សិល្បករពីររូបមកពីប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ឈ្មោះ Syahrulfikri Salleh និង Lolli Park បានសហការគ្នាបើកវិចិត្រសាលស្ទីឌីយ៉ូ មួយឈ្មោះ «Nowhere»នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីមួយក្នុងចំណោមគម្រោងកម្មវិធីជាច្រើនរបស់វិចិត្រសាលដែលទើបបានរៀបចំថ្មីៗនេះ គឺការប្តូរសិល្បៈមួយដុល្លារដែលរៀបចំជាសកម្មភាពសិល្បៈសង្គមមួយ ដើម្បីឲ្យមនុស្សគ្រប់គ្នា និងគ្រប់វ័យអាចចូលរួមបាន ដោយមានការជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែកើតមកមានសិល្បៈ។ អ្នកចូលរួមម្នាក់ៗ ត្រូវចំណាយប្រាក់មួយដុល្លារដើម្បីទទួលបានឧបករណ៍ និងសម្ភារៈ និងសូម្បីតែការបំផុសគំនិត។ នៅពេលបញ្ចប់វគ្គ អ្នកចូលរួមនឹងដូរយកស្នាដៃសិល្បៈរបស់ខ្លួនជាមួយស្នាដៃរបស់អ្នកផ្សេងម្នាក់ទៀត។ វិចិត្រសាលនេះ បើកបម្រើជាកន្លែងឯករាជ្យដើម្បីការសិក្សារៀនសូត្រ រួមសហការ និងការជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយមានសកម្មភាពនិងព្រឹត្តិការផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។