ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី​អ្នកស្រី Maria Butina ជាប់​ការ​សង្ស័យ


Maria Butina មេដឹកនាំ​អង្គការ​គាំទ្រ​ការ​ប្រើប្រាស់​កាំភ្លើងថ្លែង​ទៅកាន់​ហ្វូង​មនុស្ស​ក្នុង​ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​១៦ កក្កដា ឆ្នាំ ២០១៨។
Maria Butina មេដឹកនាំ​អង្គការ​គាំទ្រ​ការ​ប្រើប្រាស់​កាំភ្លើងថ្លែង​ទៅកាន់​ហ្វូង​មនុស្ស​ក្នុង​ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​១៦ កក្កដា ឆ្នាំ ២០១៨។

កាល​ពី​ថ្ងៃ​អង្គារមហា​គណៈវិនិច្ឆ័យ​សហព័ន្ធ​មួយបានចោទ​ប្រកាន់ជា​ផ្លូវការស្ត្រីរុស្សី​មា្នក់ពី​បទ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​ស.រ.អា.និង​ពី​បទ​ធ្វើការ​ដោយ​ខុស​ច្បាប់ជា​ភ្នាក់ងារ​ម្នាក់របស់​រដ្ឋាភិបាល​បរទេសដោយ​ទាក់ទិន​ជាមួយ​គម្រោង​ការណ៍​សម្ងាត់មួយដើម្បី​ឱ្យមានឥទ្ធិពល​លើ​វិស័យ​នយោបាយ​អាមេរិកាំង​នៅ​មុនការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពី​ឆ្នាំ២០១៦។​

អ្នកស្រី​ Maria Butina អ្នក​ការពារ​សិទ្ធិខាង​ការ​មាន​កាំភ្លើងដែល​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធជាមួយ​សមាគម​កាំភ្លើង​វែងជាតិ​ភាសា​អង់គ្លេស​ហៅថា National Rifle Association ហៅ​កាត់ថា​ NRA បានត្រូវ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ពី​បទ​ចោទ​ប្រកាន់ថា​បម្រើការជា​ភ្នាក់ងារ​មិន​ចុះឈ្មោះ​ម្នាក់របស់​រដ្ឋាភិបាល​បរទេស​មួយនៅ​ខាង​ក្នុង​ស.រ.អា.ដោយមិនបានប្រាប់រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិកាំង​ដូចដែល​មានតម្រូវតាម​ច្បាប់។​ការ​ចោទ​ប្រកាន់ទី​ពីរបាន​ត្រូវបន្ថែម​នៅ​ក្នុង​ការ​ចោទ​ប្រកាន់ជា​ផ្លូវការ​ដែល​បានត្រូវប្រកាស​កាល​ពី​ថ្ងៃ​អង្គារ។

អ្នកស្រី​ Butina អាយុ២៩ឆ្នាំ បាន​ត្រូវចោទប្រកាន់ពី​បទ​ធ្វើការ​ដោយ​សម្ងាត់​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយពួក​អាមេរិកាំង​មាន​ឥទ្ធិពលនិង​ជ្រៀតចូល​ទៅ​ក្នុង​អង្គការ​នយោបាយ​ដូច​ជា​សមាគម​ NRA ជា​ដើមក្នុង​គោល​បំណង​ជំរុញ​ផលប្រយោជន៍​រុស្សី​នៅ​ក្នុង​ស.រ.អា.។

បើ​តាមការ​ចោទ​ប្រកាន់ជា​ផ្លួវការ​នេះ​ថា​អ្នកស្រី Butina បានធ្វើគម្រោងការ​សម្ងាត់នេះ​តាមការណែនាំនៃ​មន្ត្រី​ជាន់ខ្ពស់ម្នាក់​របស់​រដ្ឋាភិបាល​រុស្សី។ សេចក្តី​ថ្លែង​ជា​លាយលក្ខណ៍​អក្សរ​មិនបានបង្ហាញឈ្មោះមន្ត្រី​រុស្សី​ដែល​អ្នកស្រី​ធ្វើការ​ឱ្យ​នោះ​ទេ ក៏ប៉ុន្តែ​ការ​ពណ៌នា​អំពី​មន្ត្រី​នេះត្រូវគ្នា​នឹង​ភិនភាគ​លោក Alexander Torshin អភិបាល​រងម្នាក់នៃ​ធនាគារ​កណ្តាល​រុស្សី​និង​ជា​អតីត​សមាជិក​ម្នាក់​នៃ​ព្រឹទ្ធ​សភារុស្សីខាងគណបក្ស​ United Russia របស់ប្រធានាធិបតី Vladimir Putin។​

អ្នកស្រី Butina និង​លោក Torshin បាន​បង្កើតអង្គការសិទ្ធិកាន់កាំ​ភ្លើងដែលជា​អង្គការ​លម្អៀង​ទៅ​ខាង​ការ​ប្រើប្រាស់កាំ​ភ្លើង​ដោយ​យក​គម្រូតាមសមាគម NRA របស់​ស​.រ.អា.កាល​ពី​ឆ្នាំ២០១២។

បើ​តាម​គណនី​បណ្តាញ​សង្គមរបស់ជនជាតិ​រុស្សី​ទាំងពីរ​នាក់នេះ​ថា​លោក Torshin បានក្លាយ​ជា​សមាជិក​មួយ​ជីវិត​នៃ​សមាគម NRA ហើយ​ជន​ទាំងពីរ​នាក់​នេះ​បានចូល​រួម​ជា​ទៀង​ទាត់ដល់ការ​ប្រជុំ​ប្រចាំ​ឆ្នាំនៃក្រុម​ការពារ​សិទ្ធិ​ខាង​ការ​មាន​កាំ​ភ្លើងនៅ​ក្នុង​ស.រ.អា.កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​នេះ។

ពួករដ្ឋអាជ្ញា​ស.រ.អា.បាន​ចោទប្រកាន់​ថាអ្នកស្រី​ Butina បានស្វះស្វែង​ឱ្យ​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធជាមួយសមាគម NRA ជា​វិធី​មួយដើម្បីជ្រៀតចូល​ទៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពី​ឆ្នាំ២០១៦។​ បើតាម​ email មួយ​ពី​អ្នកស្រី​ Butina ដែល​បានត្រូវស្ទាក់ដោយ FBI និង​បានត្រូវ​និយាយ​យោង​នៅ​ក្នុង​ការ​ចោទប្រកាន់ជា​ផ្លូវ​ការ​នេះ​ថា​គោល​ដៅ​គឺ​ធ្វើឱ្យ​ផ្លាស់ប្តូរ​អ្វីដែល​រុស្សី​បានឃើញ​ថា​ជា​គោល​នយោបាយ​«អវិជ្ជមាន​និងគឃ្លើន» របស់គណបក្ស​សាធារណរដ្ឋ​ចំពោះ​ប្រទេសរុស្សី៕

XS
SM
MD
LG