ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទស្អែក ដើម្បីពិភាក្សាអំពីការកើនឡើងនូវអំពើហិង្សានាពេលថ្មីៗនេះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជាការវាយប្រយុទ្ធគ្នាយ៉ាងសាហាវជាទីបំផុតរវាងគូសត្រូវទាំងពីរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានចាប់ខ្លួនមនុស្សយ៉ាងតិច ២៥ នាក់ ដែលក្នុងនោះមានទាំងពួកសកម្មប្រយុទ្ធ Hamas មួយក្រុមផងដែរ ដែលខ្លួនបានជឿជាក់ថាបានចូលរួមនៅក្នុងការវាយប្រយុទ្ធគ្នានាពេលថ្មីៗនេះ។
ការវាយប្រយុទ្ធគ្នាបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនៅក្នុងទីក្រុងចាស់ Jerusalem ដែលនៅទីនោះ បុរសកាន់សាសនាឥស្លាមរាប់រយនាក់បានជម្នះធ្វើការបួងសួងពេលល្ងាចនៅខាងក្រៅព្រះវិហារដ៏ពិសិដ្ឋមួយដែលអ្នកកាន់សាសនាឥស្លាមហៅថា Noble Sanctuary ហើយពួកជ្វីហ្វហៅថា Temple Mount បន្ទាប់ពីពួកគេមិនត្រូវបានគេអនុញ្ញាតឲ្យចូលទៅបួងសួងនៅខាងក្នុងវិហារនោះមក។ បុរសទាំងនេះបានប្រឆាំងនឹងឧបករណ៍តាមដានធ្វើពីលោហៈដែលត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ។
មេបញ្ជាការយោធាអ៊ីស្រាអែលដែលមើលការខុសត្រូវលើស្ថាប័នការពារសម្រាប់កិច្ចការជនស៊ីវិលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបើកចំហឲ្យមានការពិភាក្សាអំពីជម្រើសផ្សេងសម្រាប់ឧបករណ៍សន្តិសុខថ្មីនេះ ដែលត្រូវបានដំឡើងឡើង បន្ទាប់ពីមន្ត្រីប៉ូលិសអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់នៅឯព្រះវិហារនោះមក៕