បុស្បា ប៉ាន់ ត្រៀមស្រាវជ្រាវអំពីវង់តន្ត្រីបុរាណខ្មែរ
បុស្បា ប៉ាន់ ចាប់ផ្ដើមច្រៀងនៅពេលនាងមានអាយុ៧ឆ្នាំ។ នាងចាប់ផ្ដើមនិពន្ធតន្ត្រីក្នុងវ័យជំទង់ដោយកែច្នៃដាក់បញ្ចូលគ្នាតន្ត្រីបុរាណខ្មែរនិងតន្ត្រីបុរាណលោកខាងលិច។ ឥឡូវនេះជាមនុស្សពេញវ័យអាយុ២២ឆ្នាំ បុស្បាងាកទៅចាប់អារម្មណ៍ស្វែងយល់អំពីវិស័យតន្ត្រីខ្មែរតាមរយៈការស្រាវជ្រាវ។ ការយកចិត្តទុកដាក់និងការបូជាចំពោះសិល្បៈរបស់បុស្បាតាំងពីវ័យកុមារមក ធ្វើឲ្យនាងក្លាយជាសិល្បករខ្មែរដ៏សំខាន់មួយរូប ដែលតំណាងឲ្យទ្រឹស្ដីនិងការអនុវត្តិប៉ិនប្រសប់នៃភាពច្នៃប្រឌិត។ កាលពីខែមិថុនានេះ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនិពន្ធតន្ត្រីពីសាលាភ្លេង New England Conservatory ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក បុស្បាបានចូលមកបន្ទាប់ផ្សាយរបស់ VOA ដើម្បីរៀបរាប់ពីដំណើរអាជីពជាសិល្បករ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់នាងក្នុងការស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈសិល្បៈ។