ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សឺរាំង "Smart" បញ្ឈប់​​ជំងឺ​ឆ្លង​ផ្តាច់​ផ្តិល​ជីវិត


រូបថតឯកសារ៖​ គិលានុបដ្ឋាយិការ​បូម​សំណាក​ឈាម​សម្រាប់​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ឥតគិត​ថ្លៃ​ នៅ​ក្នុង​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៤។
រូបថតឯកសារ៖​ គិលានុបដ្ឋាយិការ​បូម​សំណាក​ឈាម​សម្រាប់​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ឥតគិត​ថ្លៃ​ នៅ​ក្នុង​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៤។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាប់​ផ្តើម​យុទ្ធនាការ​ទូទាំង​សាកល​លោក​មួយ​ដើម្បី​លុប​បំបាត់​ការ​ប្រើ​ប្រាស់​សឺរាំង​ និង​ម្ជុល​គ្មាន​អនាម័យ​ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ឆ្លង​សាហាវៗ​ដល់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ គម្រោង​ផ្តួច​ផ្តើមថ្មី​របស់ ​WHO​ មាន​គោល​ដៅ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ផ្សេងៗ​ ដោយ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​សឺរាំង ​“Smart” ​ដែល​អាច​ប្រើ​ប្រាស់​បាន​តែ​ម្តង​ប៉ុណ្ណោះ។

ការ​ចាក់​ថ្នាំ​គឺ​ដើម្បី​ព្យាបាល​ជំងឺ​ និង​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ។ ហើយ​ភាគ​ច្រើន​ការ​ចាក់​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព។​ ប៉ុន្តែ​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ព្រមាន​ថា ការ​ចាក់​ថ្នាំ​ជាង​១៦​ពាន់លាន​ករណី​ ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​បាន​បណ្តាល​ឲ្យ​មាន​ជំងឺ​ឆ្លង​ដ៏​សាហាវ​ជា​ច្រើន ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​សឺរាំង​ និង​ម្ជុល​ដែល​ប្រើ​ប្រាស់​រួច​ហើយ​ម្តង​ទៀត។

អង្គការ​ WHO ​រាយ​ការណ៍​ថា ១០ភាគរយ​នៃ​ការ​ចាក់​ថ្នាំ ដូច​ជា​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​ការ​បូម​ឈាម និង​ការ​ចាក់​ថ្នាំ​ពន្យា​កំណើត​ជាទូទៅ​មាន​សុវត្ថិភាព។ បញ្ហា​គឺ​ឋិត​នៅ​លើ​ការ​ចាក់​ថ្នាំ​៩០ភាគរយ​ទៀត ដូច​ជា​ការ​ចាក់​ថ្នាំ​តាម​សាច់​ដុំ ឬ​តាម​ស្បែក។ អង្គការ WHO ឲ្យ​ដឹង​ថា ការ​ចាក់​ថ្នាំ​បែប​នេះ​មិន​ចាំ​បាច់​ទេ ហើយ​អាច​ជំនួស​ដោយ​ការ​លេប​ថ្នាំ​បាន។

លោក​ Gundo Aurel Weiler ​អ្នក​សម្រប​សម្រួល​មន្ទីរ​ជំងឺ HIV/AIDS របស់​អង្គការ​ WHO​ ព្រមាន​ថា ការ​ចាក់​ថ្នាំ​បែប​នេះ​នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ទេ ហើយ​កំពុង​បណ្តាល​ឲ្យ​មាន​ជំងឺ​ឆ្លង​សាហាវៗ​ជា​ច្រើន​ករណី​នៅ​ទូទាំង​ពិភពលោក។

«យើងបាន​ដឹងថា​ជំងឺ​ថ្លើម​ប្រភេទ B ចំនួន​១លាន ៧សែន​ករណី និង​ជំងឺ​ថ្លើម​ប្រភេទ C ចំនួន​៣០ម៉ឺន​ករណី អាច​បណ្តាល​មក​ពីការ​ចាក់​ថ្នាំ​ដោយ​គ្មាន​សុវត្ថិភាព។ ដូច្នេះ នេះ​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​ថ្លើម។ នៅ​ឆ្នាំ២០០០ មាន​ការ​ប៉ាន់​ស្មាន​ថា ១០ភាគរយ​នៃ​ការ​ឆ្លង​មេរោគ HIV បាន​បង្ក​ឡើង​ដោយ​សារ​ការ​ចាក់​ថ្នាំ​ដោយ​គ្មាន​សុវត្ថិភាព។ ហើយ​នៅ​ឆ្នាំ២០១០ ករណី​នេះ​ធ្លាក់​ចុះ​មក​នៅ​ប្រមាណ​១ភាគរយ ហើយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ច្បាស់​លាស់​នៃ​ការ​ឆ្លង​មេរោគ HIV ដែល​បង្ក​ឡើង​តាមរយៈ​ការ​ចាក់​ថ្នាំ​ដោយ​គ្មាន​សុវត្ថិភាព ដោយសារ​តែ​គោល​នយោបាយ​ចាក់​ថ្នាំ​ដោយ​សុវត្ថិភាព‍»។

ប៉ុន្តែ លោក​វេជ្ជបណ្ឌិត ​Weiler​ កត់​សម្គាល់​ថា​ បើ​ទោះ​បី​ជា​មាន​ការ​វិវត្ត​ទៅ​មុខ​ក៏​ដោយ ក្នុង​មួយ​ឆ្នាំៗ មនុស្ស​ប្រមាណ​៣ម៉ឺន ៣ពាន់ ៨រយនាក់​នៅ​តែ​ឆ្លង​មេរោគ HIV ដោយ​សារ​តែ​ការ​ចាក់​ថ្នាំ​ដោយ​គ្មាន​សុវត្ថិភាព។ លោក និយាយ​ថា ជំងឺ​ឆ្លង​សាហាវៗ​ត្រូវ​បាន​ចម្លង នៅ​ពេល​ដែល​សឺរាំង និង​ម្ជុល​គ្មាន​អនាម័យ​យក​ទៅ​ប្រើ​ជាមួយ​អ្នក​ជំងឺ​ច្រើន​នាក់។

គ្រោះ​ថ្នាក់​ទាំង​នេះ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ ការ​ចាក់​ថ្នាំ​ដោយ​គ្មាន​សុវត្ថិភាព​នេះ​ក៏កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភព​លោក​ដែរ។

អង្គការ​ WHO ​ឲ្យ​ដឹង​ថា ដំណោះស្រាយ​សម្រាប់​អ្នក​ជំងឺ​រាប់​លាន​នាក់​ទាំង​នៅ​ប្រទេស​ជឿនលឿន និង​ប្រទេស​ក្រីក្រ គឺ​ដូច​គ្នា។ មនុស្ស​រាប់​លាន​នាក់​អាច​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ​បាន តាមរយៈ​ការ​ប្រើ​ប្រាស់​សឺរាំង ​“Smart”​ ដែល​អាច​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ។

មាន​គំរូ​ជាច្រើន​នៃ​ការ​ប្រើ​ប្រាស់​សារ៉ាង​"smart" នេះ។ សឺរាំង​ខ្លះ​នឹង​ធ្វើ​ឲ្យ​បែក​សន្ទះ​សារ៉ាង ក្រោយ​ពេល​ចាក់​ថ្នាំ​រួច។ សឺរាំង​ខ្លះ​ទៀត​មាន​គន្លឹះ​ដែក​មួយ ដែល​មិន​ឲ្យ​សន្ទះ​សារ៉ាង​រត់​ចុះ​ក្រោម​ម្តង​ទៀត ឬ​ម្ជុល​ដែល​រត់​ចូល​ក្នុង​សារ៉ាង​វិញ ក្រោយ​ពេល​ចាក់​ថ្នាំ​រួច។

លោក​ស្រី Lisa Hedman ​បុគ្គលិក​មន្ទីរ​ផលិត​ថ្នាំ និង​សុខភាព​របស់​អង្គការ WHO ឲ្យ​ដឹង​ថា អង្គការ WHO មិន​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​សឺរាំង​ថ្មី​ណា​មួយ​ទេ ពីព្រោះ​ថា ការ​ចាក់​ថ្នាំ​ទាំងអស់​គឺ​មាន​លក្ខណៈ​ខុស​គ្នា។ លោក​ស្រី មាន​ប្រសាសន៍​ថា សឺរាំង​នីមួយៗ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា។

‍«មាន​បច្ចេកវិទ្យា​ថ្មី​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ មូលហេតុ​គឺ​ដោយ​សារ គ្មាន​ដំណោះ​ស្រាយ​តែ​មួយ​ដើម្បី​បញ្ហា​ទាំង​អស់​នោះ​ទេ។ ប៉ុន្តែ យើង​អាច​និយាយ​ដោយ​ទូលាយ​ថា យើង​នឹង​ពង្រឹង​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ពេទ្យ​ទាំង​អស់ ដើម្បី​ធានា​ថា គ្មាន​ការ​ប្រើ​ប្រាស់​សឺរាំង​ម្តង​ហើយ​ម្តង​ទៀត និង​ធានា​ថា​ឧបករណ៍​ទាំង​នោះ​គឺ​ប្រើ​ប្រាស់​ត្រូវ​គោលដៅ​របស់​វា»។

ក្នុង​ចន្លោះ​ឆ្នាំ២០០០ និង២០១០ យុទ្ធនាការ​ចាក់ថ្នាំ​ដោយ​សុវត្ថិភាព​របស់​អង្គការ WHO បាន​វិវត្ត​ទៅ​មុខ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់។ យុទ្ធនាការ​នេះ​បាន​នាំ​មក​នូវ​ការ​ថយ​ចុះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ចាក់​ថ្នាំ​ដែល​ប្រើ​រួច​ចំនួន​៧ដង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

គោល​បំណង​នៃ​គម្រោង​ផ្តួចផ្តើម​ថ្មី​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំង​អស់​ប្រើ​ប្រាស់​សឺរាំង "Smart" ទាំង​អស់​នេះ​ឲ្យ​បាន​គ្រប់​គ្នាៗ​នៅ​ឆ្នាំ២០២០ លើក​លែង​តែ​ក្នុង​ករណី​ពិសេស​មួយ​ចំនួន​តូច។ អង្គការ WHO កំពុង​តែ​អំពាវ​នាវ​ឲ្យ​សហគ្រាស​ទាំង​អស់​ផលិត​ឧបករណ៍​ចាក់​ថ្នាំ​បែប​នេះ។

សារ៉ាង​គ្មាន​សុវត្ថិភាព​មាន​តម្លៃ​ប្រមាណ៣​ទៅ៤​សេន​ដុល្លារ​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ។ សឺរាំង "Smart" ថ្មី​នេះ​នឹង​មាន​តម្លៃលើស​ពី​នេះ​ប្រមាណ​ពីរ​ដង។ ប៉ុន្តែ អង្គការ WHO ជឿ​ថា តម្លៃ​នេះ​នឹង​ធ្លាក់​ចុះ ខណៈ​ដែល​តម្រូវការ​កើន​ឡើង៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG