ភ្នំពេញ — ដូចជានារីខ្មែរជាច្រើនទៀតដែរ អ្នកស្រី ដួង ធីតាតែងតែជួយការងារផ្ទះម្តាយ។ នៅពេលម្តាយនិងឪពុកនាងមិននៅផ្ទះ ធីតា ដាំបាយនិងស្លដោយខ្លួនឯង តាំងពីអាយុតិចជាង ១០ ឆ្នាំមកម្ល៉េះ។ រយៈពេល ២០ ឆ្នាំកន្លងមក ធីតា ដែលធំធាត់នៅក្នុងស្រុកតាខ្មៅខេត្តកណ្តាល ជាមួយប្អូនស្រីម្នាក់ចូលចិត្តរៀនធ្វើម្ហូបពីម្តាយ។
អ្នកស្រីរៀបការជាមួយស្វាមីជនជាតិកូរ៉េ ក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ ពីរឆ្នាំបន្ទាប់ពីអ្នកទាំងពីរជួបគ្នា។ប្រហែលកន្លះឆ្នាំក្រោយមក ធីតា បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅជាមួយស្វាមីនៅក្នុងប្រទេសកូរ៉េខាងត្បូង។
គម្រោងស្នាក់នៅតែបីខែបានក្លាយទៅជាបួនឆ្នាំ ដែលធ្វើឲ្យជីវិតមិនបានព្រាងទុករបស់ធីតា ជួបការលំបាកខ្លាំង។
ធីតាដែលមានវ័យ ២៥ ឆ្នាំ បានប្រាប់វីអូអេតាមទូរស័ព្ទពីប្រទេសកូរ៉េខាងត្បូងថា ដោយសារតែបញ្ហាសុខភាពដែលមិនអាចឲ្យអ្នកស្រីធ្វើការនៅក្នុងរោងចក្រ ដូចប្រជាជនខ្មែរដទៃទៀត បានអ្នកស្រីត្រូវរកការងារដែលអ្នកស្រីស្រឡាញ់ ហើយអាចឲ្យអ្នកស្រីធ្វើពីផ្ទះបាន។ ក្រោយពីមើលវីដេអូជាច្រើនអំពីការចម្អិនម្ហូប ដោយសារចំណង់ចំណូលចិត្តធ្វើម្ហូប និងការចង់ចែករំលែក អ្នកស្រីសម្រេចយកការងារដែលបង្ហាញពីការធ្វើម្ហូបតាមបណ្តាញសង្គម ដែលមានឈ្មោះថា «Kitchen Story»។
«គោលដៅចម្បង គឺចង់ឲ្យអ្នកមើលបានប្រយោជន៍។ អ៊ីចឹងទៅមិនថាប្រយោជន៍ណាមួយក៏ដោយ មិនថា ផ្នែកម្ហូបអាហារ ផ្នែកវប្បធម៌ ចំណេះដឹងអី ក៏ដោយ ខ្ញុំចង់ឲ្យវាកាន់តែរីកចម្រើន»។
ធីតារស់នៅក្នុងក្រុង Yangju-si ក្នុងខេត្ត Gyeonggi នៃប្រទេសកូរ៉េខាងត្បូង។ ទីក្រុងនេះមានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីក្រុងសេអ៊ូល។ រយៈពេលមួយឆ្នាំដំបូង ធីតា មិនអាចទិញម្ហូបដោយខ្លួនឯងបាន ហើយមិនអាចចេញទៅណាមកណាម្នាក់ឯងបានទេ។ ជីវភាពនេះបានធ្វើឲ្យអ្នកស្រីបាត់ឯករាជ្យភាពរបស់ខ្លួន។
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលឆ្ងាយពីស្រុកកំណើតពីម្តាយឪពុក ធីតា ជួបការលំបាកខ្លាំង។ ប៉ុន្តែការធ្វើម្ហូបនិងការបង្ហាញពីរបៀបធ្វើម្ហូបបានធ្វើឲ្យអ្នកស្រី មានការសប្បាយចិត្តច្រើនជាងមុន។
«អរគុណអ្នកមើលទាំងអស់។ ដូចខ្ញុំបាននិយាយជាមួយបងមិញអ៊ីចឹង។ ឥឡូវនេះខ្ញុំមិនទទួលស្គាល់ថា ខ្ញុំពូកែអីទេ។ ហើយបើទោះបីជាខ្ញុំពូកែប៉ុណ្ណាក៏ដោយ តែអត់មានអ្នកជួយ share (ចែករំលែក) អត់មានអ្នកជួយ Like ក៏វាអត់រីកចម្រើន។ អ៊ីចឹងទៅដោយសារតែអ្នកមើលទាំងអស់ហ្នឹង»។
នៅពេលចាប់ផ្តើមដំបូង អ្នកស្រីមានការបាក់ទឹកចិត្ត ដោយសារតែវីដេអូ អ្នកស្រីមានមនុស្សពីបួនទៅប្រាំបីនាក់ប៉ុណ្ណោះមើល។ តែក្រោយមកអ្នកស្រីមានអ្នកគាំទ្រកាន់តែច្រើនទៅៗ។ អ្នកស្រីមិនដែលបង្ហាញមុខរបស់អ្នកស្រីនៅក្នុងវីដេអូនោះទេ។ នៅក្នុងវីដេអូគឺមានតែដៃទាំងពីររបស់អ្នកស្រី ជាមួយកាយវិការធ្វើម្ហូប និងសំឡេងស្រាលច្បាស់មួយៗ ដែលប្រាប់អ្នកតាមដានបណ្តាញ kitchen story នៅលើបណ្តាញសង្គមអំពីរបៀបធ្វើម្ហូបផ្សេងៗ។
វីដេអូមួយរបស់អ្នកស្រីអំពី «ភ្លាសាច់គោ» មានអ្នកមើលរហូតជិត៩លាននាក់នៅលើទំព័រហ្វេសប៊ុក។វីដេអូដដែលនេះ មានអ្នកមើលជិត ២លាននាក់ នៅលើបណ្តាញសង្គមយូធ្យូប (youtube)។ អ្នកស្រីថា ជោគជ័យរបស់អ្នកស្រីកើតមកពីការគាំទ្រពីអ្នកគាំទ្រ និងអ្នកចូលចិត្តមើលវីដេអូធ្វើម្ហូបរបស់អ្នកស្រី។
នាង រុំ មូលីកា មានវ័យ ២៧ ជាអ្នកផលិតមាតិកាម្នាក់។ មូលីកា ដែលជាអ្នកគាំទ្រម្នាក់របស់ kitchen story បានប្រាប់វីអូអេថា ការថតនិងចម្អិនម្ហូបរបស់ធីតា មានភាពទាក់ទាញខ្លាំង។
«ខ្ញុំសរសើរនៅពេលដែលគាត់ execute (អនុវត្ត) ទៅលើ content (ខ្លឹមសារ)។ នៅពេលគាត់ថត គាត់អីហ្នឹង វាមានដំណាក់កាលត្រឹមត្រូវ ហើយវាច្បាស់»។
អ្នកស្រី ធីតា ឃឹះ ជាអតីតនាយិកាប្រតិបត្តិអង្គការ SILAKA នៅកម្ពុជា ក៏ជាអ្នកគាំទ្រម្នាក់របស់ kitchen story ផងដែរ។ អ្នកស្រីប្រាប់វីអូអេតាមបណ្តាញសង្គមហ្វេសប៊ុកថា អ្នកស្រីចូលចិត្តរៀនរបៀបធ្វើម្ហូបពី Kitchen Story។
«ខ្ញុំចូលចិត្តផេច (ទំព័រហ្វេប៊ុក) របស់គាត់ ដោយសារតែវាផ្តល់រូបមន្ត ធ្វើម្ហូបដែលខ្ញុំចូលចិត្ត។ ខ្ញុំចូលចិត្តមើលរបៀបគេចម្អិនម្ហូប។ ម្ហូបដែលខ្ញុំស្គាល់ ប៉ុន្តែរបៀបធ្វើខុសគ្នា។ អ្នកស្រីដែលជាម្ចាស់ផេច (ទំព័រហ្វេប៊ុក) ហ្នឹងគាត់ឆ្លាត ហើយគាត់ប្រើពេលវេលាដ៏មានតម្លៃរបស់គាត់បានល្អ»។
អ្នកស្រី ទែន សុភោន វ័យ ៥០ ឆ្នាំ ដែលជាម្តាយរបស់ធីតា មាន «មោទនភាព» ចំពោះកូនស្រី។ អ្នកស្រីក៏ជាអ្នកលើកកម្លាំងចិត្តដ៏ខ្លាំងក្លាម្នាក់របស់ ធីតា ផងដែរ។
អ្នកស្រីប្រាប់វីអូអេតាមទូរស័ព្ទ ដោយសំឡេងសប្បាយរីករាយថា៖ «មីងរំភើបខ្លាំងណាស់។ រំភើបឡើងចង់ស្រក់ទឹកភ្នែកក្មួយ។ យើងជាម្តាយម្តាយឪពុក រំភើបរកអ្វីមកប្រៀបផ្ទឹមមិនបានទេ»។
ការសម្រេចទាំងនេះកើតឡើង ដោយការខិតខំមិនរួញរា និងជាទៀងទាត់របស់ធីតា។
មុននឹងសម្រេចថាធ្វើម្ហូបអ្វីមួយនោះ ធីតា ត្រូវចំណាយពេលមើលសៀវភៅម្តងហើយម្តងទៀត អំពីមុខម្ហូបនោះ។ ធីតាក៏ត្រូវមើលពីរបៀបធ្វើ និងរបៀបថតវីដេអូអ្នកធ្វើម្ហូបដទៃៗទៀត ដើម្បីឲ្យប្រាកដថា «រស់ជាតិម្ហូបឆ្ញាញ់ពិសា» ហើយវីដេអូដែលបង្ហាញពីការធ្វើម្ហូបនោះ «ទាក់ទាញ» ផងដែរ។
អ្នកស្រី ធីតា ត្រូវរៀបចំធ្វើម្ហូបនិងថតវីដេអូដោយខ្លួនឯង។ អ្នកស្រីត្រូវរៀនថតវីដេអូ និងកាត់វីដេអូដោយខ្លួនឯង។ មុខម្ហូបខ្លះតម្រូវឲ្យអ្នកស្រីធ្វើពីពីរទៅបួនដង ទើបអ្នកស្រីពេញចិត្ត។ នេះមានន័យថាអ្នកស្រីត្រូវចំណាយកម្លាំងធ្វើម្ហូប និងថតច្រើនដង ហើយការចំណាយទៅលើតម្លៃគ្រឿងបន្លែ និងសាច់នៃមុខម្ហូបនោះក៏កើនឡើងតាមហ្នឹងដែរ។ យូរៗម្តង ស្វាមីអ្នកស្រីជួយអ្នកស្រីក្នុងការរៀបចំ។
ពីរឆ្នាំក្រោយមក អ្នកស្រីទទួលបានចំណូលខ្លះពីហ្វេសប៊ុកនិងយូធ្យូប។ ខែខ្លះអ្នកស្រីទទួលបាន ២០០ ដុល្លារ ។ ខែខ្លះទៀតអ្នកស្រីទទួលបានជិតដល់ ៦០០ ដុល្លារ។ អ្នកស្រីប្រើចំណូលទាំងនេះ ដើម្បីទិញបន្លែសាច់ និងគ្រឿងគ្រៅសម្រាប់ការបង្ហាញមុខម្ហូបផ្សេងៗទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីថា ចំណូលពីការធ្វើម្ហូប និងការបង្ហោះវីដេអូទាំងនេះមិនមែនជាគោលបំណងសំខាន់របស់អ្នកស្រីនោះទេ។ អ្នកស្រីសប្បាយចិត្ត នៅពេលអ្នកតាមដានការធ្វើម្ហូបរបស់អ្នកស្រីសាកល្បងតាមអ្វីដែលអ្នកស្រីបានបង្ហាញ។
អ្នកស្រីនឹងបន្តរៀនធ្វើមុខម្ហូបបន្ថែមទៀត។ អ្នកស្រីក៏ត្រូវរៀនបន្ថែមអំពីការថតនិងកាត់វីដេអូឲ្យកាន់តែមានគុណភាពល្អជាងមុនផងដែរ។ ហើយអ្នកស្រីសង្ឈឹមថា នឹងទទួលការគាំទ្រកាន់តែច្រើន៕