ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​ព្យាយាម​វិលត្រឡប់​មកវិញ​​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​សៀរ៉ាឡេអូន


ស្ត្រី⁣ម្នាក់កំពុង⁣ស្ពាយ⁣កូននៅលើខ្នង ដាក់សន្លឹក⁣ឆ្នោត⁣ក្នុងហិប នៅ Freetown ខែវិច្ឆិកា ២០១២។
ស្ត្រី⁣ម្នាក់កំពុង⁣ស្ពាយ⁣កូននៅលើខ្នង ដាក់សន្លឹក⁣ឆ្នោត⁣ក្នុងហិប នៅ Freetown ខែវិច្ឆិកា ២០១២។
ដោយ Nina deVries

ប្រែសម្រួលដោយ លី​សុខឃាង
ប្រជា​ពលរដ្ឋ​នៅ​ប្រទេស​ សៀរ៉ា​ឡេអូន (Sierra Leone) នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​ ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​និង​រដ្ឋ​សភា​ ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ទៀត​នោះទេ។ គណបក្ស​នយោបាយ​ចំនួន១០ ត្រូវ​បាន​ចុះ​ឈ្មោះ​ ហើយ​គណបក្សមួយ​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដឹកនាំ​ដោយ​អតីត​សមាជិកនៃ​ក្រុម​ឧទ្ទាម​មួយ​ ដែលបាន​ប្រយុទ្ធនៅក្នុង​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​នេះ។ Nina deVries ទទួលបាន​ប្រតិកម្ម​តប​ទៅនឹង​បញ្ហា​នេះ​ពី​ទីក្រុង​ ហ្វ្រី​ថោន (Freetown) និង​ពិនិត្យមើល​ថាតើ​គណបក្សនេះ​ អាច​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាមួយ​ដែរ​ឬទេ​ទៅ​លើក្រុម​អ្នក​បោះឆ្នោត។​
លោក អេលដ្រេ ខូលីន (Eldred Collins) គឺ​ជា​អតីត​អ្ន​ក​នាំពាក្យ​ឲ្យ​រណសិរ្ស​រួបរួម​បដិវត្តន៍ ដែល​ជាក្រុម​ឧទ្ទាម​ដែលបាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល សេរ៉ាឡេអូន នៅ​ក្នុង​សង្គ្រាម​ស៊ីវិលអស់​រយៈពេល​មួយ​ទសវត្សរ៍​កាល​ពី​ទសវត្សរ៍ឆ្នាំ១៩៩០។ ក្រុម​នេះ​មាន​ឈ្មោះ​សាហាវ​ឃោរឃៅចំពោះ​ការ​កាត់​អវយវមនុស្ស ការរំលោភ និង​ការសម្លាប់។​
កាល​ពី​ឆ្នាំ​២០០៩ មេដឹកនាំរណសិរ្ស​រួបរួម​បដិវត្តន៍ ឬហៅកាត់​ថា RUF ត្រូវ​បាន​រកឃើញ​ថាមាន​កំហុស​ ហើយ​ត្រូវ​ដាក់​ទោស​ជាប់ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។
វាមាន​រយៈពេល​១០ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​សង្គ្រាម​នេះ​បាន​បញ្ចប់​ ហើយ​លោក​ ខូលីន​ ថ្លែង​ថា​ ក្រុម​របស់​លោក​ ដែល​ឥឡូវនេះត្រូវ​បាន​ហៅ​ថា គណបក្សរណសិរ្ស​រួបរួម​បដិវត្តន៍​ ត្រៀម​ខ្លួនដើម្បី​ឈ្នះ​ការបោះ​ឆ្នោត​នៅក្នុង​ឆ្នាំ​នេះ។
នេះ​ជា​ការ​បោះឆ្នោត​លើក​ទី​បី​ហើយរបស់​ប្រទេស សៀរ៉ា​ឡេអូន​ ចាប់​តាំង​ពី​សង្គ្រាម​ ហើយ​នៅក្នុង​ការបោះឆ្នោត​លើក​ទីពី គណបក្ស​រួបរួម​បដិវត្តន៍​មាន​សមាជិក​ម្នាក់​ ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី។ លោក​ ខូលីន ថ្លែង​ថា សមាជិក​ដំបូង​គឺ​លោក ប៉ៅឡូ បាងហ្គូរ៉ា​ (Paolo Bangura)​ កាល​ពី​ឆ្នាំ​២០០២។
លោក​ ខូលីន​ និយាយថា​ បើ​ទោះ​ជា​អតីតកាល​បែបណា​ក៏ដោយ​ លោក​អាច​នាំ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ចំពោះ​ប្រទេស សៀរ៉ាឡេអូន។
«តើអ្វីខ្លះ​ដែល​រដ្ឋា​ភិបាល​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ បាន​គិត​អំពី​វ័យ​ និង​គិត​អំពី​ប្រព័ន្ធ​អប់រំ? ចូរសម្លឹង​មើល​ក្រុម​យុវជន​នៅ​ជុំ​វិញ​នេះមើល។​ ពួកគេ​រាំលេង​ដោយ​គ្មាន​ការ​ងារ​ធ្វើ និង​គ្មាន​ការ​អប់រំ។ ប្រទេស​មួយ​ដែល​មានអត្រា​អនក្ខរកម្ម​ខ្ពស់​បែបនេះ ពិបាក​នឹង​អភិវឌ្ឍណាស់។ យើង​ត្រូវ​តែ​អភិវឌ្ឍមនុស្សសិន​ ប្រសិន​បើ​យើង​ចង់​អភិវឌ្ឍ​ប្រទស»។
លោក​ ខូលីន បាន​បន្ថែម​ទៀត​ថា លោក​ដឹង​យ៉ាង​ច្បាស់​ពី​កត្តិនាមអវិជ្ជមាន​របស់​រណសិរ្ស​រួបរួម​បដិវត្តន៍។ ប៉ុន្តែ​ លោក​និយាយថា​ វា​ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវសម្លឹងមើល​ហួសពីនេះ។
«ការ​ពិត​មាន​ទាន់​បង្ហាញ​ចេញ​នៅឡើយទេ។ នៅ​ពេល​ដែល​ការ​ពិត​បង្ហាញ​ចេញមក អ្នក​នឹង​ដឹងថា ​រឿងរ៉ាង​ភាគច្រើន​បំផុត ដែលពួកគេ​បាន​និយាយអំពីរណសិរ្ស RUF គឺ​ជា​ការ​ខុសឆ្គង​។ ដូច្នេះ យើង​នឹងចុះសួរសុខទុក្ខ ពន្យល់ប្រជា​ពលរដ្ឋឲ្យ​យល់ច្បាស់ និង​អប់រំ​ប្រជា​ពលរដ្ឋ»។
គណបក្ស​រួបរួម​បដិវត្តន៍ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង ឡូមេ (Lome) ក្នុងឆ្នាំ​១៩៩៩។ កិច្ច​ព្រម​ព្រៀង​រវាងប្រធានា​ធិបតី​ដែលកាល​នោះ​គឺ​លោក អះម៉ាត់ តេជាន កាបា (Ahmad Tejan Kabbah) និង​មេដឹកនាំ​ RUF លោក​ ហ្វូដេ សាន់កូស (Foday Sankoh) បាន​ចែង​ថា ក្រុម​ឧទ្ទាម​នឹង​ទម្លាក់​អាវុធ ប្រសិន​បើ​ពួកគេ​ទទួលបាន​នូវការផ្តល់ឱ្យឱកាស​នយោបាយ។
មនុស្ស​មួយចំនួន ដូចជា​អតីត​ទាហានកុមារ លោក កាបា វីលៀម (Kabba Williams) និយាយថា គណបក្ស​នេះ​គួរ​តែ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឱកាសស្មើភាព​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ​។ លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​បង្ខំ​ឲ្យ​ប្រយុទ្ធ​ជាមួយក្រុម RUF ក្នុងវ័យ​៦ឆ្នាំ ប៉ុ​ន្តែ​ថ្លែង​ថា វា​ដល់​ពេល​ដែល​ត្រូវ​អត់ឱន និង​បំភ្លេច​ចោល​ហើយ។
«ខ្ញុំ​ជឿ​ជាក់​ថា ប្រសិន​បើ​យើង​ចង់​ពង្រឹង​ការ​ថែរក្សា​សន្តិ​ភាព​ ដែល​យើង​បាន​ខិតខំ​តស៊ូ​ យើង​ត្រូវ​តែ​លើកទឹកចិត្ត និង​ចូលរួម​ជាមួយ​គ្នា​ និង​មនុស្ស​គ្រប់​រូប»។​
លោក​ថ្លែងថា ប្រការ​នេះអាច​ជា​ឧទាហរណ៍មួយ​សម្រាប់​ប្រទេស​ក្នុងទ្វីបអាហ្រ្វិក​ដទៃទៀត​ដែរ។
«វាក៏​នឹង​ផ្ញើ​សារ​ទៅ​ឲ្យ​ប្រទេស​ដែល​ហែកហួរ​ដោយសារ​ជម្លោះ​ផ្សេង​ទៀត​ មាន​ដូចជា​ចលនាតស៊ូ​ព្រះ​ជាម្ចាស់ LRA របស់​មេដឹកនាំ ចូសិប កូនី (Joseph Kony) និង​អ្នកផ្សេងៗ​ទៀតថា​ ការ​ដែល​នៅ​ក្នុង​ព្រៃ​មិន​មែន​ជា​ដំណោះស្រាយ​ទេ វាដល់​ពេល​សម្រាប់​ពួកគេ​ក្នុងការ​ចូលមក​ក្នុង​ទីក្រុង​វិញ ហើយ​បង្កើត​គណបក្ស​របស់ខ្លួន»។​
អ្នក​ផ្សេង​ទៀត​មាន​ទស្សន​ខុសប្លែក​ពីនេះ។ លោក បាស៊ីរុ ខុនតេ (Bashiru Conteh) ក៏ជា​អតីត​ទាហានកុមារ​ ដែល​បាន​ប្រយុទ្ធ​ជាមួយ​កងទ័ព​សេរ៉ាឡេអូន ក្នុង​នាម​ជា​យុវជនម្នាក់។
«ខ្ញុំ​ផ្ទាល់​បាន​បាត់​បង់ឪពុក និង​ម្តាយ​ក្នុង​អំឡុង​សង្គ្រាម ខ្ញុំ​មិន​ចង់​ឮសូម្បីតែ​ឈ្មោះ​ RUF នោះទេ។ មាន​ក្រុម​គ្រួសារ​ជាច្រើន ដែល​រងគ្រោះ​ដោយ​សារ​ភាព​ឃោរឃៅ​របស់​ក្រុម RUF។ ពួកគេ​គួរ​តែ​ប្រើ​ឈ្មោះ​ផ្សេង​ជាជាង​ឈ្មោះ RUF ពីព្រោះប្រសិន​បើ​អ្នក​ពិនិត្យមើល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​លើកមុន ពួកគេ​មិន​អាច​ទទួល​បាន​សូម្បី​តែ​មួយអាសនៈនៅ​ក្នុង​រដ្ឋសភា»។
លោក​ ខុន​តេ បាន​បន្ថែម​ទៀត​ថា ការ​អត់​ឱននិង​បំភ្លេច​ចោល​មិនមែនស្រួល​ដូច​ការ​និយាយនោះ​ទេ។
«មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​កាត់​អវយវ អ្នកនៅ​តែ​អាច​ឃើញ​មាន​អ្នក​ពិការ​អវយវ។ វានៅតែ​មានការពិបាកនឹង​បំភ្លេចណាស់ ដោយសារ​តែ​អ្នកមើល​ឃើញ​អំពើ​ឃោរ​ឃៅ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ដែល​ពួកគេ​បាន​ប្រព្រឹត្ត»។
លោក​ ខុនតេ និយាយថា លោក​ក៏​មានការ​ព្រួយបារម្ភ​អំពី​អំពើ​ហិង្សា​នយោបាយដែរ។ មាន​របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ​អំពី​អំពើ​ហិង្សា​មុន​ការ​បោះ​ឆ្នោត​ រវាង​គណបក្ស​នយោបាយ​សំខាន់ចំនួន​ពីរ គឺ​គណបក្ស​សមាជ​ប្រជា​ពលរដ្ឋ​ទាំងអស់ (All Peoples Congress) ដែល​គ្រប់​គ្រង​អំណាច និង​គណបក្ស​ប្រជាពលរដ្ឋសៀរ៉ាឡេអូន (Sierra Leone Peoples Party)។
អ្នក​ខ្លះ​ចោទ​សួរ​ថា​ តើ​គណបក្ស​រណសិរ្ស​រួបរួម​បដិវត្ត អាច​ដើរតួនាទី​ធំដុំ​មួយនៅ​ក្នុង​នយោបាយ​របស់​ប្រទេស​ដែរឬទេ។
សាស្ត្រាចារ្យ ម៉ៃ​ឃើល កាកបូ​ (Michael Kargbo) នៃ​សាកលវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិសៀរ៉ាឡេអូន (University of Sierra Leone International Relations) ថ្លែងថា​ ក្រុម​ឧទ្ទាម​មួយ​ចំនួនអាច​មាន​ឥទ្ធិពលដល់​នយោបាយ​របស់​ប្រទេស។
«ប្រសិន​បើ​អ្នក​ពិនិត្យ​មើលប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត​ ឧទាហរណ៍​ប្រទេសមូហ្សាំ​ប៊ិក​ (Mozambique) ដែល​អតីត​អ្នក​ប្រយុទ្ធ​របស់​ក្រុម​ឧទ្ទាម មានលទ្ធភាព​ប្រែក្លាយ​ខ្លួន​ទៅ​ជា​គណបក្ស​នយោបាយ​ដែល​មិន​អាច​បំបែក​បាន។ ហើយ​កាន់​តែ​នៅ​ក្បែរ​នេះ គឺ​ប្រទេស លីបេរីយ៉ា (Liberia) ដែលរណសិរ្ស​អ្នកស្នេហា​ជាតិលីបេរីយ៉ា(National Patriotic Front of Liberia) ឬហៅកាត់ថា NPFL មានលទ្ធភាព​ប្រែក្លាយ​ខ្លួ​នឱ្យ​ទៅ​ជា​គណបក្ស​នយោបាយ។ ទោះបីជាពួកគេមិនទាន់មានលទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ក្តី ប៉ុន្តែពួកគេ​ជា​កម្លាំង​នយោបាយ​ដែល​ត្រូវ​តែធ្វើការ​ជាមួយដែរ»។
តែ​ទោះ​យ៉ាងណា នៅ​ពេល​និយាយដល់​ប្រទេស​ សៀរ៉ាឡេអូន លោក​និយាយថា វា​ជារឿង​ខុសប្លែក​គ្នា។
«នៅ​ក្នុង​ករណី សៀរ៉ាឡេអូន ក្រុម RUF ស្ទើរ​តែ​បាត់​សូន្យ​ឈឹង។ ពួកគេ​ត្រូវតែ​អង្វរ​រដ្ឋាភិបាល​ឲ្យ​ជួយឧបត្ថម​ពួកគេ ហើយការរក្សា​ទុកសមាជិក​ស្នូល​ស្ទើរ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​នោះទេ​សម្រាប់​ពួកគេ»។
លោក​មានការសង្ស័យថា គណបក្សនេះ​នឹងអាច​មានជីវិតយូរអង្វែង​ ហើយ​ជឿថា គណបក្ស​នយោបាយ​ធំៗ​ចំនួន​ពីរ​នឹង​បន្ត​ក្តោបក្តាប់​សម្លេង​ឆ្នោត​ភាគ​ច្រើន​បំផុត៕
XS
SM
MD
LG