ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីនិង​អាស៊ាន​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ពហុ​វិស័យ​ឲ្យ​បាន​ស៊ីជម្រៅ


ពី​ឆ្វេង អគ្គ​លេខាធិការ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh ព្រះ​ចៅ​ស៊ុលតង់​ប្រទេស​ព្រុយនេ Hassanal Bolkiah នាយក​រដ្ឋមន្ត្រី​​ប្រទេស​កម្ពុជា​ លោក ហ៊ុន សែន ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី លោក Joko Widodo នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក Thongloun Sisoulith​ ប្រធានាធិបតី​ប្រទេសរុស្ស៊ី លោក Vladimir Putin នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Najib Razak ប្រធានាធិបតី​ប្រទេស​មីយ៉ាន់ម៉ា លោក Htin Kyaw នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ លោក Prayut Chan-o-cha នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោកMinister Nguyen Xuan Phuc និង រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ភីលីពីន លោក Mario Montejo ឈរ​ថត​រូប​នៅ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​រវាង​អាស៊ាន-រុស្ស៊ី​នៅ​ក្រុង​សូជី ប្រទេស​រុស្ស៊ី ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ​២០១៦។ (Yuri Kochetkov/Pool Photo via AP)
ពី​ឆ្វេង អគ្គ​លេខាធិការ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh ព្រះ​ចៅ​ស៊ុលតង់​ប្រទេស​ព្រុយនេ Hassanal Bolkiah នាយក​រដ្ឋមន្ត្រី​​ប្រទេស​កម្ពុជា​ លោក ហ៊ុន សែន ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី លោក Joko Widodo នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក Thongloun Sisoulith​ ប្រធានាធិបតី​ប្រទេសរុស្ស៊ី លោក Vladimir Putin នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Najib Razak ប្រធានាធិបតី​ប្រទេស​មីយ៉ាន់ម៉ា លោក Htin Kyaw នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ លោក Prayut Chan-o-cha នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោកMinister Nguyen Xuan Phuc និង រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ភីលីពីន លោក Mario Montejo ឈរ​ថត​រូប​នៅ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​រវាង​អាស៊ាន-រុស្ស៊ី​នៅ​ក្រុង​សូជី ប្រទេស​រុស្ស៊ី ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ​២០១៦។ (Yuri Kochetkov/Pool Photo via AP)

កិច្ចប្រជុំថ្នាក់​កំពូល​នៅ​ក្រុង​សូជី​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​កិច្ច​ប្រជុំ​ពិសេស ​ដោយ​សារ​ឆ្នាំ​នេះ​ជា​ការ​រំឭក​ខួប​ឆ្នាំ​ទី២០ ​ដែល​រុស្ស៊ីបាន​ចាប់​ផ្តើម​ក្លាយ​ជា​ដៃគូ​សន្ទនា​ជាមួយ​នឹង​អាស៊ាន ​ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចសហការ​ទៅ​វិញ​ទៅ​មក​នោះ។

ក្រុម​មេដឹកនាំ​ប្រទេស​អាស៊ាន​និង​រុស្ស៊ីគ្រោង​នឹង​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ស៊ីជម្រៅ​ថែម​ទៀត​រវាង​ដៃគូ​ទាំង​ពីរ។​ ប្រទេស​អាស៊ាន​និង​រុស្ស៊ី​ចាប់​ផ្តើម​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នានា​ដើម្បី​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​ឲ្យ​ដល់ កម្រិត​ដៃគូ​យុទ្ធសាស្ត្រ។

កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​នៅ​ក្រុង​សូជី​ (Sochi) លើ​ទឹកដី​រុស្ស៊ី​ រវាង​មេដឹកនាំ​រុស្ស៊ី ​និង​ក្រុម​មេដឹកនាំ​អាស៊ាន​១០​ប្រទេស​ រួម​ទាំង​កម្ពុជា​ផង​នោះ​ នឹង​នាំ​មក​នូវ​កិច្ច​ព្រមព្រៀង​ជាច្រើន​ដែល​នឹង​បង្កើន​ទំនាក់ទំនង​របស់​ប្រទេស​រុស្ស៊ី និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ មួយ​កម្រិត​ខ្ពស់​ថែម​ទៀត​ឆ្ពោះ​ទៅ​កាន់​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ដូច​ជា​អាស៊ាន​មាន​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ​ចិន​ ហើយ​នឹង​ប្រទេស​ដទៃ​ទៀត​ដែរ។

កិច្ចប្រជុំ​អាស៊ាន​រយៈពេល​២ថ្ងៃ​ដែល​បញ្ចប់​នៅ​ថ្ងៃសុក្រ​ទី២០​ ខែ​ឧសភា​នឹង​មាន​ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍​ក្រុង​សូជី ​និង ​ផែនការ​សកម្មភាព​៥​ឆ្នាំ​បន្ត​ គឺ​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០។​ កិច្ចប្រជុំ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​កិច្ច​ប្រជុំ​ពិសេស ​ដោយ​សារ​ឆ្នាំ​នេះ​ជា​ការ​រំឭក​ខួប​ឆ្នាំ​ទី២០ ​ដែល​រុស្ស៊ី​បាន​ចាប់​ផ្តើម​ក្លាយ​ជា​ដៃគូ​សន្ទនា​ជាមួយ​នឹង​អាស៊ាន ​ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចសហការ​ទៅ​វិញ​ទៅ​មក​នោះ។

នៅ​ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​ក្រុង​សូជី​ដែល VOA ​ទទួល​បាន​មុន​ការ​អនុម័ត​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជាច្រើន​អំពី​រឿង​សន្តិសុខ​ក្នុង​តំបន់​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ បញ្ហា​សង្គម ​បរិស្ថាន ​ភេរវកម្ម​ និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ បញ្ហា​សេរីភាព​នាវាចរណ៍​ ដែល​ជា​រឿង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង ទន្ទឹមគ្នា​នឹង​ក្តី​បារម្ភ​រឿង​ផ្សេងៗ​ទៀត​ ហើយ​ដែល​អាស៊ាន​និង រុស្ស៊ីសរសេរ​ថា​ព្រមព្រៀង​គ្នា​ដើម្បី​ដោះស្រាយ​រួមគ្នា​និង​ធ្វើ​កិច្ច​សហការ​គ្នា។

​នៅ​ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ក្រុង​សូជី​ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ថា៖

«សូម​បញ្ជាក់​ថា ការ​តាំងចិត្ត​របស់​យើង​ គឺ​ដើម្បី​កសាង​ទំនាក់ទំនង​ឈរ​លើ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​រឹងមាំ​ឡើង​រវាង​អាស៊ាន​និង​សហព័ន្ធ​រុស្ស៊ី​ ឆ្ពោះ​ទៅ​កាន់​សន្តិភាព​ ស្ថិរភាព​និង​ភាព​រីកចម្រើន​ក្នុង​តំបន់‍»។

ឯកសារ​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ផ្តល់​សច្ចាប័ន​និង​គោរព​ពិធីសារ​នៃ​សន្ធិសញ្ញា​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

ក្រៅពី​នេះ​ទៀត​ ក៏​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ធ្វើ​ការ​ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ផ្តល់​ព័ត៌មាន​ស្តី​ពី​ការ​គំរាម​ផ្នែក​សន្តិសុខ​ទៅ​វិញ​ទៅមក​តាម​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ។

បើ​តាម​ឯកសារ​ព្រាង​ជា​ផែនការ​លម្អិត​នៃ​ផែនការ​សកម្មភាព​ចំនួន២​ទំព័រ​ដែល VOA ទទួល​បាន​ផង​នោះ​ អាស៊ាន​និង​រុស្ស៊ីក៏​បាន​បញ្ជាក់​ថា​នឹង៖

«ផ្លាស់ប្តូរ​ព័ត៌មាន​ស្តី​ពី​ក្រុម​ភេរវករ​ និង​ព័ត៌មាន​ស្តី​ពី​ការ​វាយប្រហារ​ដែល​អាច​នឹង​កើត​មាន​ឡើង និង​ការ​គំរាម​នានា​ រួម​ទាំង​សកម្មភាព​ពាក់ព័ន្ធ​នឹង​អាវុធ​គីមី ​ជីវសាស្ត្រ​ និង​វិទ្យុ​សកម្ម​ឬ​អាវុធ​នុយក្លេអ៊ែរ ​និង​សកម្មភាព​ភេរវកម្ម​ដ៏​គឃ្លើន​ប្រឆាំង​នឹង​ប្រទេស​នានា​និង​ពលរដ្ឋ​ ហើយ​នឹង​ការ​ចែក​រំលែក​ការ​យល់​ដឹង​និង​បទ​ពិសោធន៍​តាម​វិធីសាស្ត្រ​ត្រឹម​ត្រូវ»។

ចំពោះ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​វិញ​ រុស្ស៊ីបាន​ស្នើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​រវាង​អាស៊ាន​និង​អាស៊ី​អឺរ៉ុប​ដែល​ជា​ទីផ្សារ​តែមួយ​បង្កើត​បាន​ផលិតផល​សរុប​ក្នុង​ស្រុក​ប្រហែល​៤​លាន​លាន​ដុល្លារ។​ តែ​ប្រទេស​អាស៊ាន​កំពុង​ពិចារណា​សំណើ​នេះ។​ នៅ​ក្នុង​សេចក្តី​ព្រាង​នៃ​ផែនការ​សកម្មភាព​រវាង​អាស៊ាន​និង​រុស្ស៊ីដដែល បាន​បញ្ជាក់​ថា​នឹង៖

«បង្កើន​ដៃគូ​ឯកជន​និង​រដ្ឋ​ក្នុង​ការ​ពង្រឹង​ការ​វិនិយោគ​ឯកជន​ចល័ត​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ ​ទៅ​វិញ​ទៅ​មក ​ក៏​ដូច​ជា​ការ​បង្កើត​ទំនាក់ទំនង​វិស័យ​ឯកជន​ ជា​ពិសេស​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​ ​មធ្យម​ និង​ធុន​ធំ ​ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​ រវាង​ពាណិជ្ជកម្ម​ទៅ​ពាណិជ្ជកម្ម ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ក្រុមប្រឹក្សា​ធុរកិច្ច ​អាស៊ាន​និង​រុស្ស៊ី ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន​ ក៏​ដូច​ជា​សភា​ពាណិជ្ជកម្ម​ ឧស្សាហកម្ម ​ដើម្បី​ពង្រឹង​បណ្តាញ​ធុរកិច្ច​និង​ឱកាស‍»។

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន និង​ថ្នាក់​ដឹក​នាំប្រទេស​ក្នុងអាស៊ាន​ជួប​ប្រជុំ​នៅ​ក្រុង​សូជី
ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន និង​ថ្នាក់​ដឹក​នាំប្រទេស​ក្នុងអាស៊ាន​ជួប​ប្រជុំ​នៅ​ក្រុង​សូជី

លោក​ Achmad​ Rizal ​Purnama លេខា​ទូត​ទី១​នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រាប់ VOA ភាសា​ខ្មែរ​ថា​ កិច្ច​ប្រជុំ​កំពូល​នឹង​ផ្តល់​សារៈសំខាន់​ ហើយ​គេ​ឃើញ​ថា​បណ្តា​ប្រទេស​ធំៗ​ ក្នុង​តំបន់​ដូច​ជា​រុស្ស៊ីចង់​បង្កើន​ទំនាក់ទំនង​ជិតដិត​ជា​មួយ​អាស៊ាន ​ហើយ​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ សន្តិសុខ​និង​ស្ថិរភាព​តំបន់។

«វា​ជា​រឿង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​របស់​យើង​ក្លាយ​ជា​ទឹកដី​នៃ​កិច្ច​សហប្រតិបត្តិការ និង​ការ​សហការ​រវាង​ប្រទេស​ធំៗ ​ដែល​អាស៊ាន​បាន​ចាត់​ទុក​រឿង​នេះ​ជា​រឿង​សំខាន់​របស់​ខ្លួន​ក្នុង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា ​គឺ​ជា​ប្រទេស​ធំៗ​ក្នុង​តំបន់‍»។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​លោក Peter Maguire ដែល​ឃ្លាំ​មើល​នយោបាយ​ក្នុង​តំបន់​បាន​មើល​ឃើញ​ពី​ឥទ្ធិពល​របស់​រុស្ស៊ី​ដែល​ចាប់ដៃ​ជាមួយ​ចិន​ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​ជួប​បញ្ហា​នយោបាយ​ការ​បរទេស​និង​ភាព​វឹកវរ​នៃ​នយោបាយ​ផ្ទៃ​ក្នុង​ខ្លះ។

«សម្ព័ន្ធ​មិត្ត​រុស្ស៊ីអាស៊ាន​កើត​ឡើង​ក្រោយ​សហរដ្ឋ​អាមេរិក​ទម្លាក់​ចោល​ការ​ទទួល​ខុស​ត្រូវ​នយោបាយ​ពិភព​លោក។​ បន្ថែម​លើ​នេះ ​ការ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ដ៏​ធំ​គឺ​ចាប់តាំង​ពី​ការ​វាយប្រហារ​ភេរកម្ម​ថ្ងៃទី១១ ​ខែ​កញ្ញា។ ​នោះ​គឺ​បញ្ជាក់​ពី​ការ​បរាជ័យ​ជា​មហា​អំណាច​ពិភពលោក។​ លោក​ពូទីន​(ប្រធានាធិបតី​រុស្ស៊ី)​បាន​បង្កើន​ឥទ្ធិពល​ឡើង ​ហើយ​សង្ឃឹមថា​ នឹង​ក្លាយ​ជា​មេដឹកនាំ​ ពិភពលោក​បន្ទាប់​ទៅ។ ​នេះ​ជា​រឿង​សាមញ្ញ។ ​ដោយមាន​ចិន​ជា​អ្នក​គាំទ្រ​ ហើយ​ដោយ​មាន​ការ​ផ្លាស់ប្តូរ​ដំណើរការ​នយោបាយ​សរអា​ផង​នោះ ​វា​ល្មម​អាច​ឲ្យ​លោក​ពូទីន​ទទួល​បាន​អ្វី​ដែល​លោក​ចង់​បាន»។

នៅ​ក្នុង​ផែនការ​សកម្មភាព​របស់​រុស្ស៊ីនិង​អាស៊ាន​ដែល​មិន​សូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នោះ ​គឺ​មាន​រៀបរាប់​លម្អិត​នូវ​គម្រោង​សកម្មភាព​នានា ​ដែល​រុស្ស៊ីនិង​អាស៊ាន​ព្រមព្រៀង​គ្នា​នឹង​ធ្វើ​សហការ​ដ៏​ខ្លាំងក្លា​ជាមួយ​គ្នា​នោះ​ គឺ​រាប់ទាំង​បញ្ហា​សន្តិសុខ ​នយោបាយ​ សេដ្ឋកិច្ច ​សង្គម ​បរិស្ថាន​ សុខាភិបាល​ ទេសចរណ៍ ​ហិរញ្ញវត្ថុ ​ទិដ្ឋាការ ​ភេរវកម្ម ​និង​បញ្ហា​លម្អិត​ជា​ច្រើន​ទៀត។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ដែល​ចូលរួម​ប្រជុំ​កំពូល​ក្នុង​ក្រុង​សូជី​ផង​នោះ​បាន​ជួប​ចរចា​ជាមួយ​នឹង​លោក​ប្រធានាធិបតី ​វ្លាឌីម៊ៀ ពូទីន ​នៃ​ប្រទេស​រុស្ស៊ីផង​ដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ មុន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល។​ លោក​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចាត់​ទុក​ថា​ ​ទស្សនកិច្ច​ក្នុង​ប្រទេស​រុស្ស៊ីនេះ​ មាន​លទ្ធផល​ល្អ​ប្រសើរ​ ហើយ​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​ចរចា​ទាំង​ជាមួយ​នាយករដ្ឋមន្ត្រី ​និង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ​បាន​ធ្វើ​ឡើង​ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព ​និង​សហ​ប្រតិបត្តិការ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«យើង​រីករាយ​ធ្វើការ​ជាមួយ​ដៃគូ​ដែល​ជា​មហា​អំណាច​នៃ​ពិភពលោក ​ពហុប៉ូល ​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​យើង​រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​ ហើយ​ដែល​តែង​បាន​ផ្តល់​ជំនួយ​ដល់​យើង​សម្រាប់​ការពារ ​និង​កសាង​ប្រទេស‍»។

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ពី​មនោសញ្ចេតនា​ដែល​ពោរពេញ​ដោយ​ការ​រាប់អាន ​ចំពោះ​ការណ៍​ដែល​លោក​ពូទីន​ចាត់​ទុក​កម្ពុជា​ ថា​ជា​មិត្ត​ចាស់​និង​ដៃគូ​ប្រពៃ ជា​មិត្ត​ដ៏​ជិតស្និទ្ធ ​និង​ជា​ទី​ទុក​ចិត្ត៕

XS
SM
MD
LG