មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួន បានទទូចឲ្យសហរដ្ឋអាមេរិកធ្វើជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលនិងធានាដល់ការផ្សះផ្សាជម្លោះនយោបាយកម្ពុជា ពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៉ីបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកក្នុងខែកុម្ភៈនេះ។
មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីថ្លែងប្រាប់ VOA នាថ្ងៃពុធនេះថា វាជាការល្អប្រសើរ ប្រសិនបើស.រ.អា. ដែលជាប្រទេសមហាអំណាចនិងប្រទេសផ្សេងទៀតជួយឲ្យមានការពិភាក្សាគ្នាលើបញ្ហានយោបាយកម្ពុជា នឹងធានាដល់ការផ្សះផ្សាជម្លោះនយោបាយក្នុងប្រទេសនេះ។
«យើងគួរជជែកគ្នា អត់ទាស់អីទេ។ ផ្ទុយទៅវិញមានប្រយោជន៍បើមានមហាអំណាច ដូចស.រ.អា. ប្រទេសដែលគេតាមដានឃ្លាំមើលស្ថានការណ៍កម្ពុជា គេចង់ជំរុញឲ្យមានការជានានឹងគ្នា សម្រុះសម្រួលឲ្យមានការបោះឆ្នោតត្រឹមត្រូវ ហើយបោះឆ្នោត ហើយជួយឲ្យប្រទេសយើងមានសន្តិភាព ហើយមានស្ថិរភាព។ ខ្ញុំថា យើងត្រូវការឲ្យមានសាក្សីផង ត្រូវការឲ្យមានអ្នកធានាផង ធានាថាអ្វីដែលយើងបាននិយាយឯកភាពគ្នា យើងនឹងគោរពទាំងអស់គ្នាទៅថ្ងៃមុខ។ អញ្ចឹងបើមានស.រ.អា.ជាមហាអំណាចនិងប្រទេសដ៏ទៃទៀតជាមិត្តចូលរួមជាសាក្សី ចូលរួមជាអ្នកជួយធានានូវរាល់សេចក្តីសម្រេច ឬរាល់ពាក្យសន្យារបស់យើងម្នាក់ៗ ខ្ញុំថាជាការល្អប្រសើរ»។
លោកថា ខែកុម្ភៈនេះគឺជាឱកាសល្អសម្រាប់ស.រ.អា.ក្នុងការសម្របសម្រួលវិបត្តិនយោបាយកម្ពុជា ដោយជួយឲ្យមានជំនួបនយោបាយមួយរវាងលោក និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលនឹងធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន នៅកន្លែងលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា. នៅថ្ងៃទី១៥ដល់ថ្ងៃទី១៦នេះ។
មេបក្សជំទាស់ លោកសម រង្ស៉ី ដែលស្ថិតក្នុងការនិរទេសខ្លួនដោយបញ្ហានយោបាយកំពុងធ្វើដំណើរទស្សនកិច្ចមួយក្នុងស.រ.អា. ដើម្បីជួបជាមួយមន្ត្រីអាមរិកាំងនិងពលរដ្ឋខ្មែរអាមេរិកាំង នៅតាមបណ្តារដ្ឋនានា។
លោកសម រង្ស៉ីត្រូវបានតុលាការកម្ពុជាកាត់ទោសពីបទបរិហាកេរ្តិ៍ ញុះញង់ និងជាប់ពិរុទ្ធក្នុងសំណុំរឿងក្លែងក្លាយឯកសារព្រំដែនជាដើម។ លោកសម រង្ស៉ីបានមកដល់ប្រទេសអាមេរិកមិនប៉ុន្មានថ្ងៃក្រោយដំណើរទស្សនកិច្ចរបស់លោកចន ឃែរី រដ្ឋមន្ត្រីការបរទេសស.រ.អា.ទៅប្រទេសកម្ពុជា។
ក្នុងនោះលោក ចន ឃែរី ក៏បានលើកឡើងពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមួយលោកនាយរដ្ឋមន្ត្រី ហ៊ុន សែននិងក្រុមមន្ត្រីកម្ពុជាផងដែរ។ ក្រៅពីនេះ លោក ឃែរី បានលើកយកប្រធានបទសំខាន់ៗមួយចំនួនរូមទាំងបញ្ហាតំបន់ បញ្ហាទ្វេភាគី និងបញ្ហាសកលមកពិភាក្សាផងដែរ។
នាចុងឆ្នាំ២០១៥កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃកម្ពុជា បានប្រកាសជាសាធារណៈថាលោកនឹងមិនស្នើឲ្យមានការលើកលែងទោសដល់លោក សម រង្ស៉ីនោះទេ។
គេដឹងថា លោក សម រង្ស៉ីជាមេដឹកនាំគណបក្សនយោបាយមួយ ដែលអាចប្រកួតប្រជែងជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជាដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ។ លោក សម រង្ស៉ីធ្លាប់ជាប់ពិរុទ្ធ៤លើករួចមកហើយ ដែលធ្វើឲ្យលោកនិរទេសខ្លួននៅក្រៅប្រទេស ក៏ប៉ុន្តែនាពេលចុងលោកត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រកម្ពុជា ដើម្បីចូលរួមបោះឆ្នោតក្នុងប្រទេស។ ការលើកលែងទោសទាំង៤លើកនេះគឺក្រោមរូបភាពនៃការសម្របសម្រួលនយោបាយដោយមានកិច្ចអន្តរាគមន៍ពីក្នុងនិងក្រៅប្រទេស។
លោក គុជ ចាន់លី អ្នកវិភាគឯករាជ្យម្នាក់ក្នុងរដ្ឋម៉ារីឡែន ស.រ.អា. បានថ្លែងថា វាជា ការផ្តល់ផលប្រយោជន៍ដល់កម្ពុជា ហើយស.រ.អា.អាចមានការចាប់អារម្មណ៍ក្នុងការធ្វើជាអាជ្ញាកណ្តាលសម្រាប់ប្រទេសដ៏ក្រីក្រនេះ ប្រសិនណាបើភាគទាំងពីរទុកផលប្រយោជន៍ជាតិជាធំ។
«ចំពោះវត្តមានរបស់លោក សម រង្ស៉ីមកស្រុកអាមេរិកគាប់ជួននឹងពេលដែលលោក ហ៊ុន សែនមកស.រ.អា.ដែរ នៅថ្ងៃទី១៥ មួយសប្តាហ៍បន្ទាប់មកទៀតនេះ ខ្ញុំយល់ឃើញថាវាមានកិច្ចការល្អបើសិនជាលោក សម រង្ស៉ីអាចជួបជាមួយ លោក ហ៊ុន សែននៅកាលីហ្វ័រញ៉ា ដើម្បីបន្តសមិទ្ធិផលដែលគាត់ទាំងពីរនាក់នឹងបង្កើតរួមគ្នាគឺវប្បធម៌សន្ទនាហ្នឹង ចរចាគ្នា»។
លោកបន្ថែមថាការជួបគ្នាអាចមានផលអាក្រក់ប្រសិនបើមេដឹកនាំទាំងពីរ គិតតែពីប្រយោជន៍គណបក្សនិងបុគ្គលរៀងខ្លួន ហើយទុកប្រយោជន៍ប្រទេសនិងពលរដ្ឋដោយឡែកនោះ។
គណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិធ្លាប់បានបង្កើតវប្បធម៌សន្ទនារយៈពេលខ្លី មួយបន្ទាប់ពីបំបែកភាពទាល់ច្រកនយោបាយរយៈពេលមួយឆ្នាំពេញ ក្រោយការបោះឆ្នោតសកលនាឆ្នាំ២០១៣។ តែការសន្ទនានោះពុំបានធ្វើឲ្យមានភាពធូរស្រាលផ្នែកនយោបាយនោះទេ។ ក្រុមមន្ត្រីជំទាស់រួមទាំងមេដឹកនាំផង ត្រូវជាប់ពាក់ព័ន្ធនឹងក្តីក្តាំនៅតុលាការ និរទេសខ្លួននិងត្រូវគេដកតំណែងពីអនុប្រធានសភា។ ក្នុងនោះសមាជិកសភាពីររូបរបស់គណបក្សជំទាស់បានរងការវាយដំ ឯក្រុមមន្ត្រីមួយចំនួនផ្សេងទៀតត្រូវបានចាប់ឃុំខ្លួនផងដែរ៕