ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី ស៊ីរ៉ា​ឡេអូន តស៊ូ​ដើម្បី​​តួនាទី​ក្នុង​​នយោបាយ


លោកស្រី ខាឌី សេសាយ (Kadi Sesay) (ស្តាំ)
លោកស្រី ខាឌី សេសាយ (Kadi Sesay) (ស្តាំ)
ដោយ Nina DeVries
ប្រែសម្រួល​ដោយ​ លី​ សុខ​ឃាង
ប្រទេស ស៊ីរ៉េឡេអូន (Sierra Leone) បានរៀបចំ​ការបោះឆ្នោត​លើកទីបី​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិលពេញ​មួយ​ទសវត្សរ៍។ ប្រទេស​នេះ​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅមុខ​តាម​របៀប​មួយចំនួន។ ផ្លូវថ្នល់​មានភាព​ប្រសើរ​ជាងមុន ហើយ​ការ​ថែរក្សា​សុខភាពកំពុង​តែ​ត្រូវ​បានកែលម្អរ ប៉ុន្តែឋានៈរបស់​ស្ត្រី​ ជាពិសេសផ្នែក​នយោបាយ​ មាន​ភាព​ប្រសើរ​ឡើងយ៉ាង​យឺតៗ នៅចំពោះ​មុខ​ឧបសគ្គ​ខាងវប្បធម៌និង​សេដ្ឋកិច្ច។ Nina deVries រាយការណ៍សម្រាប់​ព័ត៌មាន​វីអូអេ ពីទីក្រុង ហ្វ្រីថោន (Freetown)។
លោកស្រី ខាឌី សេសាយ (Kadi Sesay) ធ្លាប់​ជា​មនុស្ស​ដំបូង​បង្អស់។​
លោកស្រី​ធ្លាប់​ជា​ស្ត្រី​ដំបូងបង្អស់ក្នុង​ការ​ដឹកនាំ ដេប៉ាតឺម៉ង់​ភាសា​អង់គ្លេស​នៃ​មហា​វិទ្យាល័យ ហ្វ័ររ៉ាបេ ​(Fourah Bay) នៅ​ក្នុង​រដ្ឋធានី ​ហ្វ្រី​ថោន។ លោកស្រី​ធ្លាប់​ជា​ស្ត្រី​ដំបូង​ក្នុង​ការ​ដឹកនាំ​គណៈ​កម្មការ​ជាតិដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។​ លោកស្រី​ក៏ជា​ស្ត្រី​ដំបូង ដែល​បានក្លាយ​ជា​រដ្ឋមន្ត្រីអភិវឌ្ឍន៍​និង​ផែនការ​សេដ្ឋកិច្ច​ផង​ដែរ។​
លោកស្រី​ មាន​បំណង​ចង់ក្លាយ​ជា​បេក្ខភាព​ស្រ្តីដំបូង​បំផុត​សម្រាប់​តំណែង​អនុប្រធានាធិបតី​របស់ ស៊ីរ៉ាឡេអូន នៅ​ពេល​ដែល​លោកស្រី​បានចុះ​ឈ្មោះ​ជា​បេក្ខជន​ដៃគូរ ជាមួយ​បេក្ខជន​គណបក្ស​ប្រឆាំង​ គឺ​លោក ជូលៀស ម៉ាដា បាយអូ (Julius Maada Bio) នៅ​ក្នុង​ការ​បោះឆ្នោត នៅថ្ងៃទី​១៧ ខែ​វិច្ឆិកា។​
«ឃ្លាតែមួយ​គត់​ដែល​ខ្ញុំ​មិនគ្រប់​លក្ខខណ្ឌគឺ​ថា​ ខ្ញុំ​ជា​ស្ត្រី ហើយ​ខ្ញុំ​ចេះ​តែ​សួរ​ប្រជាពលរដ្ឋ​ថា តើ​នរណា​នឹង​ធ្វើ​ការសម្រេច​ចិត្ត​ នៅ​ពេល​ដែល​ប្រទេស​នឹង​ត្រៀមខ្លួន​រួចរាល់។​ តើជា​បុរស​មែន​ទេ? ខ្ញុំ​មាន​អារម្មណ៍​អំពី​បញ្ហា​ប្រឈម​យ៉ាងពិត​ប្រាកដ ប៉ុន្តែខណៈ​ដែល​ពេល​វេលា​ធ្វើដំណើរ​ទៅមុខ យើង​បាន​ធ្វើ​យុទ្ធនាការ​យ៉ាងល្អ ហើយ​គិត​ថា សហការី​បុរស​ទាំង​អស់​របស់ខ្លុំគោរព​ខ្ញុំ»។
លោកស្រីថ្លែង​ថា​ ស្ត្រី​ដូចជា​រូប​លោកស្រី គឺ​ជាករណី​ពិសេស។ លោក​ស្រី​និយាយថា​ ស្ត្រី​ភាគ​ច្រើន​នៅ ស៊ីរ៉ាឡេអូន មិនមានលទ្ធភាព​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ទេ ហើយ​ប្រសិន​បើ​ពួកគេ​អាចឈរ​ឈ្មោះ ពួកគេ​នឹង​ប្រឈម​ទៅ​នឹង​ការ​រើស​អើង និង​ការ​ចោទប្រកាន់ពីបទ​«ប្រើ​ប្រាស់ផ្លូវ​ភេទ​ដើម្បី​ទទួលបាន​ការ​តែងតាំង»។
គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោត បានប្រាប់​វីអូអេថា គ្រាន់តែ​តម្លៃ​ក្នុងការ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ម្នាក់ មាន​ភាព​ខុសគ្នា ដោយ​ផ្អែក​ទៅតាមការ​បោះឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី រដ្ឋសភា ឬ​ក៏​តំណាង​នៅតាម​មូលដ្ឋាន ប៉ុន្តែអាចមាន​តម្លៃ​ថ្លៃ​រហូតដល់​ទៅ​២៣០​ដុល្លារ។
បើទោះ​ជាលោកស្រី ​សេសាយ និង​បេក្ខជនដៃគូ​របស់លោកស្រី គឺលោក ជូលៀស ម៉ាដា បាយអូ មិន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ​ក្តី លោកស្រី សេសាយ មាន​ប្រសាសន៍​ថា ភាព​ជឿនលឿន​ទៅមុខ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង។
«ដោយ​មានស្ត្រី​កាន់​តែ​ច្រើន​ស្ថិត​នៅ​ជួរ​ដឹកនាំ​ខាង​លើ ទំនង​ជាមាន​ស្ត្រី​វ័យ​ក្មេង​ៗ​កាន់​តែ​ច្រើន នឹង​មើល​គំរូ​តាម​ស្ត្រី​វ័យ​ចំណាស់ និង​ចង់​ចម្លង​តាមគំរូ​នេះ ហើយ​នោះ​ជា​បញ្ហា​ប្រឈម ថាតើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ដើម្បីឱ្យ​ស្ត្រី​កាន់តែ​ច្រើន ទៅកាន់​ដំណែង​កំពូល?
លោកស្រី បុណេ សេសាយ (Bonnet Sesay) ដែល​ជាម្តាយម៉េម៉ាយ ​អាច​រក​ប្រាក់​បាន​ចំនួន​១៥០​ដុល្លារក្នុង​មួយ​ខែ ដោយ​បម្រើ​ការ​ជា​អ្នក​ថែរក្សា​ផ្ទះ​សម្បែង​នៅ​ទីក្រុង ហ្វ្រី​ថោន។ លោកស្រី​ថ្លែងថា​ ជារឿយៗ បុរស​មាន​អំណាច​ជាង​ស្ត្រីនៅ​ក្នុង​ផ្ទះ និង​នៅ​កន្លែង​ធ្វើការ ហើយ​ថាលោកស្រី​សង្ឃឹម​ថា ស្ត្រី​កាន់​តែ​ច្រើន​នៅ​ក្នុង​អំណាច មានន័យ​ថា​ជា​ការ​គូសបញ្ជាក់​ធំធេង​ជាងមួយ ទៅ​លើ​បញ្ហា​ដូចជាសុខ​ភាព និង​ការអប់រំ​ជាដើម។
«​វា​នឹង​ជួយប្រជា​ពលរដ្ឋ​ទាំងឡាយ​ ដូច​ជា​រូប​ខ្ញុំ។ ខ្ញុំ​គ្មានប្តី​ទេ ខ្ញុំ​មាន​កូនពីរនាក់។ ដូច្នេះ​ប្រសិន​បើយើង​មានស្ត្រី​នៅ​ក្នុង​រដ្ឋសភា ឬ​ជា​អនុប្រធានាធិបតី ពួកគេ​អាច​ជួយ​យើង​បាន ជួយ​បញ្ជូន​បញ្ហា​របស់​យើង។ បុរស​ភាគច្រើន​នៅ​ទីនេះ កំពុង​កេង​ចំណេញ​ពី​ពួកយើង»។
ប៉ុន្តែ ក្រុម​សកម្មជន​និយាយថា មិន​មែន​គ្រប់​អ្នកនយោបាយស្ត្រី​ទាំងអស់ សុទ្ធតែ​មាន​ចំណាប់​អារម្មណ៍​ជួយ​ស្ត្រី​ផ្សេង​ៗទៀត​ឲ្យ​ទទួល​ជោគជ័យ​នោះ​ទេ។
លោកស្រី ណេម៉ាតា ម៉ាចេស វ៉ាកឃើ (Nemata Majeks-Walker) គឺ​ជា​ស្ថានិកនៃ​ក្រុម​៥០/៥០ នៅ​ស៊ីរ៉ាឡេអូន​ ដែល​ជាអង្គការ​មួយ ដែល​ជំរុញ​ឲ្យ​ស្ត្រី​មាន​វត្តមាន​កាន់​តែខ្លាំង​ឡើង​នៅ​ក្នុង​នយោបាយ។
លោកស្រី​ និយាយថា​ ការ​ជួបប្រជុំ​តូចៗរបស់​សមាជិក​រដ្ឋសភា​ស្ត្រី ត្រូវបាន​រំពឹង​ថានឹង​បញ្ចុះ​បញ្ចូលឲ្យ​មាន​ច្បាប់​ស្តីពី​សមភាព​ខាង​យេនឌើ នៅ​ឆ្នាំ​នេះ ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​កំណត់ឲ្យ​មានស្ត្រី​នៅ​ក្នុង​រដ្ឋសភា​ចំនួន​៣០ភាគរយ។ ជាជំនួស​វិញ​ ច្បាប់​នេះ​ត្រូវ​បាន​បដិសេធ​ចោល​កាល​ពី​ខែ​កញ្ញា។
«ពួកគេ​មានចំណាប់​អារម្មណ៍ផ្សេង​ អាទិភាព​ផ្សេង​ទៀតនៅ​ពេល​នោះ ដូចជា​ការ​ធ្វើ​យុទ្ធនាការ និង​ការធ្វើ​ការងារជាមួយ​សមាជិក​សភាធម្មនុញ្ញ​របស់​ពួកគេ​ ជាជាង​ផ្តល់​អាទិភាពដល់​ច្បាប់​នេះ។ ពួកគេ​បានចូល​ទៅ​ក្នុង​រដ្ឋសភារួច​ហើយ។ ខ្ញុំ​មាន​អារម្មណ៍ថា វា​ជា​មេរៀន​ដ៏ជូរចត់​សម្រាប់​ពួកគេ ដោយសារ​ស្ត្រី​ជាច្រើន​បាន​បាត់​បង់​អាសនៈ​របស់​ពួកគេ។ ប្រសិន​បើ​ពួកគេបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ ការ​នោះ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​កន្លែង​កាន់តែ​ច្រើន​នៅ​ក្នុង​រដ្ឋសភា»។
គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោតបាន​ឲ្យ​ដឹងថា មានការ​កំណើនស្ត្រី​ដ៏តិចតួច​ណាស់ ដែល​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោតនៅ​ឆ្នាំ​នេះ បើប្រៀប​ធៀប​ទៅនឹង​ការបោះឆ្នោត​កាល​ពី​លើក​មុន​នៅ​ក្នុងឆ្នាំ​២០០៧។
អ្នក​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​នេះ​ លោក គ្រីស្តូហ្វើ ចូនស៍ (Christopher Jones) ថ្លែង​ថា លោកស្រី សេសាយ ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បីនាក់ ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​អនុប្រធានាធិបតី នៅ​ក្រោម​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា។ ហើយ តួលេខ​ស្ត្រី ដែល​ឈរឈ្មោះ​សម្រាប់​សមាជិកសភា បាន​កើន​ពី​ចំនួន​៦៤កាល​ពី​ការបោះឆ្នោត​លើក​មុន ទៅ​ចំនួន​៦៧​នៅ​ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ តួលេខ​នោះ​គ្រាន់​តែ​ជា​ចំណែក​មួយ​ក្នុង​ចំណោម​បេក្ខជន​សម្រាប់​សមាជិក​សភាចំនួន​៥៨៦។
«បើ​ទោះ​ជា​មនុស្ស​មួយ​ចំនួន​និយាយថា វា​ជា​ការ​សំខាន់ ប៉ុន្តែ​ខ្ញុំ​សូមនិយាយ​ថាមាន​ការ​កើនឡើង​មែន ហើយស្ត្រី​នឹង​កាន់​តែ​រឹង​មាំឡើង​បន្តិច​ម្តងៗ។ ពួកគេនឹង​ឈាន​ដល់​កម្រិត​ភាគរយ​ដែល​ពួកគេ​កំពុង​ស្វែង​រក»។
លោក រីឆាត​ ហូវីឌ (Richard Howitt) ដែល​ជា​ប្រធាន​អ្នក​អង្កេត​មើល​ការ​បោះឆ្នោត​នៅ ស៊ីរ៉ា​ឡេអូន សម្រាប់​សហភាព​អឺរ៉ុប ថ្លែង​ថា វា​ជា​ការខកចិត្ត​មួយ ដែល​ឃើញ​មាន​ស្ត្រី​តិច​តួចនៅក្នុង​ការ​បោះ​ឆ្នោត។
«វា​ត្រូវបានចែងនៅ​ក្នុងអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ដោយ​គ្រប​ដណ្តប់​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភពលោក។ អ្វី​ដែល​យើង​ចង់​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ គឺការអប់រំ​កាន់​តែ​ច្រើនសម្រាប់​ស្រ្តី ការ​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច​កាន់​តែ​ច្រើន​ស​ម្រាប់​ស្ត្រី ដែល​នឹង​ផ្តល់​ឲ្យស្ត្រី​នូវ​មធ្យោបាយ​ផ្នែក​ហិរញ្ញវត្ថុ ដែលមាន​សារសំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត»។
ស្ត្រី​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ដូចជា ប្រទេស​រ្វាន់ដា (Rwanda) តង់ហ្សានី (Tanzania) និង សេណេហ្គាល់ (Senegal) បានបង្កើនតំណាង​របស់​ពួកគេ​យ៉ាងច្រើន ដោយ​សារ​ច្បាប់​បាន​តម្រូវ​ថា ចំនួនអាសនៈ​ជាក់លាក់​មួយចំនួន​ក្នុង​រដ្ឋសភា ត្រូវតែ​ត្រូវបាន​រក្សាទុក​សម្រាប់​ស្ត្រី ឬថាភាគរយណាមួយនៃ​បេក្ខជន​របស់​គណបក្សនីមួយៗ​ ត្រូវតែ​ជា​ស្ត្រី។
សកម្ម​ជន​ស្រ្តី​នៅក្នុង​ប្រទេស ស៊ី​រ៉ា​ឡេអូន និយាយ​ថា​ ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ដើម្បី​ទទួលបាន​ច្បាប់ស្រដៀង​គ្នា​នេះ​ដែរ៕
XS
SM
MD
LG