អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនបានសារភាពថា លោកមានទោសទេកាលពីថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចំពោះបទចោទសហព័ន្ធចំនួន ៤ ករណីដែលថា លោកបានប៉ុនប៉ងប្រែក្រឡាប់បរាជ័យនៃការបោះឆ្នោតឆ្នាំ ២០២០ របស់លោក ដើម្បីរក្សាអំណាច ៤ ឆ្នាំទៀតនៅសេតវិមាន។
លោក Trump ដែលបានបដិសេធថា លោកមិនបានធ្វើខុសចំពោះការចោទប្រកាន់នានាដែលលោកកំពុងប្រឈមមុខ បានបញ្ជាក់នៅមុខតុលាការក្នុងដំណើរដ៏កម្រមួយរបស់លោកមកកាន់រដ្ឋធានីរបស់សហរដ្ឋអាមេរិកក្នុងពេលពីរឆ្នាំកន្លះ ក្រោយពីអ្នកបោះឆ្នោតបានបោះឆ្នោតទម្លាក់លោកចេញពីអំណាច ក្រោយពីលោកបានកាន់តំណែងជាប្រធានាធិបតីបានមួយអាណត្តិ។
ដោយមានសន្តិសុខការពារយ៉ាងតឹងរ៉ឹងនៅតុលាការក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Trump បានអង្គុយស្តាប់បទចោទប្រកាន់ជាផ្លូវការនៅមុខចៅក្រមរយៈពេលកន្លះម៉ោង ដោយឆ្លើយសំណួរធម្មតាពីចៅក្រម Moxila Upadhyaya ដោយប្រាប់ឈ្មោះពេញរបស់លោកគឺ Donald John Trump អាយុ៧៧ ឆ្នាំ ហើយអះអាងបញ្ជាក់ថា លោកមិនស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនណាមួយទេ។
អ្នកស្រីចៅក្រម Upadhyaya បានអានបទចោទប្រកាន់នៅចំពោះមុខលោក Trump ដែលចោទលោកថា បានឃុបឃិតប្រឆាំងសហរដ្ឋអាមេរិក ដើម្បីប្រែក្រឡាប់បរាជ័យនៃការបោះឆ្នោតរបស់លោក ចំពោះលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យដែលបច្ចុប្បន្នជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយក៏បានរៀបរាប់ពីទោសជាប់ពន្ធនាគារដ៏យូរអង្វែង ដែលលោកនឹងប្រឈម បើលោកត្រូវបានកាត់ទោសនោះ។
បន្ទាប់មក លោក Trump ដែលស្លៀកពាក់អាវធំពណ៌ខៀវចាស់និងក្រវាត់កពណ៌ក្រហមតាមទម្លាប់របស់លោក បានប្រាប់ចៅក្រមថា លោកមិនទទួលស្គាល់កំហុសដូចក្នុងលិខិតចោទប្រកាន់ផ្លូវការកម្រាស់ ៤៥ ទំព័រ ដែលមហាគណៈវិនិច្ឆ័យបានប្រគល់ជូនលោកកាលពីថ្ងៃអង្គារ តាមសំណើរបស់រដ្ឋអាជ្ញាពិសេសរបស់ក្រសួងយុត្តិធម៌ គឺលោក Jack Smith នោះទេ។
លោក Smith ក៏ស្ថិតក្នុងបន្ទប់សវនាការដោយអង្គុយនៅមិនឆ្ងាយប៉ុន្មានពីលោក Trump តែគូបដិបក្សទាំងពីរនាក់ហាក់មិនបានប្រាស្រ័យទាក់ទងគ្នាទេ។ លោក Trump អង្គុយនៅខាងតុចុងចម្លើយស្តាប់ចៅក្រម ដោយទ្រោបទៅមុខនិងក្តាប់ដៃរបស់លោក។
មុនពេលសវនាការចាប់ផ្តើម លោក Trump បានថ្លែងថា៖ «នៅទីនេះ ស្ងាត់ណាស់» ដោយចៅក្រមឡើងទៅកាន់អាសនៈយឺតប្រហែល ១០ នាទី។ លោក Trump ត្រូវបានកត់ឈ្មោះនិងយកក្រយៅដៃរួចហើយ តែដោយសារលោកជាឥស្សរជនដែលគេស្គាល់ជាសកលនោះ អាជ្ញាធរមិនបានថតរូបលោកទេ។
អ្នកស្រីចៅក្រម Upadhyaya បានកំណត់យកថ្ងៃទី ២៨ ខែសីហា សម្រាប់សវនាការបន្ទាប់ក្នុងសំណុំរឿងនេះ ហើយសវនាការនោះនឹងបើកដោយចៅក្រមសាលាដំបូង អ្នកស្រី Tanya Chutkan ដែលត្រូវបានជ្រើសរើសដោយគ្មានការកំណត់ជាមុន ឲ្យដឹកនាំការជំនុំជម្រះក្តីលោក Trump។ ចៅក្រម Upadhyaya និយាយថា ចៅក្រម Chutkan ព្រមលើកលែងការបង្ហាញមុខរបស់លោកនៅក្នុងសវនាការលើកដំបូង បើលោកមិនចង់បង្ហាញមុខទេនោះ៕