ប្រជាពលរដ្ឋនៅខេត្តសៀមរាបបានបង្ហាញមតិផ្សេងៗពីគ្នាជុំវិញសកម្មភាពមេភូមិ មេឃុំរបស់ខ្លួន នៅក្នុងការបម្រើប្រជាពលរដ្ឋ ខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កំពុងកាន់តែខិតជិតមកដល់។
ការបោះឆ្នោតក្រុមបឹ្រក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៥ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងប្រទេសកម្ពុជា ដែលមានរាជធានីខេត្ត ចំនួន ២៥ មានឃុំសង្កាត់ចំនួន ១៦៥២។ គិតមកដល់ចុងខែមេសានេះ មានគណបក្សនយោបាយចំនួន ១៧ បានចុះឈ្មោះចូលរួមការបោះឆ្នោតនេះ ក៏ប៉ុន្តែគណបក្សទាំងនោះមិនមានបេក្ខជននៅទូទាំងឃុំសង្កាត់ទាំងអស់នោះទេ លើកលែងតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានបេក្ខជននៅទូទាំងឃុំសង្កាត់ទាំងអស់។
ភាពខ្វះខាតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហានានាដែលកំពុង ប្រឈម ការអភិវឌ្ឍភូមិសង្កាត់របស់ចៅសង្កាត់ និងមេឃុំមួយចំនួនក្នុងខេត្តសៀមរាប កំពុងត្រូវបានប្រជាពលរដ្ឋយកមកពិចារណា សម្រាប់ជ្រើសរើសចៅសង្កាត់ និងមេឃុំអាណត្តិទី ៥ នាពេលឆាប់ៗខាងមុខ។
លោក ខឹម ចំរើន អាយុ ៤០ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅស្រុកសៀមរាប ខេត្តសៀមរាប បានផ្តល់កិច្ចសម្ភាសន៍ ទាំងការបារម្ភពីសុវត្ថិភាពរបស់ខ្លួនថា សេវាសាធារណៈនៅក្នុងភូមិឃុំរបស់លោក នៅតែមានភាពយឺតយ៉ាវដដែល ចំណែកឯការអភិវឌ្ឍ ក៏នៅមានកម្រិត។
លោកបានបញ្ជាក់ថា ទោះបីជានៅក្នុងឃុំរបស់លោក កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ បានជ័យជម្នះទៅលើគណបក្សសង្រ្គោះជាតិក៏ដោយ ក៏មេឃុំនៅមិនទាន់ភ្ញាក់រលឹកពីការបរាជ័យរបស់ខ្លួនឡើយ ក្នុងការបម្រើរាស្រ្តឲ្យបានប្រសើរឡើងវិញ នៅពេលខ្លួនបានចូលកាន់តំណែងជាថ្មី ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ ២០១៧។
«មន្រ្តីមូលដ្ឋាននេះបម្រីមិនសមរម្យជាមួយប្រជាជន ឧទារហណ៍ធ្វើលិខិតសំបុត្រកំណើតអី រុញមួយទៅមួយ។ ចឹង វាពិបាក យូរពេលវេលា តិចទៅថា រវល់ទៅនេះ ទៅនោះចឹង។ វាពិបាកចឹង។ ប្រជាជនជួនកាលគ្នាមិនសូវយល់អីផង ចេះតែរុញទៅរុញមក គ្នាអត់មាននរណាគេពន្យល់ គ្នាមិនសូវយល់ដឹង។ នៅសម័យកូវីដអី មិនដែលចុះសួរសុខទុក្ខប្រជាជនថាយ៉ាងម៉េច ហើយស្ថានការណ៍ មិនដែលឃើញផង ឃើញតែនៅតូបកាហ្វេ»។
លោក ចំរើន បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ ហាក់ដូចជាមិនមានអ្វីចាប់អារម្មណ៍នោះទេ ពីព្រោះលទ្ធផលនៃការបោះឆ្នោតបានដឹងរួចទៅហើយ។
«ភាគច្រើន ឃើញគេនិយាយថា ខ្ជិលទៅបោះ មានតែមួយហ្នឹង អត់មានគណបក្សផ្សេងទៀតដែលធំដុំប្រកួតប្រជែងឲ្យល្អ។ បើប្រៀបធៀបកីឡាប្រដាល់ចឹងឯង គេឲ្យពិន្ទុបាត់ទៅហើយ គេដឹងថាចាញ់ឈ្នះបាត់ទៅហើយ ទោះបីជាប្រជាជនមិនទៅបោះក៏ជាប់ ទៅបោះក៏ជាប់ ពីព្រោះវាគ្មានគណបក្សណាដែលមើលទៅលេចធ្លោជាងគណបក្ស ដែលកាលពីមុននោះ កាលពីមុនប្រជាជន គាត់សប្បាយចិត្ត ដោយសារប្រជាជនមើលទៅ មានគណបក្សប្រដំប្រសងគ្នាទៅ ប្រជាជនគេពេញចិត្ត»។
ជាមួយគ្នានេះដែរ អ្នកស្រី ប៊ិត គឹមលាន អាយុ ៣០ ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈ រស់នៅក្នុងស្រុកសៀមរាប ខេត្តសៀមរាប បានឲ្យដឹងស្រដៀងគ្នាទៅនឹងលោក ចំរើន ដែលថា សេវាសាធារណៈរបស់មេភូមិ និងមេឃុំ មានការកែប្រែតិចតួចតែប៉ុណ្ណោះ។
«គាត់ផ្លាស់ប្តូរដែរ ប៉ុន្តែផ្លាស់ប្តូរលក្ខណៈបន្តិចបន្តួច បទបែនតាមកាលៈទេសៈ ពីព្រោះដឹងស្រាប់ហើយ ថាគាត់មិនមែនជាអ្នកឈ្នះនៅក្នុងឃុំសង្កាត់ទេ គាត់គ្រាន់តែឡើងមកជំនួសតែអ្វីដែលធ្វើចេញពីចិត្តផ្សេង ការសម្តែងផ្សេង»។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំផ្សេងៗពីគ្នា នៅក្នុងខេត្តសៀមរាប បានឲ្យដឹងស្រដៀងៗគ្នាពីការមិនសូវពេញចិត្តចំពោះ មេឃុំ មេភូមិរបស់ខ្លួន ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋដោយមេភូមិ មេឃុំ មានភាពលម្អៀង ប្រកាន់បក្ខពួកជាដើម។ ប្រជាពលរដ្ឋមួយចំនួនទៀតដែលរស់នៅក្នុងខេត្តសៀមរាបនេះដែរ បានបដិសេធក្នុងការផ្តល់កិច្ចសម្ភាសន៍ ដោយពួកគាត់បានអះអាងថា ពួកគេបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងខ្លាចសម្ភាសន៍ហើយ ត្រូវបានមេភូមិ មេឃុំរបស់ខ្លួន គុំគួន ឬធ្វើបាបកាន់តែខ្លាំង។
ជាក់ស្តែង អាជីវករម្នាក់បានធាក់កង់ពីផ្ទះយកនំមកលក់នៅមុខប្រាសាទអង្គរ ដែលមានចម្ងាយផ្លូវប្រហែល ១០ គីឡូម៉ែត្រ បានផ្តល់កិច្ចសម្ភាសន៍ដល់ VOA ដោយសុំមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ស្រ្តីដែលមានវ័យ ៥២ ឆ្នាំរូបនេះ បានឲ្យដឹងថា មេភូមិ មេឃុំរបស់គាត់ ប្រកាន់បក្ខពួក និងមិនជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនោះទេ ដូចជាផ្លូវថ្នល់ ភ្លើង ទឹក ជាដើម។ អ្នកស្រីបានឲ្យដឹងបន្ថែមថា ឯកសារបញ្ជាក់ផ្សេងៗ បើសិនចង់បានលឿន ត្រូវចំណាយលុយ។
«ឧទារហណ៍ថា បណ្ណក្រីក្រ គេជ្រើសរើសតែបងប្អូនគេ ត្រង់អ្នកក្រពិតប្រាកដ គេអត់សូវដាក់។ ថ្នល់ទាល់តែគ្នាឯង មាននរណាជាអ្នកគ្រាន់បើ គេរៃប្រជាជន មកធ្វើថ្នល់ អញជាអ្នកជួយ អញអ្នកធ្វើនោះបាន បាន។ បើប្រធានភូមិអត់ងាយជួយទេ និយាយឲ្យត្រង់តែម្តង។ ភ្លើងក៏ចឹងដែរ ពេលដែលប្រជាជនអូសមកពីខាងនោះខ្លួនឯង។ សំបុត្រកំណើតអីនោះបាន បើយើងចង់លឿនអី យើងដាក់លុយខ្លះទៅធ្វើបានរហ័សលឿន ៣ ម៉ឺន[រៀល] ៤ ម៉ឺន[រៀល] អី ខ្លះកូនខ្ញុំដាក់ ២០ រៀល[ដុល្លារ]អី ២ ឬ ៣ ថ្ងៃ អីបាន អត់ដាក់ ៤ ឬ ១០ ថ្ងៃ កន្លះខែអីបានហើយ»។
នៅពេលនិយាយដល់ការបម្រើរបស់មេភូមិនៅក្នុងភូមិ អ្នកស្រីបានទម្លាក់ទឹកមុខដែលស្រស់ស្រាយមកជាស្រងូតស្រងាត់ និងដង្ហើមធំ ដោយនិយាយទាំងអស់សង្ឃឹមថា អ្នកស្រីចង់បោះឆ្នោតឲ្យគណបក្សផ្សេង ពីព្រោះអ្នកស្រីចង់បានមេភូមិយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែមើលទៅគ្មានជម្រើស ក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ដោយពេលនេះនៅក្នុងភូមិឃុំរបស់គាត់ អ្នកស្រីស្គាល់តែគណបក្សប្រជាជនកម្ពុជាតែមួយគត់។
«បោះឆ្នោតឲ្យគណបក្សផ្សេង ឲ្យដូរមេភូមិ ប៉ុន្តែវាអត់មានជម្រើស មានតែបោះឆ្នោតឲ្យដដែលៗទៅ។ តែអត់បានដូរប្រធានភូមិដដែល បើសិនជាបោះទៅដូរ អានោះបានមានការសង្ឃឹមថា ប្រធានភូមិយើងដូរទៅ យ៉ាងម៉េចក៏គ្រាន់ជាងនេះ។ ខ្ញុំក៏អស់សង្ឃឹមដែរត្រង់នេះ បើសិនណាដូរ ប្រធានភូមិយើងទៅមុខទៀតល្អ»។
ទោះបីជាប្រជាពលរដ្ឋនៅខេត្តសៀមរាបមួយចំនួនបានត្អូញត្អែរ សម្តែងការមិនពេញចិត្តចំពោះមេភូមិ មេឃុំរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋខ្លះនៅក្នុងខេត្តនេះ បានបង្ហាញពីការពេញចិត្តចំពោះមេភូមិ មេឃុំរបស់ខ្លួនផងដែរ។
ជាក់ស្តែង អ្នកស្រី ព្រិន សុខា អាយុ ៦៦ ឆ្នាំ រស់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងអង្គុយលក់ពោតស្ងោរ នំ និងភេសជ្ជផ្សេងៗនៅមុខផ្ទះ បានសម្តែងភាពរីករាយនិងពេញចិត្ត ចំពោះមេភូមិ មេឃុំរបស់គាត់ ដែលបានបម្រើប្រជាពលរដ្ឋបានល្អ។
«ស្អីក៏ដោយរឿងអីបញ្ហាអីក៏ដោយ បើសិនជាយើងទៅរកគាត់ គាត់ដោះស្រាយឲ្យលឿន អត់មានថា រឿងលុយកាក់អី អត់មានទេ រាក់ទាក់មិនប្រកាន់វណ្ណៈ ក្រក៏ដោយទៅពឹងពាក់គាត់ គាត់ចេះតែដោះស្រាយ សំបុត្រកំណើត សំបុត្រអីចឹង អត្តសញ្ញាណបណ្ណអីចឹង គាត់ធ្វើឲ្យ គាត់ដោះស្រាយឲ្យបាន អត់ដែលបានយកលុយទេ អត់សោះ ខ្ញុំទៅធ្វើមិនដែលយកទេ»។
អ្នកស្រី សុខា បានឲ្យដឹងបន្តថា ការបោះឆ្នោតជ្រើសរើសមេឃុំ សំខាន់លើការបម្រើរបស់មេឃុំនោះ មិនអាស្រ័យថា មេឃុំនោះស្ថិតក្នុងគណបក្សណានោះទេ ហើយមេភូមិ មេឃុំណាមិនបម្រើរាស្រ្ត យើងត្រូវតែធ្វើការបោះឆ្នោតផ្លាស់ប្តូរ។
«ខ្ញុំអត់ប្រកាន់ ដូចថាគណបក្សណា ឲ្យតែល្អ ឲ្យតែជួយដល់ប្រជាជន គ្នាដែលទ័លច្រក ឬមួយដោះស្រាយអីមិនចេញ ឲ្យតែគាត់រហ័សរហួន ជួយដោះស្រាយ មានទុក្ខលំបាកអីបានហើយ។ បោះឆ្នោតទម្លាក់ទៅ បើថាមិនល្អ មិនបម្រើយើង ដែលខ្វះ មើលទៅកិបកេងលុយអី ទាមទារលុយអី ធ្វើអីក៏យកលុយៗ អាហ្នឹងមូលមតិគ្នាទៅ នៅតែចឹង វាអត់រីកចម្រើនដដែលហ្នឹង មិនគិតដល់ប្រជាជនដែលគ្នាអត់ខ្វះខាតរហេមរហាមទៅពឹងគាត់ គិតតែស្រវាយកតែលុយ ម៉េចកើត»។
នៅខេត្តសៀមរាប កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី ៣ ក្នុងឆ្នាំ ២០១២ គណបក្សប្រជាជនទទួលបានជោគជ័យយ៉ាងខ្លាំងក្លា រហូតគ្រប់គ្រងបានសង្កាត់ចំនួន ៩៨។ រីឯគណបក្សសមរង្ស៊ី ដែលបានរួមបញ្ចូលជាគណបក្សសង្គ្រោះជាតិ ទទួលបានតែ ២ សង្កាត់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី ៤ ក្នុងឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិបានឈ្នះការប្រកួតប្រជែងនេះរហូតទទួលបាន ៥៦ សង្កាត់ ក្នុងចំណោម ឃុំសង្កាត់ចំនួន ១០០ នៃខេត្តសៀមរាប។ ចំណែកឯគណបក្សប្រជាជនកម្ពុជាទទួលបានត្រឹមតែ ៤៤ សង្កាត់តែប៉ុណ្ណោះ។
ការណ៍នេះត្រូវបានមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា សង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលស្ថានការណ៍បោះឆ្នោតនៅកម្ពុជា បានទទួលស្គាល់ថា មន្រ្តីនៅថ្នាក់មូលដ្ឋានមានចន្លោះប្រហោងនៅក្នុងការបំពេញការងារជាច្រើនដើម្បីបម្រើដល់ពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
លោក ក្អោប រ៉ន ជាចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានអាយុ ៧១ ឆ្នាំ បានកាន់តំណែងជាមេឃុំបាន ៥ អាណត្តិកន្លងមកហើយនោះ បានមានប្រសាសន៍ថា ក្រុមមន្ត្រីថ្នាក់ភូមិសង្កាត់របស់លោក ព្យាយាមដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ បើទោះបីជាមិនបានគ្រប់បញ្ហាទាំងអស់ក៏ដោយ។
«តម្រូវការរបស់ប្រជាជនគ្នាចាំបាច់ណាស់ គ្នាត្រូវការលឿន ធ្វើម៉េច ថ្ងៃម៉ោងធ្វើការអីៗ បើខ្ញុំចៅសង្កាត់មិននៅ មានចៅសង្កាត់រងអីទៅ ជួយមើលជួយធ្វើគ្នាចឹងទៅ មិនដែលទុកផ្អឹបចោលរបស់គេទេ អារឿងឯកសារហ្នឹង ប៉ុន្តែគ្រាន់តែថា នោះវាមិនងាយទេ ក្នុងនោះវាមានលឺមាត់លឺក មានសតិអារម្មណ៍ខ្លះហើយ យើងជាមួយប្រជាពលរដ្ឋ វាមានរឿងរ៉ាវគន្លាក់គន្លើនច្រើនណាស់ មិនអាចទទួលបម្រើដោះស្រាយផលលំបាក ការលំបាកជូនប្រជាជនបាន ១០០% ទេ ការងារវារឿងរ៉ាវច្រើន គ្រប់មុខគ្រប់ច្រក»។
លោកបានបញ្ជាក់ថា ក្នុងនាមជាចៅសង្កាត់ លោកមិនអាចធ្វើអ្វីតាមអំពើចិត្តបាននោះទេ បើទោះបីជាពេលនេះមិនមានគណបក្សផ្សេងៗ មកប្រកួតប្រជែងខ្លាំងក្លាយ៉ាងណាក៏ដោយ។
«មានចាត់តាំងបក្សត្រួតពិនិត្យបក្សគេនៅពីលើចាំមើលយើងទៀត មិនមែនចេះតែយើងអាងតែអញមេឃុំ ចេះតែធ្វើបានតាមតែអំពើចិត្តណា មានច្បាប់មានទម្លាប់គេមានបក្សគេឃ្លាំមើលយើង ហើយក៏មានអង្គការនានា សង្គមស៊ីវិលអីៗគេឃ្លាំមើល ល្អិតល្អន់ណាស់ អត់ចេះធ្វើពាសវាលពាសកាលបានទេ សារពត៌មានគ្រប់បែបគ្រប់យ៉ាង ទាល់តែមានឆន្ទៈបម្រើរាស្ត្រពិតប្រាកដទៅតាម សមត្ថភាព លទ្ធិភាពដែលយើងអាចធ្វើបាន អាហ្នឹងបានអាចទៅរួច មិនមែនយើងមកធ្វើក្រអឺតក្រទម ម៉េចក៏ជាប់តែអញៗ អត់ទេ អត់មានធ្វើចឹងកើតទេ»។
ជាមួយគ្នាដែរ អ្នកស្រី ម៉ិល សុគង្គា មេឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអាយុ ៤៨ ឆ្នាំ បានឡើងកាន់តំណែងជាមេឃុំកាលពីចុងឆ្នាំ ២០១៧ បានឲ្យដឹងដែរថា សេវាផ្សេងៗនៅក្នុងឃុំកណ្តែក ធ្វើឡើងដោយមិនមានការយកប្រាក់អ្វីនោះទេ ហើយការអភិវឌ្ឍផ្សេងៗ ក៏ត្រូវរកវិធីដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
«ឲ្យតែឯកសារគាត់មកត្រឹមត្រូវ មិនមានពាក់ព័ន្ធរឿងរ៉ាវអី គឺគាត់អាចទទួលទៅវិញបាន តែចំពោះថវិកាអី ពុំមានបានក្រឹត្យក្រម ឬក៏អត់លុយមានលុយអី មិនស៊ីញ៉េឲ្យនោះទេ។ បើនិយាយទៅ យើងជួយសម្រួលគាត់ទាំងអស់ បើចំពោះការងារអភិវឌ្ឍន៍ ដូចជាផ្លូវថ្នល់ ជូនអស់ច្រើនចឹង យើងគ្រោងថវិកាឃុំអត់គ្រប់ តែយើងរកសប្បុរសជន មិនអាចទុកគាត់ចោល ឬក៏រងចាំទាល់តែបានលុយឃុំទេ»។
អ្នកស្រី សុគង្គា បានឲ្យដឹងបន្ថែមថា ការបម្រើប្រជាពលរដ្ឋកើតចេញពីឆន្ទៈ មិនមែនទាល់តែមានគូរប្រកួតប្រជែង ទើបយើងប្រឹងប្រែងធ្វើនោះទេ។
«មិនចាំបាច់ថា ទាល់តែមានគណបក្សដទៃទេ ឬក៏គិតថាប្រលងប្រណាំងទេ បើយើងមានទឹកចិត្ត យើងតែងតែបម្រើប្រជាពលរដ្ឋ មិនចាំទាល់តែមានគេ បានយើងខំប្រឹងធ្វើការអត់មានពាក្យចឹងទេ ទាំងសេវារដ្ឋបាល ទាំងការទប់ស្កាត់កូវីដ ទាំងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ឬក៏គាត់ត្រូវការសេវាបម្រើអីៗ គឺយើងខំប្រឹងណាស់ មិនអាចទុកពួកគាត់ចោលដូចពាក្យការរិះគន់នោះទេ»។
កាលពីដើមខែតុលា ឆ្នាំ ២០២១ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយថា លោកសន្យាថា នឹងបន្តពិភាក្សាជាមួយពលរដ្ឋទូទៅ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលលោកចាត់ទុកថាជា «អភិបាលកិច្ចពាក់ព័ន្ធយ៉ាងដិតដិតបំផុត» ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ស ខេង ក៏តែងតែរំលឹកជាញឹកញាប់ដល់មន្រ្តីថ្នាក់ឃុំសង្កាត់ផងដែរ នៅក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោតបានប្រាប់វីអូអេថា មេឃុំមួយចំនួនមិនបានបំពេញតួនាទីបម្រើប្រជាពលរដ្ឋនោះ គឺមកពីបុគ្គលនោះផ្ទាល់ តែទោះបីជាយ៉ាងណា ថ្នាក់លើក៏ជាអ្នកត្រូវទទួលខុសត្រូវនូវទង្វើនោះដែរ។
«បើសិនជាមានយន្តការក្នុងការត្រួតពិនិត្យឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងប្រជាពលរដ្ឋក៏ដោយ ទាំងអង្គការសង្គមស៊ីវិលក៏ដោយ ហើយទទួលយកនូវអ្វីដែលមានមតិយោបល់ដែលលើកឡើង ហើយធ្វើការស៊ើបអង្កេតក្នុងតំបន់ហ្នឹង ឬក៏មានការពិនិត្យក្នុងតំបន់ហ្នឹង អាហ្នឹងគឺធ្វើឲ្យអាជ្ញាធរ ដែលខូចខិលហ្នឹង ឬក៏អ្នកដែលគិតពីបក្ខពួក ឬក៏អ្នកដែលមានអំណាចនៅតំបន់ហ្នឹង គាត់អាចមានការខ្លាចរអាដែរ ហើយបើមិនចឹងទេ ទោះបីខាងលើស្រែកក៏ដោយ ក៏ប៉ុន្តែគាត់មានបក្ស មានពួក មានខ្សែ គាត់តាមជួយគាត់ គាត់ចេះតែធ្វើទៅ»។
លោក កន សាវាង្ស បានឲ្យដឹងបន្តថា បេក្ខភាពមេឃុំរបស់គណបក្សនយោបាយនីមួយៗ គឺមានសារៈសំខាន់ណាស់ ពីព្រោះមន្រ្តីទាំងនោះនៅជិតប្រជាពលរដ្ឋបំផុត។
«សំដៅលើគណបក្សណាក៏ដោយ បើសិនជាគាត់ធ្វើកិច្ចការងារមិនល្អ នៅក្នុងឃុំសង្កាត់ហ្នឹង វានឹងជះឥទ្ធិពលដល់ថ្នាក់ជាតិទៀត ពីព្រោះអីគាត់យល់ឃើញថា ការគ្រប់គ្រងឃុំសង្កាត់ដែលគាត់ធ្វើឲ្យមានបញ្ហាមិនល្អ ហើយថ្នាក់លើគាត់ធ្វើមិនដឹងមិនលឺទៀត ចឹងតើគួរគប្បីអីដែលគាត់អាចនឹងបោះឆ្នោតសម្រាប់ថ្នាក់ជាតិ ឲ្យគណបក្សនយោបាយណាមួយដែលជាអ្នកគ្រប់គ្រងហ្នឹងនៅបន្តការគ្រប់គ្រងថែមទៀត ពីព្រោះអីគាត់មានការមិនសប្បាយចិត្ត ហើយគាត់ច្បាស់ណាស់គាត់នឹងមានការដោះដូរហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលស្គាល់ផងដែរថា សេវាសាធារណៈជាចំណុចដែលប្រជាពលរដ្ឋមានការត្អូញត្អែរ ដូច្នេះមន្ត្រីថ្នាក់មូលដ្ឋាន ត្រូវតែធ្វើឲ្យបាននូវសេវាសាធារណៈ និងសេវាចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានលឿន ពីព្រោះបញ្ហាទាំងនេះធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយអាចធ្វើអោយប៉ះពាល់ជាខ្លាំងដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលផងដែរ។
ក្រោយពីគណបក្សប្រជាជនកម្ពុជាបានក្តោបយកអំណាចតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន អ្នកតាមឃ្លាំមើលស្ថានការណ៍កម្ពុជានិងបក្សមិនកាន់អំណាច យល់ថាមានបញ្ហាជាច្រើននៅថ្នាក់មូលដ្ឋាន ដែលទាមទារឲ្យដោះស្រាយ ដោយសារតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ឲ្យបានដិតដល់នៅឡើយ។ បញ្ហាទាំងនោះ រួមមានរដ្ឋបាលនានា ដែលមានដូចជាឯកសារបណ្ណស្នាក់នៅ បណ្ណគ្រួសារ ទំនាស់ដីធ្លី បំបាត់អំពើពុករលួយ ការសិក្សាអប់រំ សុខាភិបាល និងកសិកម្ម រហូតដល់បញ្ហាសន្តិសុខ គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ និងក្រុមទំនើងជាដើម។
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្វ្រែល ដែលជាអង្គការតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ធ្លាប់បានលើកឡើងថា ការក្តាប់យកអំណាចដោយគណបក្សប្រជាជនកម្ពុជា ស្ទើរតែទាំងស្រុងនៅថ្នាក់ក្រោមជាតិ ក្រោយពីបានរំលាយគណបក្សសង្គ្រោះជាតិ ក៏បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជំរុញវិមជ្ឈការទៅថ្នាក់មូលដ្ឋានផងដែរ។
ទោះបីជាយ៉ាងណា ក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា នៅមានមេឃុំមួយចំនួនបម្រើប្រជាពលរដ្ឋមិនទាន់បានល្អនៅឡើយ ដូច្នេះទើបមានការរៀបចំឲ្យមានការបោះឆ្នោតរៀងរាល់ ៥ ឆ្នាំម្តង ដើម្បីឲ្យប្រជាពលរដ្ឋសម្រេចចិត្តជ្រើសរើសបេក្ខភាពមេឃុំដែលខ្លួនពេញចិត្ត។
«គឺថា មេឃុំទូទាំងប្រទេស ១៦០០ មេឃុំជាងទៅហើយចឹង វាអត់ដូចគ្នាទេ ដែលវាកើតឡើងនូវបាតុភាពអសកម្មតិចតួចក្នុងការបម្រើសេវាសាធារណៈហ្នឹងហើយ បានយើងទុកលទ្ធភាពជូនសិទ្ធដល់ប្រជាពលរដ្ឋ ដើម្បីជ្រើសរើសបេក្ខភាពថ្មីក្នុងអាណតិ្តនីមួយៗ ដើម្បីជម្រុះចោលនូវអ្នកណាដែលប្រជាពលរដ្ឋមិនពេញចិត្ត ហើយលើកឡើងនូវអ្នកណាដែលប្រជាពលរដ្ឋពេញចិត្ត។ ទោះបីអ្នកល្អក៏ដោយ អ្នកមិនល្អក៏ដោយគឺ ៥ ឆ្នាំ ត្រូវតែឈរឈ្មោះឡើងវិញ ឬមួយក៏មិនអាចឈរឈ្មោះឡើងវិញបាន»។
ក៏ប៉ុន្តែលោកបានឲ្យដឹងបន្តថា មេឃុំរបស់គណបក្សប្រជាជនកម្ពុជា បម្រើប្រជាពលរដ្ឋទៅតាមតួនាទីរបស់ខ្លួន មិនអាស្រ័យទៅលើមានគណបក្សប្រឆាំងមកប្រកួតប្រជែងនោះទេ។
«បក្សកាន់អំណាចគេមានគោលការណ៍ លក្ខការណ៍ បិទបញ្ជាផ្ទៃក្នុងរបស់គេ មានលក្ខន្តិកៈ ក្នុងការរៀបចំសមាភាពបញ្ជីរាយនាមបេក្ខជនអីហ្នឹង មិនមែនគាត់ចេះតែធ្វើអ្វីបានតាមចិត្ត អាងតែថាអត់មានបក្សប្រឆាំងទេ។ ដូច្នេះវាមិនអាចចោទប្រកាន់ថា មេឃុំគណបក្សកាន់អំណាចហ្នឹង ធ្វើអ្វីតាមអំពើចិត្តបានទេ ពីព្រោះវាមានបក្សថ្នាក់លើ ហើយមេឃុំវាមានចៅហ្វាយស្រុកនៅពីលើ»។
កាលពីឆ្នាំ ២០១៧ គណបក្សនយោបាយចំនួន ១២ បានចូលរួមប្រកួតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែមានតែគណបក្សធំពីរទេ ដែលទទួលបានសំឡេងប្រហាក់ប្រហែលគ្នា គឺគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រជាង ៥០ ភាគរយ និងគណបក្សសង្គ្រោះជាតិទទួលបានសន្លឹកឆ្នោតជិត ៤៤ ភាគរយ៕