ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​អាមេរិកាំង​ដែល​របួស​ពេល​គ្រាប់បែក​ផ្ទុះនៅ​មុខ​សភា​ បាន​ស្លាប់​


លោក​រ៉ន អាប់នី​ (Ron Abney) ដែលរង​របួស​ក្នុង​អំពើ​វាយប្រហារ​គ្រាប់បែក​ដៃ​ កាលពី​ថ្ងៃ​៣០ ខែ​មិនា​ឆ្នាំ១៩៩៧​ បានទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​៧០ឆ្នាំ​កាល​ពីថ្ងៃ​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១១​ នៅ​ក្នុង​រដ្ឋ​ចរចៀ (Georgia) ​ស.រ.អ.។​
លោក​រ៉ន អាប់នី​ (Ron Abney) ដែលរង​របួស​ក្នុង​អំពើ​វាយប្រហារ​គ្រាប់បែក​ដៃ​ កាលពី​ថ្ងៃ​៣០ ខែ​មិនា​ឆ្នាំ១៩៩៧​ បានទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​៧០ឆ្នាំ​កាល​ពីថ្ងៃ​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១១​ នៅ​ក្នុង​រដ្ឋ​ចរចៀ (Georgia) ​ស.រ.អ.។​

បុរស​ជនជាតិ​អាមេរិកាំង​ដែល​រងគ្រោះ​ដោយសារ​ការបោក​គ្រាប់បែក​ដៃ​នៅ​មុខ​រដ្ឋ​សភា​កម្ពុជា​ បាន​ស្លាប់​ហើយ។​ ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ មរណភាព​នេះជា​ការ​ខាតបង់​សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ។​

លោក​រ៉ន អាប់នី​ (Ron Abney) ដែលរង​របួស​ក្នុង​អំពើ​វាយប្រហារ​គ្រាប់បែក​ដៃ​ កាលពី​ថ្ងៃ​៣០ ខែ​មិនា​ឆ្នាំ១៩៩៧​ បានទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​៧០ឆ្នាំ​កាល​ពីថ្ងៃ​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១១​ នៅ​ក្នុង​រដ្ឋ​ចរចៀ (Georgia) ​ស.រ.អ.។​ ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​កម្ពុជា​និង​មិត្តភក្តិ​ហៅ​ថា​ មរណភាព​នេះ​ជា​ការ​បាត់បង់​សម្រាប់​ក្រុមអ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​និង​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។​

លោក​រ៉ន អាប់នី​ធ្លាប់​ធ្វើ​ជា​នាយក​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​របស់​ស.រ.អ.​ ហៅ​កាត់​ថា ​IRI​ ក្នុង​ពាក់​កណ្តាល​ទសវត្ស​១៩៩០។​ លោក​បាន​រួច​ផុត​ពី​ការ​ស្លាប់​ នៅ​ពេល​មាន​ការ​បោក​គ្រាប់បែក​ដៃ​៤គ្រាប់​នៅ​មុខ​រដ្ឋ​សភា​ចាស់​ដែល​មាន​មនុស្ស​យ៉ាងតិច​១៦​ស្លាប់​ និងរបួស​ជាង​១៥០​នាក់​ ក្នុងពេល​មាន​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​ការដឹកនាំ​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​លោក​រ៉ន​ អាប់នី​បាន​ចូលរួម​សង្កេត​ការណ៍​ពេលមាន​បាតុកម្ម​អហិង្សា​ដឹកនាំ​ដោយ​លោក​ សម រង្ស៉ី​នោះ។​ លោក​រ៉ន អាប់នី​ជាមួយ​លោក​សម រង្ស៉ី​ធ្លាប់​បាន​ប្តឹង​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ នៅតុលាការ​ New York ​ពីបទ​ជាប់​ទាក់ទង​នឹង​ការ​គប់​គ្រាប់បែក​ដៃ​នេះ​ដែរ​ មុនពេល​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង។ ក្រុមគ្រួសារ​បាន​និយាយ​ថា​លោក​ រ៉ន អាប់នី​បានស្លាប់​ក្រោយពី​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ បេះដូង​លើកទី២​នៅថ្ងៃ​១៧ ខែធ្នូ។

លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​សម រង្ស៉ី ​ដែល​កំពុង​និរទេសខ្លួន​ បាន​សំដែង ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់លោក​រ៉ន អាប់នី ហើយលោក​បាន​និយាយ​ថា​ លោក​រ៉ន អាប់នី​គឺ​ ជា​អ្នក​ជួយ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

«ចំពោះ​រូបខ្ញុំ​ សម រង្ស៉ី​ ចំពោះខ្មែរ​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ជាច្រើនក៏មាន ការ​ឈឺចាប់​ មានការ​អាណិត​អាសូរ​ដល់លោក​រ៉ន អាប់នី។ ​គាត់អាយុ​៧០ឆ្នាំ​ហើយ។​ គាត់​បាន​ស្លាប់​នៅថ្ងៃ៣១​ខែធ្នូកន្លង​ទៅ​ថ្មីៗ​នេះ»។​

លោក​សម រង្ស៉ីបាន​អធិប្បាយ​ថា​ លោក​រ៉ន អាប់នី​ជាអ្នកមាន​ទំនាក់ទំនង​ថ្នាក់​ខ្ពស់ម្នាក់​ក្នុង​រដ្ឋការ​អាមេរិកាំង។​

លោក​អាប់នី​ត្រូវ​គេ​ដឹង​ថា​ ធ្លាប់​ធ្វើ​ជា​អ្នក​ចាត់ចែង​ការ​បោះឆ្នោត​ជូន​លោក​Nelson Rockefeller​ អភិបាល​រដ្ឋ​ New York​ ដែលជា​អនុប្រធានា​ធិបតី​ស.រ.អ.។​ លោក​ជួយ​គាំទ្រ​ដល់​មណ្ឌល​កុមារកំព្រា​មួយកន្លែង​ក្នុងខេត្ត​តាកែវ​ ទោះបី​ជា​លោក​ចប់​អាណត្តិ​របស់​លោក​នៅ​កម្ពុជាជាង​១០ឆ្នាំ​ហើយ​ក្តី។​

លោក​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​អះអាង​ថា​ មរណភាព របស់​លោក​រ៉ន ​អាប់នី​ជា​ការ​បាត់បង់​មិត្ត​ដ៏​ល្អ​ក្នុងការ​ជួយ​ជំរុញ​ការរីក​លូតលាស់​ផ្នែក​ប្រជាធិបតេយ្យ​នៅកម្ពុជា។​

«ក្នុង​បញ្ហា​ប្រជាធិបតេយ្យ​ កាលគាត់​នៅជាប្រធាន​ IRI ​គឺ​គាត់​មាន​ជំហរ ច្បាស់​លាស់​ណាស់​ គឺគាត់នៅ​ខាង​អ្នក​ប្រជាធិបតេយ្យ​តែម្តង។​ ​គាត់​ប្រឆាំង​ដាច់ខាត​ជាមួយ​ពួក​ផ្តាច់ការ។​ ​គាត់​ស្គាល់​ចរិត​របស់​ពួក​ផ្តាច់ការ​ ហើយ​គាត់​មិនចាញ់​បោក​ មិនចាញ់​កលល្បិច​របស់​ពួក​ផ្តាច់ការ​ដូច​បរទេស​ខ្លះ​ទេ»។​

លោក​កឹម សុខា​ថ្លែង​ថា​លោករ៉ន អាប់នី​បាន​ជួយ​ជំរុញ​ឲ្យ​ស.រ.អ.​យល់ពី​ការណ៍​ពិត​ដែលកើត​ឡើង​នៅកម្ពុជា​យ៉ាងច្រើន​ ហើយលោក​កឹម សុខា​ក៏​បាន​អះអាង​ដែរ​ថា​ លោក​អាប់នី​ក៏បាន​ជួយរៀបចំ​ឲ្យលោក​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ស.រ.អ.​ នៅ​សភា ​និង​រដ្ឋាភិបាល​ផង​ដែរ។​

លោក Rich Garella ​មកពី​រដ្ឋ ​Pennsylvinia ​ជាមិត្តភក្តិរបស់​លោក​អាប់នី​ និងជា​ផលិតករ​ម្នាក់​នៃ​ភាពយន្ត​«អ្នកណា​សម្លាប់​ ជា វិជ្ជា?»​ បានថ្លែង​ថា​ មរណភាព​របស់​លោក​រ៉ន អាប់នី​ជារឿង​ដ៏​សោកសៅ។​ លោក​ពុំ​បាន​បញ្ជាក់​ថា​ លោក​ អាប់នី​ស្លាប់​ដោយ​ជំងឺ​អ្វី​ទេ ​តែលោក​ថា​ លោក​អាប់នី​បាន​ឈឺ​យូរ​ហើយ។​ លោក ​Rich Garella ​បន្ថែមថា ​លោក​ធ្លាប់​បាន​សង្ឃឹម​ថា​ លោក​រ៉ន អាប់នី​អាចជា​ពី​ជំងឺ​ហើយ​រស់នៅ​ជាច្រើន​ឆ្នាំទៀត​ដើម្បីជួយ​ផ្នែក​ប្រជាធិបតយ្យ​ ជួយ​មណ្ឌល​កុមារ​កំព្រារ​នៅ​ខេត្ត​តាកែវ។​ លោក ​Rich Garella ​បានអះអាង​ថា​ ទោះបី​ជា​ការ​គប់​គ្រាប់បែក​ដៃ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​និង​ប៉ូលិស​ FBI​ របស់​ស.រ.អ.​ទម្លាក់​ចោល​ ការ​ស៊ើបអង្កេត​ក៏ដោយ​ ​តែ​លោក​លោក​រ៉ន អាប់នី​នៅ​តែបន្ត​ស្វែង​រក​យុត្តិធម៌​ហើយ​មិន​ខ្លាច​និយាយ​ថា​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទោះ​ជា​មន្ត្រី​កម្ពុជា​បដិសេធ​ការ​ចោទ​នោះ​ក្តី។​

«លោក​រ៉ន អាប់នី​ បាន​គិត​ជានិច្ច​ជា​កាល​ថា ​យុត្តិធម៌​ជារឿង​សំខាន់​ណាស់​ សម្រាប់​មនុស្សម្នា​ ហើយ​មនុស្ស​ទាំងឡាយ​គួរទទួល​បាន​ការ​គិតគូរ​ពីរឿង​យុត្តិធម៌​នេះ​ ហើយ​បញ្ចេញ​សម្លេង​របស់​ពួក​គេ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ លោក​រ៉ន អាប់នី​ជា​គំរូ​ដ៏ល្អ ​និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​មនុស្ស​ម្នា​គ្រប់​ប្រភេទ»។​

លោក​រ៉ន អាប់នី​ក៏ជា​ទីប្រឹក្សា​នៃ​ខ្សែ​ភាពយន្ត​«អ្នកណា​សម្លាប់​ជា វិជ្ជា?»​ផង​ដែរ។​ ពិធី​បុណ្យ​សព​លោក​រ៉ន អាប់នី​នឹងធ្វើ​នៅ​ថ្ងៃទី​៥​មករា​ឆ្នាំ២០១២​ នៅ​ព្រះវិហារ​ Cochran ​Baptist​ Church ​ក្នុង​រដ្ឋ Georgia។​ មន្ត្រី​គណបក្ស​សម រង្ស៉ី​អះអាង​ថា​ ខ្លួន​នឹង​បញ្ជូន​ប្រតិភូ​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​រ៉ន អាប់នី៕

XS
SM
MD
LG