ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនបុគ្គលិកយោធាបន្ថែមទៀតទៅកាន់ប្រទេស អូស្រ្តាលី (Australia) នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ បានបង្កឱ្យមានការឆ្លើយតបចម្រុះគ្នា នៅក្នុងចំណោមក្រុមមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានភាពប្រយ័ត្នប្រយែងចំពោះការកើនឡើង នូវលទ្ធភាពនៃការប្រឈមមុខដាក់គ្នាផ្នែកយោធា។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា ជម្លោះដែនដីដែលនៅតែបន្តទាក់ទងនឹងតំបន់សមុទ្រចិនខាងត្បូង គឺជាការព្រួយបារម្ភកាន់តែខ្លាំង។ ប្រាយអិន ផែដឌែន (Brian Padden) នៃវីអូអេ ធ្វើសេចក្តីរាយការណ៍អំពីរឿងនេះពីទីក្រុង ហ្សាកាតា (Jakarta)។
នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) លោកប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាមបាំង យូដូយូណូ (Susilo Bambang Yudhoyono) មិនបាននិយាយថាតើលោកគាំទ្រឬប្រឆាំងទៅនឹងកិច្ចព្រមព្រៀងរវាងអូស្រ្តាលី និងសហរដ្ឋអាមេរិក ក្នុងការបោះទីតាំងកងទ័ពអាមេរិកាំងចំនួន២ពាន់៥០០នាក់ នៅអូស្រ្តាលីក្នុងរយៈពេលពីរបីឆ្នាំទៀត។
លោក គ្រាន់តែនិយាយថា លោក ត្រូវបានធានាជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាដើម្បីថែរក្សាសន្តិភាពនៅក្នុងតំបន់នេះ។
លោក មានប្រសាសន៍ថា លោកបានជួបជាមួយនឹងលោកប្រធានាធិបតី អូបាម៉ា (Obama) ដើម្បីស្តាប់ជាផ្លូវការថា សហរដ្ឋអាមេរិកមិនមានចេតនាបង្កការរំខានដល់ប្រទេសជិតខាងរបស់អូស្រ្តាលីនោះទេ។
ទោះបីជាមេដឹកនាំមួយចំនួនមានមតិផ្ទុយគ្នាជាសាធារណៈក្តី លោក ខាល ថែយ័រ (Carl Thayer) ដែលជាអ្នកវិភាគស្តីពីតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ ញ៉ូវសោហ្វវេល (University of New South Wales) នៅឯបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្រ្តាលី (Australian Defense Force Academy) និយាយថា មេដឹកនាំក្នុងតំបន់ភាគច្រើនបានស្វាគមន៍ចំពោះដំណឹងនេះដោយផ្ទាល់ខ្លួនវិញ។
លោកនិយាយថា សហរដ្ឋអាមេរិកទទួលបានការកោតសរសើរជាពិសេស នៅពេលខ្លួនបានដោះស្រាយជាមួយនឹងប្រទេសចិន ទាក់ទងនឹងជម្លោះដែនដីនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុមប្រទេសអាស៊ានត្រូវការការចូលរួមផ្នែកយោធារបស់សហរដ្ឋអាមេរិក។
«ពួកគេកំពុងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ពួកគេយ៉ាងសន្សឹមៗ ប៉ុន្តែ ពួកគេត្រូវការមហាអំណាចធំៗ ដើម្បីធ្វើឱ្យមានតុល្យភាពជាមួយគ្នា។ ដូច្នេះ ដូចដែលខ្ញុំបានលើកឡើង វត្តមានរបស់សហរដ្ឋអាមេរិក បានផ្តល់ខ្យល់អុកស៊ីស្សែន អនុញ្ញាតឱ្យពួកគេដកដង្ហើម មានតួនាទីសំខាន់មួយ ដោយបានដឹងច្បាស់ថា ប្រទេសចិននឹងធ្វើការពិចារណាទៅលើការពិតដែលថា សហរដ្ឋអាមេរិកមានការជាប់ពាក់ព័ន្ធនៅក្នុងតំបន់។»
សមុទ្រចិនខាងត្បូង គឺមានសារសំខាន់ជាយុទ្ធសាស្រ្តយ៉ាងធំធេង សម្រាប់ការដឹកជញ្ជូនរបស់ពិភពលោក ហើយត្រូវបានជឿជាក់ថា មានផ្ទុករ៉ែប្រេងនិងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រទេសចិន (China) ហ្វីលីពិន (the Philippines) វៀតណាម (Vietnam) តែវ៉ាន់ (Taiwan) ប្រុយណេ (Brunei) និងម៉ាឡេស៊ី (Malaysia) បានអះអាងប្រកបដោយការប្រកួតប្រជែងគ្នាថាខ្លួនក៏មានចំណែកនៅក្នុងសមុទ្រនេះ។
ចិនទាមទារយកសមុទ្រចិនខាងត្បូងទាំងមូល ហើយនិយាយថា រាល់ជម្លោះទាំងឡាយ គួរត្រូវបានដោះស្រាយដោយឈរលើមូលដ្ឋានទ្វេភាគី។ សហរដ្ឋអាមេរិកមិនបានប្រកាន់យកជំហរណាមួយទៅលើការទាមទាររបស់ប្រទេសទាំងនោះទេ ប៉ុន្តែគាំទ្រវិធីសាស្រ្តពហុភាគីសម្រាប់ការដោះស្រាយជម្លោះ ដោយផ្អែកទៅលើច្បាប់ដែនសមុទ្រអន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (United Nations Convention on the Law of the Seas)។
លោក ថែយ័រ (Thayer) និយាយថា នៅក្នុងចំណោមប្រទេសចំនួន១៨ ដែលបានចូលរួមកិច្ចប្រជុំកំពូលនេះ មានតែប្រទេសភូមា (Burma) និងប្រទេសកម្ពុជា (Cambodia) តែប៉ុណ្ណោះ មិនបានលើកឡើងពីការព្រួយបារម្ភអំពីជម្លោះដែនដីនៅក្នុងសមុទ្រចិនខាងត្បូង ហើយមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ស្ទើរតែទាំងអស់ បានគាំទ្រជំហររបស់លោកប្រធានាធិបតី អូបាម៉ា។
«ការធានាអះអាងរបស់សេតវិមានទៅលើរឿងនេះគឺថាជាមូលដ្ឋាន អ្នកឃើញមានប្រទេសជាច្រើនបញ្ជាក់សាជាថ្មីអំពីគោលការណ៍ចម្បងរបស់លោក អូបាម៉ា ដែលរួមមានច្បាប់អន្តរជាតិ ការមិនប្រើកម្លាំងទ័ព អនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ សេរីភាពនិងសុវត្ថភាពនាវាចរណ៍ជាដើម។»
លោក ថែយ័រ (Thayer) មើលឃើញអំពីទំនាក់ទំនងរវាងកំណើននៃការជាប់ពាក់ព័ន្ធផ្នែកយោធារបស់សហរដ្ឋអាមេរិក និងកំណើននៃសាមគ្គីភាពរបស់ប្រទេសអាស៊ាន ស្តីពីថាតើត្រូវដោះស្រាយជម្លោះដែនដីនៅក្នុងតំបន់យ៉ាងដូចម្តេច។
លោក ដេវីដ ខាឌិន (David Carden) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ឬហៅកាត់ថា អាស៊ាន) បដិសេធថា សហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ជាក់អំពីការសម្តែងកម្លាំងទ័ព ដើម្បីជះឥទ្ធិពលទៅលើបណ្តាប្រទេសអាស៊ាននោះទេ។
«ខ្ញុំមិនជឿថា មានហេតុផលណាមួយដើម្បីច្របាច់បញ្ចូលបញ្ហាទាំងអស់នោះទេ។ ទោះជាមានការប៉ុនប៉ងណាមួយដែលខ្លួនអាចធ្វើឡើងចំពោះប្រទេសផ្សេងៗ ដែលមានអារម្មណ៍ថា សហរដ្ឋអាមេរិក កំពុងដាក់ចេញនូវគោលជំហរបស់ខ្លួន។ ខ្ញុំមិនគិតថា រឿងនោះគឺជារឿងពិតឡើយ។»
លោកមានប្រសាសន៍ថា ទីក្រុង វ៉ាស៊ីនតោន គ្រាន់តែកំពុងដើរតួនាទីគាំទ្រមួយ ដល់មេដឹកនាំអាស៊ានដ៏យូរអង្វែងរបស់អាស៊ាន នៅក្នុងការចរចារស្តីពីក្រមនៃការប្រព្រឹត្តជាមួយប្រទេសចិនតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ឌីខាំបូលី