ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រ៉ុង ឈុន​ក្លាយ​ជា​អ្នក​រៀបចំ​ការបោះឆ្នោត​តែ​ហ៊ុំព័ទ្ធ​ដោយ​ឧបសគ្គ​អតីតកាល


លោក ​រ៉ុង ឈុន​ និង​អតីតសហការី​ចូលរួម​គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត​​កែមឡីអតីត​អ្នកវិភាគសង្គម។ (ផ្តល់​ឲ្យ​ដោយ អ៊ុក ឆាយ៉ាវី)
លោក ​រ៉ុង ឈុន​ និង​អតីតសហការី​ចូលរួម​គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត​​កែមឡីអតីត​អ្នកវិភាគសង្គម។ (ផ្តល់​ឲ្យ​ដោយ អ៊ុក ឆាយ៉ាវី)

អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​លោក​ រ៉ុង ឈុន​ អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចាក​ចេញ​ពី​​​សមាគម​ដែល​លោក​បាន​ដឹកនាំ​ជាង​១៥​ឆ្នាំ​​​មក​បម្រើ​ការងារ​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

ជា​អតីត​សកម្មជន​ម្នាក់ដែល​គេ​តែងតែ​ឃើញមុខ​នៅ​រាល់​ពេល​បាតុកម្ម​របស់​កម្មករ​និង​ម្តងម្កាលត្រូវ​ចាប់​ឃាត់​ខ្លួន​និងដាក់​ពន្ធនាគារ​ នៅ​ពេល​នេះ​លោក​ រ៉ុង ឈុន ​បាន​បង្ហាញមុខ​មាត់​ក្នុង​កម្មវិធី​សាធារណៈ​និង​សម្តែង​មតិ​តិច​ជាង​មុន​ស្រប​ពេល​ដែល​សកម្មភាពតវ៉ា​នានា​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ប្រទេសកម្ពុជាបានស្ងប់ស្ងាត់​ដោយសារ​ការ​ហាមឃាត់​តឹងរ៉ឹង។

អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​លោក​ រ៉ុង ឈុន​ អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចាក​ចេញ​ពី​សមាគម​ដែល​លោក​បាន​ដឹកនាំ​ជាង​១៥​ឆ្នាំ​មក​បម្រើ​ការងារ​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

នេះ​ជា​ការ​ផ្លាស់ប្តូរ​បែបបទ​នៃ​ការ​ធ្វើ​ការងារ​មួយ​សម្រាប់​សកម្មជន​រូប​នេះ​ដែល​ល្បី​ឈ្មោះ​ដោយ​សារ​តែ​ការ​តវ៉ា​នៅ​តាម​ផ្លូវសាធារណៈ​និង​អត្ថាធិប្បាយ​រិះគន់​រដ្ឋាភិបាលមិន​សូវ​សំចៃ​មាត់។ ប៉ុន្តែ​លោក រ៉ុង ឈុន ​អះអាង​ថា​ ជំហរ​របស់​លោក​នៅតែ​ដដែល​ទេ៖

«ជំហរ​របស់​ខ្ញុំ​មិន​មាន​អ្វី​ប្រែប្រួល​ទេ។ ជំហរ​ពីមុន​មក​យ៉ាងម៉េច​មក​ការងារ​ថ្មី​នៅ​ជំហរ​ដដែល​ប៉ុន្តែ​គ្រាន់តែ​លក្ខណៈ​ការងារ​វា​មាន​ការ​ប្លែក​គ្នា​បន្តិច‍»។

ជំហរ​ដែល​លោក ​រ៉ុង ឈុន​ តែងតែ​មាន​ជា​ប្រចាំ​នោះ​គឺថា៖

«ពាក្យ​ថា​ជំហរ​មិន​ប្រែប្រួល​ហ្នឹង​យើង​ចង់​និយាយ​ថា​ ស​ថា​ស ​ខ្មៅ​ថា​ខ្មៅ​ មិន​មែន​បត់​បែន​ស​មក​ថា​ខ្មៅ ​ខ្មៅ​ទៅ​ថា​ស​នោះ​ទេ។ ចឹង​ជំហរ​យើង ​យើង​នៅ​តែ​ស្មោះត្រង់​ជាមួយ​ប្រជា​ពលរដ្ឋ​ជាមួយ​ជាតិ។ បើ​មួយ​បូក​មួយ​គឺ​ពីរ​តែ​ម្តង​ហើយ​បាទ‍»។ ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ​មានថ្នាក់​ដឹកនាំ​ថ្មីចំនួន៩រូបដែល​រៀប​ចំឡើងកាលពី​ខែ​មេសា​ឆ្នាំ​២០១៥​តាមការព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​មានការ​តវ៉ា​ក្រោយ​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​នៃ​គណៈកម្មាធិការ​នេះ​មាន​មន្ត្រី​៤​រូប​ជ្រើសរើស​មកពីគណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច ​បួន​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​និង​មួយ​រូប​មកពី​តំណាង​អង្គការ​សង្គម​ស៊ីវិល។ លោក ​រ៉ុង ឈុន​ ត្រូវ​បាន​បញ្ចូល​ក្រោម​កូតា​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បាន​ប្រៀបធៀបការងារ​ចាស់​និងការងារ​ថ្មី​របស់​លោក​ថា៖

«មួយ​យើង​ប្រើ​ការ​តស៊ូ​មតិ​ដើម្បី​ជំរុញ​ឱ្យ​លក្ខខណ្ឌ​ការងារ​គ្រូបង្រៀន​លក្ខខណ្ឌ​កម្មករ​សិទ្ធិ​គ្រូ​បង្រៀន​ សិទ្ធិ​កម្មករ​មាន​សេរីភាព​មាន​ប្រាក់ខែ​សមរម្យ​អាច​រស់នៅ​បាន​។ ប៉ុន្តែ​នៅ​ក្នុង​ការងារ​ថ្មី​យើង​ក៏​ប្រើ​ពាក្យ​មួយ​ដែរ​ថា​កំណែ​ទម្រង់​ស្ថាប័ន​គ.ជ.ប ​ធ្វើ​ម៉េច​ឱ្យ​មាន​លក្ខណៈ​សេរី​ យុត្តិធម៌ ​ត្រឹមត្រូវ​ ឯករាជ្យ​ហើយ​លទ្ធផល​ដែល​ភាគី​គណបក្ស​នីមួយៗ​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា‍»។​

ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​បាន​អូស​បន្លាយ​រហូត​ដល់ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ក៏​មាន​ការ​ស្តី​បន្ទោស​ដល់​លោក អ៊ឹម សួស្តី​ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​លោក​ ទេព នីថា ​អគ្គលេខាធិការ​នៃ​ស្ថាប័ន​នេះ​ផង​ដែរ។

​លោក ​រ៉ុង ​ឈុន ក៏បាន​ចូលរួម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នោះ​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ថ្មី​លោក ទេព នីថា ​នៅ​តែ​កាន់​តួនាទី​ដដែល​ហើយ​ប្រភព​ខ្លះ​អះអាង​ថា​លោក​ នីថា មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ទាំង​៩​នាក់​ទេ​ក្នុង​ពេល​សម្រេច​ជ្រើសរើស។

លោក​ រ៉ុង ឈុន​ បាន​ពន្យល់ថា៖

«តាម​ពិត​ទៅ​លោក​ ទេព នីថា ​គាត់​បាន​សំឡេង​គាំទ្រ​ច្រើន​អីចឹង​យើង​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ដូចជា​ខ្ញុំ​អីចឹង​ខ្ញុំ​ត្រូវតែ​គោរព​ទៅតាម​សំឡេង​ភាគច្រើន​ចឹង​រាល់​គាត់​ដែល​ទទួល​ការងារ​អគ្គលេខាធិការ​ហ្នឹង​គ្រាន់តែ​ជា​ការងារ​បច្ចេកទេស​ទេ។ គាត់​ដើរ​តួនាទី​ជា​ជំនួយការ​ឱ្យ​គ.ជ.ប​ប៉ុណ្ណឹង​ទេ‍»។

លោក រ៉ុង ឈុន​ ដែល​ធ្លាប់​តែ​បើក​ទូលំទូលាយ​ក្នុង​ការ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​និង​បញ្ចេញ​ទស្សនៈ​លើ​បញ្ហា​គ្រូបង្រៀន​និង​កម្មករ​បាន​សារភាព​ថា​លោក​មាន​ការ​តឹងចិត្ត​ខ្លះៗ​ដែរ​ពី​ដំបូង​នៅ​ពេល​ដែល​លោក​មិន​អាច​ធ្វើ​ដូច​មុន​បាន៖

«ការងារ​ថ្មី​យើង​មិន​អាច​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​បាន​ទេ​ពីព្រោះ​នៅ​ក្នុង​ស្ថាប័ន​ថ្មី​យើង​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​ស្តីពី​គ.ជ.ប​ក៏​ដូច​ជា​ច្បាប់​បោះឆ្នោត​ហើយ​នៅ​ក្នុង​ស្ថាប័ន​មាន​អ្នកនាំពាក្យ​ដូច្នេះ​យើង​មិន​អាច​ទៅ​ជ្រៀតជ្រែក​ការងារ​អ្នកនាំពាក្យ​បាន​ទេ។ អីចឹង​មុនដំបូង​អារម្មណ៍​មាន​ការ​តានតឹង​ដែរ‍»។

ការណ៍​នេះ​អាច​ពន្យល់​បាន​តាម​រយៈ​សកម្មភាព​មួយ​ក្រោយ​ពី​ទទួល​បាន​ការ​តែងតាំង​ភ្លាមៗ​គឺលោកបានទៅ​មើល​ការ​ប្រារព្ធ​កម្មវិធី​ទិវា​ពលកម្ម​អន្តរជាតិ​រៀបចំ​ដោយ​សកម្មជន​សហជីព​មួយ​ចំនួន។ ​លោក​ក៏​ត្រូវ​ប្រធាន​ស្ថាប័ន​ព្រមាន​ឱ្យ​រក្សា​ភាព​អព្យាក្រឹត។

លោក​ រ៉ុង ឈុន​ កើត​នៅ​ឆ្នាំ​១៩៦៩ ​នៅ​ឃុំតាលន់​ ស្រុក​ស្អាង ​ខេត្ត​កណ្តាល។ លោក​ជា​កូន​ទី​បួន​នៅ​ក្នុងគ្រួសារមួយ​ដែល​មានកូន​ប្រាំ​នាក់។ លោក ​រ៉ុង ឈុន ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារដែល​នៅ​មិន​ទាន់​រៀបការ។

លោក​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឯកទេស​គណិតវិទ្យា​ហើយបានចេញបង្រៀននៅ​ឆ្នាំ​១៩៩៣​នៅ​វិទ្យាល័យ​ស្អាង​ក្នុង​ទឹកដី​កំណើត​របស់​លោក។

ទោះបី​ជា​មាន​តួនាទី​ជា​គ្រូ​បង្រៀន ​លោក​ រ៉ុង ឈុន​ និង​មិត្តភក្តិ​របស់​គាត់​ជាច្រើន​នាក់​រួម​មានលោក​ ជា វិជ្ជា ​បាន​ចូលរួម​សកម្មភាព​សង្គម​ដោយ​ជួយ​តវ៉ា​កម្មករ​រោងចក្រ​ទាមទារ​ប្រាក់​ខែ​និង​លក្ខខណ្ឌ​ការងារ​តាំងពីឆ្នាំ១៩៩៦។​

លោក ​រ៉ុង ឈុន​ និង​គ្រូ​បង្រៀន​មួយ​ក្រុម​មាន​គ្នា​ជាង​៣០​នាក់​បាន​រួមគ្នា​បង្កើត​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ក្នុង​ខែ​មីនា​ឆ្នាំ​២០០០​ដើម្បី​ជួយ​ទាមទារ​សិទ្ធិ​និង​ប្រាក់​ខែ​របស់​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស។ បច្ចុប្បន្ន​សមាគម​នេះ​មាន​សមាជិក​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២០។

អ្នកស្រី​ អ៊ុក ឆាយ៉ាវី ​ប្រធាន​ស្តី​ទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​សមាគម​នេះ។

«តាំងពី​សមាគម​គ្រូបង្រៀន​កើតឡើង​រហូត​ដល់​ឥឡូវ​ឃើញ​ថា​ជីវភាព​លោកគ្រូ​អ្នកគ្រូ​យើង​មាន​ការកើនឡើង​ប៉ុន្តែ​គ្រាន់តែ​អត់ទាន់​ដល់​កម្រិត​អ្វី​ដែល​យើង​ទទួល​យក​បាន​ព្រោះ​ទំនិញ​ទីផ្សារ​ក៏​កើន​ឡើង​តាម​ប្រាក់​បៀវត្សរ៍​របស់​លោកគ្រូ​អ្នកគ្រូ​ជាពិសេស​ដែល​ជោគជ័យ​បំផុត​ទៀត​គឺ​លោកគ្រូ​អ្នកគ្រូ​យើង​អាច​មាន​សិទ្ធិ​សេរីភាព​គ្រាន់​បើ​ជាង​មុន‍»។​

អ្នកស្រី ​អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ (ផ្តល់​ឲ្យ​ដោយ ​អ៊ុក ឆាយ៉ាវី)
អ្នកស្រី ​អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ (ផ្តល់​ឲ្យ​ដោយ ​អ៊ុក ឆាយ៉ាវី)

អ្នកស្រី​ឆាយ៉ាវី ​បានបញ្ជាក់​ថា​អ្នកស្រី​បាន​សិក្សា​ពី​លោក​រ៉ុង ឈុន ​មុន​នឹង​សម្រេច​ចូលរួម​សកម្មភាព​របស់​សមាគម​នេះ​ដើម្បី​ចង់​ដឹង​ថា​តើ​លោកគឺ​ជា​មនុស្ស​អាច​នឹងលក់​ឧត្តមគតិ​ឬទេ។ ក្នុង​រយៈពេល​ធ្វើការ​ជាមួយគ្នាអ្នក​ស្រី​សង្កេត​ឃើញថាលោក​រ៉ុងឈុនហ៊ាន​លះបង់​ភាព​សប្បាយ​ហ៊ឺហា​ក្នុង​នាម​ជា​បុរសដើម្បីជួយ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​កម្មករ។ ​

អតីត​សហការី​ម្នាក់​ទៀត​គឺ​អ្នកស្រី​ គឹម តារានី ​បាន​ធ្វើការ​ជាមួយ​លោក​រ៉ុង ឈុន​តាំង​ពី​ឆ្នាំ​២០០២។ អ្នកស្រី​ចាត់ទុក​ថា​ប្រធាន​សមាគម​វ័យ​កម្លោះ​ចាស់​រូបនេះ​បាន​ដណ្តើម​យក​បេះដូង​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​និង​បាន​ធ្វើ​ឱ្យ​ពួកគេខកចិត្ត​នៅពេលដែល​លោក​រ៉ុង ឈុន​ត្រូវ​ផ្លាស់​ទៅ​ធ្វើការ​នៅ​កន្លែង​ថ្មី​ប៉ុន្តែ​មើលឃើញ​ថា​ការងារ​ថ្មី​នេះ​ក៏​អាច​នឹង​ផ្តល់​ផលប្រយោជន៍​បាន​ច្រើន៖

«យើង​ក៏​ប្រែ​ក្លាយ​ការ​ខកចិត្ត​ដែល​បាត់បង់​ថ្នាក់ដឹកនាំ​មួយ​ដែល​ពិបាក​រក ​ដែល​កម្រ​រក​បាន​ហ្នឹងទៅ​ជា​ការ​មាន​ក្តី​សង្ឃឹម​ក្នុង​ចិត្ត​ ដាក់​ក្តី​សង្ឃឹម​លើ​គាត់​ថា​គាត់​នឹង​អាច​ជួយ​ប្រទេស​ជាតិ​យើង​ហ្នឹង​ឱ្យ​មាន​យុត្តិធម៌​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​ និយាយ​រួម​គឺ​ក្នុង​ការបោះឆ្នោត​ហ្មង។ យើង​ផ្តល់​ក្តី​សង្ឃឹម​លើ​ប្រធាន​របស់​យើង​ព្រោះ​យើង​ធ្លាប់​ស្គាល់​ចិត្ត​គាត់​ថា​គាត់​ជា​មនុស្ស​ដែល​មិន​លម្អៀង​ ជា​មនុស្ស​យុត្តិធម៌‍»។​

អ្នកស្រី គឹម តារានី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តពោធិ៍សាត់។ (ផ្តល់​ឲ្យ​ដោយ គឹម តារានី)
អ្នកស្រី គឹម តារានី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តពោធិ៍សាត់។ (ផ្តល់​ឲ្យ​ដោយ គឹម តារានី)

អ្នកស្រី​ តារានី សរសើរ​ដល់​ការ​ធ្វើ​ដំណើរ​របស់​លោក ​រ៉ុង ឈុន ​ទៅ​មើល​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​និង​ការ​ចូលរួម​ដង្ហែ​បុណ្យ​សព​របស់​លោក​បណ្ឌិត កែម ឡី​ ជាដើម។

«ការ​ចូលរួម​របស់​គាត់​គឺ​គាត់​ចូលរួម​ដោយ​បើក​ចំហ​ដោយ​មិន​ខ្លាច​ញញើត​អ្វី​ទេ។ គាត់​ជា​មនុស្ស​បែប​ហ្នឹង។ គាត់​ជា​មនុស្ស​ដែល​ហ៊ាន​និយាយ​ត្រង់ៗ​ធ្ងន់ៗ​ដោយ​មិន​គិត​ពី​រឿង​អ្វី​ទេ​ឱ្យ​តែ​រឿង​ពិត​គឺ​គាត់​និយាយ​ចំៗ​ធ្ងន់ៗ​អី​ចឹង‍»។

ការណ៍​នេះ​ក៏​ធ្វើ​ឱ្យ​អ្នកស្រី​ គឹម តារានី​ ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ផង​ដែរ។

«ទាំង​ខ្ញុំ ​ទាំង​គ្រូ​បង្រៀន​និង​កម្មករ​និង​ប្រជា​ពលរដ្ឋ​ទូទៅ​ហ្នឹង​ចាត់​ទុក​ថា​គាត់​ជា​វីរបុរស​ជា​មរតក​ប្រទេស​ជាតិ​ជា​វីរបុរស​របស់​ពួក​យើង​ខ្ញុំ​ហ្នឹង​ ជា​មរតក​ប្រទេស​ជាតិ​ហើយ​គ្រប់​គ្នា​ហ្នឹង​គឺ​សព្វថ្ងៃ​គឺ​តែងតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គាត់»។

ក្នុង​ពេល​កន្លង​មក​ ការ​ទាមទារ​របស់​លោក​ រ៉ុង ឈុន​ មិន​សូវ​ធ្វើ​ឱ្យ​អាជ្ញាធរ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០១៤​ដោយ​សារ​បាន​ចូលរួម​ក្នុង​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​បាតុករ​២៣​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត។

កាលពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ឆ្នាំ​២០០៥ ​លោក ​រ៉ុង ឈុន ​ក៏​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សេចក្តី​ថ្លែងការណ៍​រិះគន់​កិច្ចព្រមព្រៀង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ប៉ុន្តែត្រូវ​ដោះលែងឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​នៅ​ខែ​មករា​ឆ្នាំ​២០០៦។ ហើយ​ម្ដងម្កាល​លោក​ត្រូវ​ភាគី​រោងចក្រ​បិទ​ទ្វារ​បង្ខាំងក្នុង​រោងចក្រ​នៅ​ពេល​ទៅ​ចូលរួម​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​និង​ក៏​មាន​ពេល​ខ្លះ​ក៏​ត្រូវ​ហូបបាយ​កញ្ចប់​ក្នុង​ទីស្នាក់ការ​ដោយ​សារ​តែ​អាជ្ញាធរ​ព័ទ្ធ​ស្នាក់ការ​ការិយាល័យ​ជាដើម។

រហូត​មក​ដល់​ពេល​នេះ​លោក រ៉ុង ឈុន គ្រាន់តែ​នៅ​ក្រៅ​ឃុំ​ក្នុង​សំណុំរឿង​ពាក់​ព័ន្ធ​នឹង​ព្រំដែន​ដែល​អាច​ត្រូវ​តុលាការ​សើរើវិញ​នៅ​ពេល​ណា​ក៏បាន​ដូច​សំណុំរឿង​នយោបាយ​នានា​ក្នុង​ពេល​កន្លងមក។ រីឯ​សំណុំរឿង​កម្មករ​រោងចក្រ​តវ៉ា​ក្រោយ​ការបោះឆ្នោតនៅ​ផ្លូវ​វ៉េងស្រេង​ក៏​នៅ​មិន​ទាន់​រលត់​ផុត​នៅ​ឡើយ​ដែរ។

លោក ​រ៉ុង ឈុន​ បញ្ជាក់​ពី​សំណុំរឿង​នោះ​ថា៖

«ការ​ដែល​ប្តឹង​នោះ​មិន​មាន​អ្វី​ដែល​ជា​ការពិត​ទេ​ពីព្រោះ​យើង​មិនបាន​ទៅ​ពាក់ព័ន្ធ​នៅ​ផ្លូវ​វ៉េងស្រេងហើយ​បើ​ខ្ញុំ​មិន​ភ្លេច​ទេ ​កាល​ហ្នឹង​មាន​សហជីព​ មាន​ ILO ​មាន​ Buyers ​(អ្នក​បញ្ជា​ទិញ) ​សំខាន់ៗ​ជាមួយ​ក្រសួង​ការងារ​ដែល​ចរចា​គ្នា​ហើយ​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​បណ្តឹង​អីហ្នឹង​ចោលប៉ុន្តែមិន​ដឹង​ថា​ជា​ហេតុអ្វី​បាន​ជា​បណ្តឹង​ហ្នឹង​នៅតែ​បន្ត​មក​ដល់​ពេលនេះ​ទៀត‍»។​

ប៉ុន្តែ​លោក​ត្រូវ​តុលាការ​តម្រូវ​ឱ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​រៀងរាល់​ខែ​ដែល​ទើប​តែ​បញ្ចប់​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។

លោក ​រ៉ុង​ ឈុន ​បន្ថែម​ថា៖

«តាម​ការពិត​ទៅ​វា​ជា​ការ​រំខាន​មួយ​ហើយ​ធ្វើ​ឱ្យ​យើង​មាន​ការ​ខ្វល់​ពី​បញ្ហា​ហ្នឹង​ពីព្រោះ​កន្លង​មក​ហ្នឹង​រាល់​សប្ដាហ៍​ទី​បួន​នៃ​ខែ​នីមួយ​យើង​មាន​ដីកា​បង្គាប់​ឱ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​រៀង​រាល់​សប្តាហ៍​ទី​បួន​នៃ​ខែ។ ចឹង​យើង​ធ្វើ​ការ​បង្ហាញ​ខ្លួន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ចឹង​វា​ជា​ការ​រំខាន​ដល់​ពេល​វេលា​ប៉ះពាល់​ដល់​ពេល​វេលា​ការងារ‍​ច្រើន»។​

ការដឹកនាំការ​តវ៉ា​ទាមទារ​សិទ្ធិ​និង​ប្រាក់ខែ​ដល់​កម្មករ​ត្រូវ​បាន​ភាគីថៅកែ​ទូរស័ព្ទ​មក​សុំ​ឱ្យ​បញ្ឈប់​និង​ប្រគល់​លុយកាក់​ឱ្យ​ប៉ុន្តែ​ត្រូវ​បាន​លោក ​រ៉ុង ឈុន ​ស្នើ​ឱ្យ​ប្រគល់​លុយ​នោះ​ទៅ​កម្មករ​វិញ​ចុះ។​ នេះ​បើ​តាម​ការ​រំលឹក​ឡើង​វិញ​របស់​អ្នកស្រី​ឆាយ៉ាវី​ពី​ព្រឹត្តិការណ៍​មួយ​កាលពី​៥ឆ្នាំ​មុន។

អ្នកស្រី​បន្ថែម​ថា៖​

«ខ្ញុំ​ឃើញ​ថា​គេ​គំរាម​កំហែង​ គេ​ទូរស័ព្ទ​មក​គំរាម​កំហែង​គាត់​អីចឹង​ទៅ​គេ​ថា​ឱ្យ​គាត់​ចេញ​ក្រៅ​ប្រទេស​ទៅ​ បើសិនជា​នៅ​ក្នុង​ប្រទេស​គាត់​នឹង​ត្រូវ​បាន​នឹង​មាន​បញ្ហា​ដល់​ខ្លួន​អីចឹង​ទៅ។ អីចឹង​គាត់​ថា​បើ​សិន​ជា​គាត់​តស៊ូ​មតិ​ហើយ​ គាត់​លះបង់​ប៉ុណ្ណឹង​ជួយ​ប៉ុណ្ណឹង​ដល់​កម្មករ​ដល់​គ្រូ​បង្រៀន​ហើយ​ត្រូវ​ស្លាប់​នៅ​ដី​ខ្មែរ​ចុះ។ គាត់​អត់​ចង់​រត់​ចោលស្រុក​ដើម្បី​នឹង​រួច​ខ្លួន​ ខ្លួន​ឯង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ ធ្លាក់​នៅ​ក្នុង​សេចក្តី​ហិន​វិនាស។ ​ដូច​សព្វថ្ងៃ​យើង​ដឹង​ហើយ​ថា​ប្រទេស​ខ្មែរ​យើង​បើ​អ្នកណា​ហ៊ាន​តវ៉ា ​អ្នកណា​ហ៊ាន​តស៊ូ​អ្វី​ទាមទារ​គឺ​មាន​តែ​ងាប់​និង​ជាប់​គុក‍»។

ក្នុង​ពេល​ដែល​អតីត​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​រ៉ុង ឈុន ​កំពុង​កាន់​កិច្ចការ​ថ្មី​ជា​អ្នកជួយ​ផ្តល់​យុត្តិធម៌​តាម​ដែល​អាច​ទទួល​បាន​ដល់គណបក្ស​នយោបាយ​នានា​ដូច​ដែល​ការ​អះអាង​របស់​គាត់​ អតីត​សហការី​ដូចជា​អ្នកស្រី​គឹម តារានី​នៅតែ​ព្រួយបារម្ភ​ពី​ឧបសគ្គ​ដែល​នឹង​កើត​មាន​ឡើងនៅ​ពេល​ខាង​មុខ​ ជា​ពិសេស​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

អ្នកស្រី​ គឹម តារានី ​បន្ថែម​ថា៖

«ខ្ញុំ​គ្រាន់តែ​ចង់​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ហ្នឹង​មើល​ឃើញ​នូវ​វីរជន ​វីរបុរស​របស់​យើង​ទាំង​វីរជន​ដែល​បាន​ពលី​និង​វីរជន​ដែល​នៅ​រស់រាន​មាន​ជីវិត​ដូចជា​លោ ករ៉ុង ឈុន​ អីចឹង​ ចង់​ឱ្យ​គាត់​បន្ត​ធ្វើ​ដំណើរ​តាម​វីរភាព​របស់​អស់​លោក​ដែល​គាត់​ជា​វីរជន​ដែល​គាត់​ប្រឹងប្រែង​ដើម្បី​ប្រទេស​ជាតិ​របស់​យើង​ដោយ​មិន​គិត​ពី​សុខទុក្ខ​របស់​គាត់​ផ្ទាល់​ មិន​គិត​ពី​សុវត្ថិភាព​គាត់​ផ្ទាល់។ ចង់​អំពាវ​ឱ្យ​ខ្មែរ​ក្រោកឈរ​ឡើង​ទាំងអស់​គ្នា​ព្រោះ​ទោះ​ជា​គាត់​ជា​វីរជន​ក៏ដោយ​ វីរបុរស​ក៏​ដោយ ​និង​ជា​មហារដ្ឋ​បុរស​ក៏ដោយ​ក៏​គាត់​តែ​ម្នាក់​គាត់​មិន​អាច​ជួយ​ប្រទេស​ជាតិ​ទាំងមូល​បាន​ទេ ​ទាល់តែ​យើង​រួមគ្នា​ជួយ​ជាមួយ​គាត់‍»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទើបតែ​បញ្ចប់​ការ​ចុះ​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​កាលពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​បន្ទាប់ពី​ដំណើរការ​ចុះឈ្មោះ​អស់​រយៈពេល​បី​ខែ។ ពលរដ្ឋ​ខ្មែរ​បាន​ចុះ​ឈ្មោះ​ជាង​៧,៨លាន​នាក់​នៃ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សរុប​៩,៦​លាន​នាក់។

ជាង​ពេល​ណាៗ​ទាំងអស់​កិច្ចការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតថ្មី​នេះ​ត្រូវ​បាន​មហាជន​និង​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ហើយ​សម្រាប់​លោក ​រ៉ុង ឈុន​ ការសម្រប​ទៅ​នឹង​បរិយាកាស​ការងារ​ថ្មី​និង​ជំរុញ​ឱ្យ​ចេញ​ជា​លទ្ធផល​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​គឺ​ជា​កិច្ចការ​ដែល​លោក​ថា​លោក​ត្រូវ​ប្រយ័ត្ន​គ្រប់​ជំហាន៕

XS
SM
MD
LG