ​ការអត់ឃ្លាន​និង​ការស្លាប់​ដោយការ​ដាច់​ពោះ​អត់​អាហារ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត។ អង្គការ​ UNHCR​ ហៅ​ការរាំ​ង​ស្ងួត​ដែល​កំពុង​ចាប់ច្បាម​ប្រទេស​អេត្យូពី​ កេនយ៉ា ​ Djibouti ​និង​សូម៉ាលី​ ដែល​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅក្នុង​ពិភពលោក។ ប្រទេស​សូម៉ាលី​ជាពិសេស​ទទួល​រង​ការប៉ះ​ទង្គិច​ដ៏​ខ្លាំង។ អង្គការ​សហប្រជាជាតិ ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​តំបន់​ជាច្រើន​ក្នុង​ប្រទេស​សូម៉ាលី​ខាងត្បូង​និង​កណ្តាល​ជា​តំបន់​ទុរ្ភិក្ស៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG