លោក Raghav Mathur តារាចម្រៀងជនជាតិកាណាដា សញ្ជាតិឥណ្ឌា រៀបរាប់ពីចម្រៀងរបស់គាត់ថាជាចម្រៀងប៉ុបមួយបទដែលមិនបារម្ភពីការរិះគន់អ្វីនោះទេ។ នាពេលថ្មីៗនេះ បទចម្រៀងរបស់លោកដែលមានចំណងជើងថា «រហូតដល់ព្រះអាទិត្យរះ» ឬជាភាសាអង់គ្លេសថា «Until the Sun Comes Up» ត្រូវបានយកមកប្រើដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសក្នុងទ្វីបអាហ្រ្វិក។
ប្រសិនបើអ្នកបានស្ដាប់ពាក្យពេចន៍នៃបទចម្រៀង «រហូតដល់ព្រះអាទិត្យរះ» របស់តារាចម្រៀង Raghav ដែលជាជនជាតិកាណាដារួបនេះ លោកអ្នកអាចគិតថា វាគ្រាន់តែជាបទភ្លេងប៉ុបដែលមានលក្ខណៈរាំរែកមួយបទធម្មតាប៉ុណ្ណោះ។ លោកអ្នកនឹងមិននឹកស្មានដល់ថា វាកំពុងជួយផ្លាស់ប្តូរជីវិតរបស់កុមារនៅក្នុងភូមិតូចមួយនៅទ្វីបអាហ្រ្វិកនោះទេ។
លោក Raghav បាននិយាយថា ពេលគាត់ដឹងថាបច្ចុប្បន្ននេះមានមនុស្សច្រើនជាង១.០០០លាននាក់ ដែលកំពុងរស់នៅក្នុងពិភពលោកដោយគ្មានអគ្គិសនី គាត់ចង់ជួយមនុស្សទាំងនោះ។ លោកបានលើកឡើងថា៖
«មានមនុស្ស១.៣០០លាននាក់ដែលគ្មានថាមពលអគ្គិសនីប្រើប្រាស់ ដូច្នេះនៅពេលដែលខ្ញុំលើកឡើងពីចំនួននោះ មនុស្សទូទៅយល់ថា អ្វីដែលខ្ញុំនិយាយជាចំនួនមនុស្សខ្ទង់លានតែប៉ុណ្ណោះ ប៉ុន្តែការពិតទៅ គឺមានមនុស្សមួយភាគប្រាំមួយនៅលើភពផែនដីយើងនេះគ្មានថាមពលអគ្គិសនីប្រើប្រាស់ទាល់តែសោះ។ ទាល់តែលោកអ្នកទៅទីនោះ ហើយធ្វើអ្វីមួយលើសពីការដើរលេងធម្មតា នោះទើបលោកអ្នកអាចជួបប្រទះ ឬស្ដាប់រឿងរ៉ាវផ្សេងៗ និងបទពិសោធន៍អវិជ្ជមានដែលកើតឡើងដោយសារការប្រើប្រាស់ប្រេងកាត នៅពេលនោះហើយដែលលោកអ្នកពិតជាអាចយល់ពីផលប៉ះពាល់របស់វាបានទាំងស្រុង»។
ដូច្នេះហើយ លោកបានចាប់ដៃគូជាមួយនឹងអង្គការ SolarAid ដែលជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលប្តេជ្ញាថានឹងលុបបំបាត់ចង្កៀងប្រេងកាត ហើយនិងចែកជូនអំពូលភ្លើងប្រើថាមពលព្រះអាទិត្យចំនួន៣២០ ដល់កុមារក្នុងវ័យសិក្សានៅក្នុងប្រទេសតង់សានី (Tanzania)។
លោក Raghav បាននិយាយថា លោកទទួលបានគំនិតនេះ តាមរយៈការមើលវីដេអូចាស់មួយនៅលើ គេហទំព័រ YouTube។
«ពួកគេបានយកទឹកមួយធុង ហើយយកវាទៅដាក់ក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា បង់ក្លាដែស ឬកន្លែងណាមួយដែលជាភូមិក្រីក្រ ហើយបន្ទាប់មក ពួកគេបានដាក់អំពូលមួយចូលទៅក្នុងធុងនោះ។ មនុស្សដំបូងមួយចំនួន បានសម្លឹងមើលទៅអំពូលភ្លើងនោះ ហើយសួរថា តើវត្ថុអ្វីត្រូវគេដាក់នៅទីនេះ? ហើយនៅក្នុងវីដេអូ YouTube នោះទាំងស្រុង អ្នកឃើញមនុស្សចាប់ផ្តើមដើរទៅកាន់អំពូលភ្លើងនៅក្នុងធុងនោះ និងលេងជាមួយវាដោយក្តីសេចក្ដីសប្បាយរីករាយដែលកើតចេញពីការលេងអំពូលនោះ។ ខ្ញុំគិតថា វាគឺជាវិធីដ៏ល្អមួយក្នុងការបង្ហាញពីភាពរីករាយ ប្រសិនបើយើងអាចដាក់បញ្ចូលខ្លឹមសារនេះចូលទៅក្នុងបទចម្រៀងប៉ុបមួយបទ»។
លោក Raghav បានសហការជាមួយលោក Nelly ដែលជាតារាចម្រៀង Rap និងលោក Abhishek Bachchan ដែលជាតារាបូលីវូដ ហើយពួកគេបានថតពីប្រតិកម្មរបស់កូនសិស្សនៅពេលដែលពួកគេទទួលបានអំពូលភ្លើងនោះ។ តារាចម្រៀងរូបនេះបានអះអាងថា ភាពរីករាយដែលយើងឃើញនៅក្នុងវីដេអូនោះ គឺជាការពិតដោយគ្មានការរៀបចំទុក ឬការបង្រៀនឲ្យធ្វើបែបនោះឡើយ។
«គំនិតរបស់ប្រជាជនទាំងនោះគឺថា នៅក្នុងផ្ទះរបស់ពួកគេ ឬនៅក្នុងសាលារៀន គេត្រូវប្រើប្រាស់ប្រេងកាត។ ហើយនៅពេលដែលព្រះអាទិត្យលិចបាត់ទៅ នោះហើយជាចំណុចសំខាន់បំផុតនៃវីដេអូនេះ។ ពួកគេហាក់ដូចជាបានចាប់ផ្តើមជប់លៀងរំាលេងយ៉ាងសប្បាយអញ្ចឹង។ ផ្នែកនេះមិនត្រូវបានតាក់តែងឡើងដើម្បីថតវីដេអូបទចម្រៀងនោះទេ។ គឺពួកគេកំពុងរាំលេងយ៉ាងសប្បាយអស្ចារ្យពិតប្រាកដមែន»។
អំពូលភ្លើងនេះនឹងជួយកូនសិស្សឲ្យសិក្សាបានប្រមាណជាង៣៧៥.០០០ម៉ោង ហើយអាចជួយសន្សំប្រាក់របស់ឪពុកម្តាយរបស់ពួកគេបានជិត៦០.០០០ដុល្លារ ដែលប្រាក់នេះនឹងត្រូវបានចំណាយលើប្រេងកាត និងទៀនសម្រាប់ឲ្យពួកគេរៀនសូត្របើសិនជាគ្មានអំពូលភ្លើងនេះទេ។ លោក Raghav បាននិយាយថា លោកសង្ឃឹមថា វីដេអូនេះនឹងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការថាមពលអគ្គិសនីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។
លោក Raghave បាននិយាយថា៖ «មនុស្ស៦០០លាននាក់ក្នុងចំណោមមនុស្ស១.៣០០លាននាក់ ដែលគ្មានថាមពលអគ្គិសនីប្រើប្រាស់ គឺស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ជាក់ស្តែង ខ្ញុំបានធ្វើដំណើរយ៉ាងច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយខ្ញុំនឹកស្រមៃថា កន្លែងនៅសល់ដទៃទៀតដែលគ្មានថាមពលអគ្គិសនីទាំងអស់គឺស្ថិតនៅទូទាំងប្រទេសឥណ្ឌា បង់ក្លាដែស បាគីស្ថាន និងស្រីលង្កា។ ប៉ុន្ដែករណីនៅទ្វីបអាហ្វ្រិកគឺវាមានលក្ខណៈគួរឲ្យអស់សំណើចមួយ ដោយសារតែប្រជាជនទូទៅហាក់ដូចជាមិនខ្វល់ខ្វាយអំពីអ្វីដែលកើតឡើងនៅទីនោះទេ ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចផ្លាស់ប្តូរស្ថានភាពបែបនេះបាន»។
តារាចម្រៀងជនជាតិកាណាដាវ័យ៣៤ឆ្នាំរូបនេះបាននិយាយថា លោកសង្ឃឹមថា បទចម្រៀង និងវីដេអូរបស់លោកនឹងជំរុញឲ្យតន្រ្តីករផ្សេងទៀតយល់កាន់តែច្រើនអំពីបញ្ហាសង្គម ហើយនិងកាន់តែសកម្មនៅក្នុងកិច្ចការជួយសង្គម៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា