កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីប្រទេសហ្វីលីពីន រហូតដល់វៀតណាម។
រូបភាពជុំវិញពិភពលោក ១៨ កញ្ញា ២០២០

១
ម្ដាយបីកូនដែលទើបសម្រាលថ្មីៗដើរទៅកាន់បង្អួចបុគ្គលិកសុខាភិបាលដើម្បីឲ្យពិនិត្យសុខភាព នៅឯតំបន់សម្រាប់ដាក់មនុស្សឲ្យនៅដាច់ដោយឡែកក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៃមន្ទីរពេទ្យ Dr. Jose Fabella Memorial ដែលដំណើរការដោយរដ្ឋាភិបាល នៅខណៈដែលការរាតត្បាតជំងឺកូវីដ១៩ នៅបន្ត នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

២
ស្ត្រីឈរនៅជិតរូបព្រះចន្ទពេញវង់ដែលគេតុបតែងនៅក្នុងឧទ្យានមួយ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រូបព្រះចន្ទពេញវង់នេះត្រូវបានបង្កើតឡើងដើម្បីបង្កើនសីលធម៌ ក្នុងពេលមានវិបត្តិកូវីដ១៩ និងដើម្បីប្រារព្ធថ្ងៃឈប់សម្រាក Chuseok ដែលជាបុណ្យថ្លែងអំណរគុណរបស់ប្រពៃណីកូរ៉េ។

៣
ពួកអ្នកដំណើរជនជាតិឥណ្ឌាកំពុងតម្រង់ជួរដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ១៩ នៅឯអាគារមួយដែលគេបង្កើតឡើងនៅស្ថានីយ៍រថភ្លើងមួយ ដើម្បីត្រួតពិនិត្យអ្នកដែលមកពីក្រៅទីក្រុងនេះ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

៤
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្វ៊ីស Ueli Maurer ពាក់ម៉ាស់ការពារ នៅមុនពិធីស្វាគមន៍អធិការបតីអូទ្រីស Sebastian Kurz នៅអាគារ Lohn Estate ក្នុងទីក្រុង Kehrsatz ក្បែររដ្ឋធានីប៊ែន ប្រទេសស្វ៊ីស។

៥
បាតុករប៉ាឡេស្ទីនម្នាក់គប់កំប៉ុងគាស់បង្ហូរទឹកភ្នែកដែលប៉ូលិសអ៊ីស្រាអែលបាញ់ ត្រឡប់ទៅទាហានអ៊ីស្រាអែលវិញ ក្នុងពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជ្វីស នៅចំណុច Asira al-Qibliya នៃតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។

៦
មនុស្សម្នាក់ដើរនៅក្បែរការតាំងវត្ថុសិល្បៈដែលគេដាក់ឈ្មោះថា Eggcident ក្នុងន័យដើម្បីព្រមានអំពីការវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់នៃការឡើងកម្ដៅពិភពលោក។ វត្ថុសិល្បៈនេះរចនាឡើងដោយលោក Henk Hofstra សិល្បករជនជាតិហូឡង់ ក្នុងព្រឹត្តិការណ៍ Virada Sustentavel SP នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៧
អ្នកបួងសួងជនជាតិជ្វីសម្នាក់បួងសួងនៅខាងក្រៅអាគារស្នាក់នៅ មុនពេលប្រទេសអ៊ីស្រាអែលត្រូវបានដាក់ក្នុងស្ថានភាពបិទប្រទេសម្ដងទៀត ខណៈពេលដែលករណីវីរូសកូរ៉ូណាបានកើនឡើងជាថ្មី។ វិធានការនេះនឹងបង្ខំឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងនៃរដូវឈប់សម្រាករបស់ជនជាតិជ្វីស នៅទីក្រុង Ashdod ប្រទេសអ៊ីស្រាអែល។

៨
ភ្លើងឆេះនៅ Bobcat បន្តដុតបំផ្លាញព្រៃនៅឧទ្យានជាតិ Angeles ក្នុងតំបន់ឡូសអែនជឺឡែស នៅភាគខាងកើតនៃក្រុង Azusa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ កញ្ញា ២០២០។

៩
បុគ្គលិកម្នាក់ (ស្ដាំ) ដែលមានពាក់ម៉ាស់ បិទបាំងមុខ និងពាក់អាវផាយ កំពុងម៉ាស្សាដល់អតិថិជននៅកន្លែងងូតទឹក ក្នុងទីក្រុងហុងកុង។ ទីក្រុងហុងកុង បានចាប់ផ្ដើមបើកបារ កន្លែងហែលទឹក ឧទ្យានកម្សាន្ត ក្លឹប ខារ៉ាអូខេ ឡើងវិញចាប់ពីថ្ងៃទី១៨ កញ្ញា បន្ទាប់ពីទីតាំងទាំងនេះត្រូវបានបិទដោយសារកូវីដ១៩។

១០
រូបថតពីលើអាកាសបង្ហាញវាលស្រែទាំងឡាយស្ថិតនៅស្រុក Mu Cang Chai ភាគខាងកើតនៃប្រទេសវៀតណាម។