ក្រសួងមហាផ្ទៃបានអះអាងថា អាជ្ញាធរកម្ពុជាមិនបានបិទច្រកព្រំដែនទេ ហើយបញ្ជាក់ថា ការពង្រាយកងកម្លាំងប្រដាប់ដោយអាវុធស្វ័យប្រវត្តិតាមបណ្តោយព្រំដែនគឺជាការត្រៀមអនុវត្តដីកាតុលាការដើម្បីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ដែលគ្រោងចូលមកកម្ពុជានៅថ្ងៃសៅ៍នេះតែប៉ុណ្ណោះ។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ នៅក្នុងសារតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
«រហូតមកទល់ពេលនេះ មិនមានការបិទច្រកព្រំដែនណាមួយឡើយ ហើយសកម្មភាពចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រំដែននានា មានដំណើរការជាធម្មតា»។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាកើតមានឡើង ក្រោយពីលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ខិតខំស្វែងរកវិធីវិលចូលប្រទេសកម្ពុជាវិញ បន្ទាប់ពីរស់នៅនីរទេសខ្លួនក្រៅប្រទេសចំនួន៤ឆ្នាំ ដើម្បីទៅស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលបានធ្លាក់ចុះក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
លោកសម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសំខាន់ៗ បានទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនទាន់បានចូលក្នុងប្រទេសកម្ពុជាតាមផែនការទេ ជំនួសវិញលោកត្រូវបានអញ្ជើញឱ្យចូលទៅជួបពិភាក្សាការងារជាមួយនឹងអ្នកតំណាងរាស្ត្រម៉ាឡេស៊ីនៅក្នុងរដ្ឋសភារបស់ម៉ាឡេស៊ី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមលិខិតអញ្ជើញរបស់លោកស្រី ណូរុល អ៊ីហ្សា អាន់វ៉ា (Nurul Izzah Anwar) អ្នកតំណាងរាស្រ្តម៉ាឡេស៊ីនិងជាកូនស្រីរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានគណបក្សយុត្តិធម៌ពលរដ្ឋ និងជាអតីតឧបនាយករដ្ឋមន្ត្រីដែលវីអូអេទទួលបាន។
លោក ស ខេង បានបន្ថែមដោយហាក់ដូចជាបន្ទន់ឥរិយាបទថា នៅពេលនេះមិនមានការប្រកាសណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមប្រាមលោក សម រង្ស៊ី និងមន្ត្រីរបស់លោក មិនឲ្យចូលប្រទេសឡើយ។
លោកបានបន្ថែមថា៖
«ដូច្នេះការវិលត្រឡប់ចូលប្រទេសរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងនាមជាពលរដ្ឋខ្មែរគឺពុំមានអ្វីរារាំងឡើយ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសផងដែរពីការរក្សាសិទ្ធិក្នុងការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខនៃរដ្ឋ ដើម្បីធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គម ជូនជាតិនិងប្រជាជនកម្ពុជា»។
លោកសម រង្ស៊ី និងថ្នាក់ដឹកនាំព្រមទាំងសកម្មជនចំនួន២០នាក់ មានឈ្មោះក្នុងបញ្ជីស្វែងរកចាប់ខ្លួន ដោយសារតែការចោទប្រកាន់ថាមានបំណងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោកសម រង្ស៊ី ត្រូវបានកាត់ទោសក្នុងបទល្មើសជាច្រើនក្នុងនោះ រួមមានការប្រមាថព្រះចេស្តាព្រះមហាក្សត្រកម្ពុជាផងដែរ៕