លោកប្រធានាធិបតីរុស្ស៊ី Vlamidir Putin និងមេដឹកនាំស៊ីរី Bashar al-Assad បានពិភាក្សាគ្នាអំពីសេចក្តីត្រូវការការផ្តោតការយកចិត្តទុកដាក់លើដំណោះស្រាយខាងនយោបាយដល់សង្គ្រាមនៅក្នុងប្រទេសស៊ីរីនៅពេលដែលអស់លោកបានជួបប្រជុំគ្នា ដោយមិនបានត្រូវប្រកាសជាមុនកាលពីថ្ងៃចន្ទនៅក្នុងក្រុង Sochi។
ប្រទេសទាំងពីរនេះបានប្រាប់ឱ្យដឹងអំពីកិច្ចចរចានៅថ្ងៃអង្គារនេះ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ការពិភាក្សាគ្នានេះអាចជួយឱ្យមានកិច្ចព្រមព្រៀងដែលប្រទេសរុស្ស៊ីអាចសម្រេចបានជាមួយពួកមន្ត្រីនៃប្រទេសតួកគី និងប្រទេសអ៊ីរ៉ង់។
វិមានក្រឹមឡាំង និងទីភ្នាក់ងារព័ត៌មាន SANA នៃប្រទេសស៊ីរីក៏បាននិយាយដែរថាលោក Putin បានពណ៌នាថាកិច្ចប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរីជិតចប់ហើយ ហើយលោកបានសរសើរលោក Assad អំពីការប្រយុទ្ធដោយជោគជ័យប្រឆាំងនឹងពួកភេរវជន។
លោក Assad ដែលបើតាមបណ្តាញផ្សាយព័ត៌មានរុស្ស៊ីថាបានស្ថិតនៅក្នុងក្រុង Sochi ប្រមាណបួនម៉ោងកាលពីថ្ងៃចន្ទ បាននិយាយថាលោកមានជំនឿថាស្ថានភាពសង្គ្រាមអនុញ្ញាតឱ្យមេដឹកនាំទាំងពីរនាក់នេះរំពឹងថានឹងមានការជឿនលឿនខាងនយោបាយ។
មេដឹកនាំស៊ីរីរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីពីរឆ្នាំមុននេះនៅពេលដែលកងកម្លាំងរុស្ស៊ីបានបើកធ្វើកិច្ចប្រតិបត្តិការយោធាក្នុងប្រទេសស៊ីរីដែលបានជួយលើកកម្លាំងក្រុមយោធារបស់លោក៕