អ្នកស្រាវជ្រាវអំពីរបបខ្មែរក្រហមបានស្នើជាថ្មីឱ្យអង្គការសហប្រជាជាតិបិទបញ្ចប់ការងារនៅសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមហើយចាកចេញក្រោយពីអតីតមេដឹកនាំជាន់ខ្ពស់មួយរូបនៃរបបវាលពិឃាតបានស្លាប់បាត់បង់ជីវិត។
លោកភីធឺ ម៉ាក់ខ្វៃ អ្នកស្រាវជ្រាវអំពីរបបខ្មែរក្រហមនិងជាសាស្រ្តាចារ្យទ្រឹស្តីច្បាប់និងសង្គ្រាមបានបញ្ជាក់ប្រាប់វីអូអេក្រោយពីមរណភាពរបស់នួន ជាមេមនោគមវិជ្ជាខ្មែរក្រហមថា៖
«ខ្ញុំគិតថាមរណភាពរបស់នួនជាផ្តល់ហេតុផលមួយទៀតសម្រាប់សាលាក្តីបិទទ្វារ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ហើយថានឹងគ្មានការកាត់ទោសថែមទៀតទេដូច្នេះការងាររបស់ពួកគេចប់ហើយ។ មានអ្នកទោសតែពីរនាក់នៅរស់ហើយការងារសេសសល់គឺការបំពេញឯកសារច្បាប់សេសសល់ប៉ុណ្ណោះ។ ការកាត់ទោសត្រូវបានប្តឹងឧទ្ធរណ៍ដូច្នេះគ្មានហេតុផលអ្វីដែលបុគ្គលិកនៅភ្នំពេញមិនអាចធ្វើកិច្ចការដូចនេះបានឡើយ»។
អតីតមេខ្មែរក្រហម នួន ជា មានឈ្មោះដើមថាឡុង ប៊ុនរួតបានស្លាប់កាលពីថ្ងៃអាទិត្យទី៤ខែសីហា នៅអាយុ៩៣ឆ្នាំដោយរោគាពាធនិងវ័យចាស់ជរានៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
លោកនួន ជាបានជាប់គុកអស់មួយជីវិតក្រោយពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារកឃើញថាលោកមានទោសកំហុសក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលកាន់អំណាចពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។
ក្រុមអ្នកស្រាវជ្រាវជឿថានួន ជា ក្នុងនាមជាបងធំទីពីរ ជាដៃស្តាំរបស់ប៉ុលពតនិងជាមេមនោគមវិជ្ជាគឺបានទទួលខុសត្រូវចំពោះគោលនយោបាយដ៏ប្រល័យនៃរបបខ្មែរក្រហម និងពាក់ព័ន្ធដោយផ្ទាល់នឹងការបោសសម្អាតផ្ទៃក្នុងបក្សនិងការកាប់សម្លាប់។
ប៉ុន្តែនួន ជា បន្តបដិសេធថាលោកមិនទទួលខុសត្រូវចំពោះការស្លាប់និងកាប់សម្លាប់នោះទេគឺលោកគ្រាន់តែមានការទទួលខុសត្រូវផ្នែកមនោសញ្ចេតនាក្នុងនាមជាអ្នកដឹកនាំប៉ុណ្ណោះ។
តុលាការកូនកាត់ខ្មែរនិងអន្តរជាតិបានចាប់ដំណើរការជាផ្លូវការពីខែកក្កដាឆ្នាំ២០០៦បន្ទាប់ពីការ ចរចាអស់ជាច្រើនឆ្នាំរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។
តុលាការនេះបានកាត់ក្តីមេខ្មែរក្រហមថ្នាក់កណ្តាលម្នាក់ឈ្មោះកាំង ហ្កេកអ៊ាវហៅឌុចមេគុកទួលស្លែងឱ្យជាប់គុកមួយជីវិត។ រឿងក្តីនេះត្រូវបានគេមើលឃើញថាជារឿងក្តីសាមញ្ញ។
សំណុំរឿងទីពីរដែលមានលក្ខណៈស្មុគស្មាញផ្តោតលើអតីតមេខ្មែរក្រហមជាន់ខ្ពស់ចំនួន៤រូបប៉ុន្តែពីររូបបានស្លាប់ក្នុងពេលដំណើរការក្តីគឺលោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនិងភរិយារបស់គាត់គឺលោកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច។ ក្រោយពីនួន ជាបានស្លាប់គឺនៅសល់តែខៀវ សំផនអតីតមេដឹកនាំគ្មានអំណាចនៃរបបវាលពិឃាតម្នាក់ប៉ុណ្ណោះត្រូវបន្តរង់ចាំការសម្រេចទោសលើបទចោទពីបទប្រល័យពូជសាសន៍។
លោកភីធឺ ម៉ាក់ខ្វៃ យល់ថាតុលាការគួរតែផ្តល់យុត្តិធម៌ដល់ពលរដ្ឋកម្ពុជាឱ្យបានឆាប់ជាងនេះ។ លោកបានចាត់ទុកថាតុលាការនេះគឺមានការបញ្ចូលគ្នារវាងចំណុចល្អ ចំណុចអាក្រក់និងចំណុចអាក្រក់បំផុត។ លោកបានឱ្យតម្លៃទៅក្រុមអ្នកស្រាវជ្រាវដែលបានចងក្រងឯកសារប្រវត្តិសាស្រ្តថាជាចំណុចល្អនិងរិះគន់លើអង្គភាពគាំពារជនរងគ្រោះថាមិនបានធ្វើការល្អទេ។
លោកភីធឺ ម៉ាកខ្វៃយល់ថាតុលាការកូនកាត់នេះគឺមានការពិបាករៀបចំជាពិសេសដោយសារតែ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្ទាក់ស្ទើរមិនចង់សហការតាំងពីដំបូងទី។
«ខ្ញុំគិតថាក្រុមអង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិបានជឿជាក់ថាពួកគេអាចកែប្រែបញ្ហាដែលតែងកើតមានឡើងពាក់ព័ន្ធនឹងយុត្តិធម៌នយោបាយតាមរយៈការធ្វើឱ្យដំណើរការនីតិវិធីប្រព្រឹត្តទៅល្អអត់ខ្ចោះ។ ពួកគេបានបដិសេធចោលចំណុចសំខាន់ដែលថានយោបាយដើរតួនាទីសំខាន់នៅគ្រប់តុលាការឧក្រិដ្ឋកម្មសង្គ្រាមទាំងអស់ហើយជាលទ្ធផលមកវិញគឺយើងទទួលបានភាពរញ៉េរញ៉ៃដូចនេះ»។
លោកស្រី នូ លក្ខិណា ប្រធានវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមកម្ពុជា (ASRIC) ដែលតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណីពីសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿង០០២ បានរិះគន់ចំពោះការងាររបស់តុលាការដែរដោយសារតែតុលាការនេះបានប្រឡាក់ប្រឡូសដោយអំពើពុករលួយការលូកដៃពីអ្នកនយោបាយនិងមិនបានជួយផ្សះផ្សារការឈឺចាប់របស់ជនរងគ្រោះទេ។
លោកស្រីលក្ខិណាបន្ថែមថា៖
«តុលាការហ្នឹងគាត់ហៅខ្លួនឯងថាជាវិសាមញ្ញប៉ុន្តែខ្ញុំសូមទោសហើយគាត់អត់បានឱ្យប្រយោជន៍វិសាមញ្ញទៅប្រជាជនខ្មែរនៅក្នុងស្រុកខ្មែរហើយនឹងទូទៅព្រោះអីប្រជាជនយើងគាត់នៅតែ ឈឺចាប់ហើយគាត់នៅតែអត់មានការទុកចិត្តជាមួយនឹងតុលាការហ្នឹង។ ដូច្នេះខ្ញុំសូមទោសតុលាការអត់បានពិន្ទុល្អអស្ចារ្យទេ»។
របបខ្មែរក្រហមបានកាន់អំណាចពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករា១៩៧៩ ហើយបានបណ្តាលឱ្យស្លាប់មនុស្សប្រមាណ១,៧លាននាក់ដោយសារតែការបង្អត់អាហារ ជំងឺដម្កាត់ ការងារបាក់កម្លាំងនិងការកាប់សម្លាប់ក្នុងគោលបំណងកសាងសង្គមកសិកម្មដ៏មហាលោតផ្លោះមហាអស្ចារ្យរបស់ពួកគេ។
លោកអៀ សុផល សាស្ត្រាចារ្យនៃមហាវិទ្យាល័យអុកស៊ីដឹនថល នៅសហរដ្ឋអាមេរិកដែល ឪពុកបានស្លាប់ក្នុងរបបខ្មែរក្រហមបានបញ្ជាក់ប្រាប់វីអូអេថាកេរដំណែលរបស់នួន ជា និងរបបរបស់គាត់គឺគ្មានអ្វីក្រៅពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោកបានបន្ថែមថា៖
«វាគឺជាកេរដំណែលដ៏អាក្រក់។ (មរណភាពរបស់នួនជា) នេះគឺជាការកម្ចាត់មនុស្សអាក្រក់ចេញ។ នួន ជាមិនបានស្តាយក្រោយរហូតដល់ទីបញ្ចប់ដ៏ជូចត់។ ប៉ុន្តែខ្ញុំមានសេចក្តីស្ងប់ដោយដឹងថាយើងមិនអាចជួយកែប្រែឃាតករឆ្កួតៗបានទេ។ គាត់យកលេសថាគាត់ជាអ្នកជួយសង្គ្រោះប្រទេសដូច្នេះហើយអ្នកផ្សេងត្រូវតែស្លាប់»។
សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថាខ្លួនបានបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿងចំនួនពីរចុងក្រោយគឺសំណុំរឿងលេខ០០៣និង០០៤កាលពីចុងខែមិថុនា។ សំណុំរឿងទាំងពីរនេះមានជនសង្ស័យសរុបចំនួន៥នាក់ប៉ុន្តែក្នុងនោះមានជនសង្ស័យម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតត្រូវបានលើកលែងការចោទប្រកាន់។ នេះបើតាមលោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
លោកនេត្រ ភក្ត្រា បានបន្ថែមថាតុលាការនេះនៅមានការខ្វែងគំនិតគ្នារវាងសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិថាត្រូវបញ្ជូនជនសង្ស័យទាំងបីគឺមាសមុត អោអាន និងយឹមទិត្យ ទៅកាត់ក្តីឬយ៉ាងណា។ ដូច្នេះការសម្រេចចុងក្រោយនឹងចេញនៅចុងឆ្នាំ២០១៩នេះ៕