លោកសុធីពន្យល់ថា៖ «ជំនួយបរទេសផ្តល់បញ្ហាដល់អង្គការសង្គមស៊ីវិល ដោយសារនៅពេលដែលម្ចាស់ជំនួយមានបញ្ហាហិរញ្ញវត្ថុខ្លួនឯង ពួកគេបានផ្អាកជំនួយ ឬបង្វែរគម្រោងទៅប្រទេសផ្សេងៗដូចជានៅទ្វីបអាហ្វ្រិក។ នេះនាំឲ្យអង្គការខ្លះត្រូវបិទទ្វារ និងអង្គការខ្លះត្រូវរកវិធីផ្សេងៗដើម្បីរកចំណូល»។
ក្នុងន័យនេះដែរ បណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យខ្មែរអាមេរិកាំម្នាក់ដែលបានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា Aid Dependence in Cambodia: How Foreign Assistance Undermines Democracy (ជំនួយបរទេសនៅកម្ពុជា៖ តើជំនួយបរទេសធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យដោយរបៀបណា) បានប្រាប់វីអូអេ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទដោយឡែកមួយថា ជម្រើសមួយក្នុងចំនួនចំណោមជម្រើសដែលលោកបានផ្តល់ដល់រដ្ឋាភិបាលដែលស្ទើរតែដួលរលំ ហើយពឹងពាក់តែលើជំនួយបរទេសសម្រាប់ការចំណាយគឺតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល។ ប៉ុន្តែលោកក៏ទទួលស្គាល់អំពីភាពទន់ខ្សោយរបស់អង្គការសង្គមស៊ីវិលដែរ។
លោក អ៊ា សុផល បន្ថែមថា៖ «កត្តាមួយទៀតនោះគឺពង្រឹងសមត្ថភាពនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា ពីព្រោះអង្គការសង្គមស៊ីវិលផ្តល់គណនេយ្យភាពទាក់ទងនឹងការធានាថា ការបំពានពីសំណាក់អាជ្ញាធរមិនហួសហេតុពេក។ យើងដឹងថា សង្គមស៊ីវិលនៅកម្ពុជាខ្សោយ ដូច្នេះត្រូវធ្វើឲ្យគេខ្លាំង ផ្តល់លទ្ធភាព និងបង្កើនសមត្ថភាពដល់គេ»។
ទោះបីជាមានការព្រួយបារម្ភមួយចំនួនអំពីផលប៉ះពាល់នៃសកម្មភាពពាណិជ្ជកម្មចំពោះបេសកម្ម និងគោលដៅរបស់អង្គការសង្គមស៊ីវិល លោកឃៀង សុធី បានប្រាប់កម្មវិធីសំឡេងជំនាន់ថ្មីនៃវីអូអេថា លទ្ធផលការស្រាវជ្រាវរបស់លោកបង្ហាញថា យុទ្ធសាស្ត្រធ្វើសកម្មភាពពាណិជ្ជកម្មរបស់អង្គការសង្គមស៊ីវិលគឺជាកត្តាវិជ្ជមានក្នុងការរក្សានិរន្តរភាពហិរញ្ញវត្ថុ និងឯករាជ្យភាពរបស់ខ្លួន៕
តើអ្នកយល់យ៉ាងណាចំពោះទស្សនៈវាគ្មិន?