បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont និងលោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើការពិភាក្សាដេញដោលកាលពីយប់ថ្ងៃព្រហស្បតិ៍នៅ Brooklyn ក្នុងទីក្រុងញូវយ៉ក មុនពេលនៃការបោះឆ្នោតបឋមដ៏សំខាន់ក្នុងរដ្ឋញូវយ៉ក នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
បេក្ខជនទាំង២រូបនេះបានជជែកដេញដោលគ្នាយ៉ាងខ្លាំង ដោយសួរនាំអំពីការវិនិច្ឆ័យរបស់ខ្លួនទៅវិញទៅមក។ លោក Sanders ដែលបាននិយាយក្នុងពេលថ្មីៗនេះថា លោកមិនជឿថាលោកស្រី Clinton មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាប្រធានាធិបតីនោះ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកទទួលស្គាល់ថាលោកស្រី Clinton មានគុណសម្បត្តិធ្វើជាប្រធានាធិបតីបាន ប៉ុន្តែលោកបានជជីកសួរអំពីការវិនិច្ឆ័យរបស់លោកស្រី។ លោកបានលើកឡើងអំពីការគាំទ្ររបស់លោកស្រី Clinton នៅក្នុងសង្គ្រាមក្នុងប្រទេសអ៊ីរ៉ាក់ និងការទទួលយកថវិកាសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតពីបណ្តាធនាគារ និងក្រុមហ៊ុននៅ Wall Street។
លោកស្រី Clinton បានចោទប្រកាន់លោក Sanders ថាបាននិយាយរឿងមិនពិតអំពីលោកស្រី។ លោកស្រី Clinton បានមានប្រសាសន៍ថា ប្រជាជននៅក្នុងរដ្ឋញូវយ៉កបានបោះឆ្នោតឲ្យលោកស្រីធ្វើជាសមាជិកព្រឹទ្ធសភា២លើក ហើយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានតែងតាំងលោកស្រីឲ្យធ្វើជារដ្ឋមន្រ្តីការបរទេសទៀតផង។ លោកស្រីបានមានប្រសាសន៍បន្តថា លោកស្រីមានការវិនិច្ឆ័យ ប៉ុន្តែលោកស្រីក៏បានសង្កត់ធ្ងន់ថា ចំណុចខ្សោយរបស់លោក Sanders គឺគោលនយោបាយការបរទេស។
លោកស្រីបានហៅការផ្តោតរបស់លោក Sanders ទៅលើការទទួលយកថវិកាឧបត្ថម្ភដ៏ច្រើនរបស់លោកស្រីពី Wall Street ថាជាការវាយប្រហារមិនពិត។
បេក្ខជនទាំង២រូបបានយល់ដូចគ្នាថា ធនាគារដែលធំពេកមិនងាយនឹងដួលរលំនោះទេ ហើយវាផ្តល់ហានិភ័យដល់សេដ្ឋកិច្ច ដូច្នេះគេគួរតែបំបែកធនាគារឲ្យទៅជាតូចៗ។ ពួកគេទាំង២នាក់ជជែកគ្នាដោយខឹងសម្បារចំពោះការតំឡើងប្រាក់កម្រៃទាបបំផុតថ្នាក់សហព័ន្ធ ដោយពួកគេទាំង២បានស្រែកគំហកដាក់គ្នា៕