ធនាគារអន្តរជាតិនិងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ពីបទទទួលផលប្រយោជន៍ពីការលក់«ពេជ្រដែលប្រឡាក់ឈាម» ឬហៅជាភាសាអង់គ្លេសថា Blood Diamonds របស់ប្រទេស ហ្ស៊ីមបាប់វ៉េ (Zimbabwe)។ បើយោងតាមអង្គការភាពជាដៃគូអាហ្វ្រិក-កាណាដា (Partnership Africa Canada) ប្រទេសហ្ស៊ីមបាប់វ៉េ បន្តលក់ត្បូងដែលមិនទាន់ទទួលការយល់ព្រមសម្រាប់លក់ពីសំណាក់និយតករអន្តរជាតិ។
អង្គការភាពជាដៃគូអាហ្វ្រិក-កាណាដាបានកំណត់អត្តសញ្ញាណធនាគារបីរបស់ ហ្ស៊ីមបាប់វ៉េ ដែលខ្លួនថ្លែងថាបានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការប្រាក់ចំណូលពីការលក់ត្បូងមិនទាន់ច្នៃដោយខុសច្បាប់ ដែលត្រូវបានជីកកកាយពីទីលានពេជ្រម៉ារ៉ាងហ្កេ (Marange) នៅ ហ្ស៊ីមបាប់វ៉េ ភាគខាងកើត។
លោក អាឡាន ម៉ាទីន (Alan Martin) នាយកទទួលបន្ទុកការស្រាវជ្រាវ បាននិយាយកាលពីថ្ងៃអង្គារ នៅទីក្រុង ចូហាណេសបឺក (Johannesburg) ថា ធនាគារបីរបស់ ហ្ស៊ីមបាប់វ៉េ មានម្ចាស់ភាគហ៊ុនអន្តរជាតិ ដោយរាប់បញ្ចូលទាំងធនាគារបាក្លេស៍ (Barclays Bank) របស់ប្រទេសអង់គ្លេស និងក្រុមហ៊ុនហិរញ្ញវត្ថុពីររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឈ្មោះ Standard Bank និង Old Mutual។
លោកបាននិយាយថា សាជីវកម្មផ្សាយលក់រ៉ែ (Minerals Marketing Corporation) របស់រដ្ឋាភិបាល បានផ្តល់ឈ្មោះ ធនាគារ ហ្ស៊ីមបាប់វ៉េ មានដូចជា ធនាគារពាណិជ្ជកម្ម ហ្ស៊ីមបាប់វ៉េ (Commercial Bank of Zimbabwe) ធនាគារ BancABC និង Premier Banking Group ទៅឲ្យអ្នកទិញពេជ្រ។
សាជីវកម្មផ្សាយលក់រ៉ែ កត់បញ្ជីនៃការលក់ធនធានរ៉ែទាំងអស់ពី ហ្ស៊ីមបាប់វ៉េ ដោយរាប់បញ្ចូលទាំងពេជ្រផង និងជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មមួយចំនួនរបស់ ហ្ស៊ីមបាប់វ៉េ ដែលទទួលរងទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោក ម៉ាទីន បានថ្លែងថា ធនាគារអន្តរជាតិទាំងអស់នេះកំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនតាមរយៈការធ្វើវិនិយោគនៅក្នុងធនាគារ ហ្ស៊ីមបាវ៉េ ដែលលោកបាននិយាយថាកំពុងរត់ពន្ធពេជ្រទុច្ចរិត។
លោកបានស្នើសុំដល់ធនាគារអន្តរជាតិទាំងនេះឲ្យធ្វើការជំរះបញ្ជីភ្លាមៗចំពោះការវិនិយោគក្នុងធនាគារ ហ្ស៊ីមបាប់វ៉េទាំងបី ដើម្បីធានាឲ្យបា្រកដថា ពួកគេមិនបានរំលោភលើការប្តេជ្ញាចិត្តចំពោះរបរធនាគារដែលប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខាងសង្គមនោះទេ។
«យើងបានស្នើដល់ពួកគេឲ្យប្តេជ្ញាចិត្តប្រើប្រាស់ឥទ្ធិពលជាម្ចាស់ភាគហ៊ុនរបស់ខ្លួន ដើម្បីបញ្ឈប់កិច្ចការជំនួញដែលទាក់ទងនឹងពេជ្រខុសច្បាប់ ហើយនៅទីបំផុត បើធនាគារ ហ្ស៊ីមបាវ៉េ បដិសេធសំណើរបស់ពួកគេស្តីពីអភិបាលកិច្ចហិរញ្ញវត្ថុឲ្យបានប្រសើរជាងមុន យើងស្នើដល់ពួកគេឲ្យបញ្ឈប់ការវិនិយោគ ពីធនាគារទាំងនេះ»។
លោកបាននិយាយថាមានក្រុមហ៊ុនចំនួន៦ដែលឥឡូវនេះកំពុងជីករ៉ែនៅលើចំណែកដីតូចមួយមានរបងព័ទ្ធជុំវិញ នៅក្នុងតំបន់នៃឃុំ ម៉ារ៉ាងហ្កេ យ៉ាងធំល្វឹងល្វើយ ដែលស្ថិតនៅ ហ្ស៊ីមបាប់វ៉េ ភាគខាងកើត។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុនធំជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនទាំងនេះគឺក្រុមហ៊ុនជីករ៉ែ ម្បាដា (Mbada Minning) ដែលបានផលិតត្បូងប្រកបដោយភាពចម្រូងចម្រាស់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនជីករ៉ែ ម្បាដា នៅ ហ្ស៊ីមបាប់វ៉េ គឺលោក រ៉ូប៊ឺត មឡាងហ្គា (Robert Mhlanga) ដែលជាអ្នកធានារ៉ាប់រ៉ងផ្នែកហិរញ្ញវត្ថុឲ្យក្រុមហ៊ុននេះដើម្បីចាប់ផ្តើមប្រតិបត្តិការជីករ៉ែនៅតំបន់ ម៉ារ៉ាងហ្កេ ពីលោក ដេវីដ កាសែល (David Kassel) ដែលជាអ្នកជំនួញល្បីល្បាញជាតិអាហ្វ្រិកខាងត្បូងម្នាក់។
«លោក កាសែល ជាមនុស្សមានទំនាក់ទំនងច្រើន។ លោកហាក់ដូចជាក្លាយជាមិត្តភក្តិល្អជាមួយលោក រ៉ូប៊ឺត មឡាងហ្គា ដែលជាអតីតអ្នកបើកយន្តហោះផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី រ៉ូប៊ឺត ម៉ូហ្គាបេ (Robert Mugabe)។ លោកគឺជាបុគ្គលម្នាក់ដែលស្ថិតពីក្រោយការផ្តល់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ម្បាដា។ ក្រុមហ៊ុន ម្បាដាត្រូវប្រមូលប្រាក់ឲ្យបានចំនួន១០០លានដុល្លារដើម្បីចាប់ផ្តើមជីករ៉ែឲ្យបានត្រឹមត្រូវនៅ ហ្ស៊ីមបាប់វ៉េ»។
លោក កាសែល បានអះអាងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអាហ្រ្វិកខាងត្បូងរបស់លោក ឈ្មោះ New Reclamation គឺជាអ្នកធ្វើវិនិយោគទុនដ៏សំខាន់នៅក្នុងក្រុមហ៊ុនជីករ៉ែ ម្បាដា នៅតំបន់ម៉ារ៉ាងហ្កេ។
លោក ម៉ាទីន មានប្រសាសន៍ថាសាជីវកម្មផ្សាយលក់រ៉ែរបស់ ហ្ស៊ីមបាប់វ៉េ (Mineral Marketing Corporation of Zimbabwe) បានផ្សព្វផ្សាយការលក់ត្បូងមិនទាន់ច្នៃពីតំបន់ ម៉ារ៉ាងហ្កេ កាលពី៤ឆ្នាំមុន ហើយត្បូងភាគច្រើនបំផុតបានមកពីក្រុមហ៊ុនរ៉ែ ម្បាដា។
លោកបាននិយាយថា ត្បូងទាំងនេះមិនទាន់ទទួលការយល់ព្រមសម្រាប់លក់ ពីសំណាក់និយតករអន្តរជាតិ នៅក្រោមដំណើរការគីមបឺលី (Kimberley Process) ទេ ដែលត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការលក់ពេជ្រដែលប្រឡាក់ឈាម។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនសន្តិសុខឯកជន ដែលជួលដោយក្រុមហ៊ុនជីករ៉ែត្បូងមិនទាន់ច្នៃនៅតំបន់ ម៉ារ៉ាងហ្កេ បន្តបំពានលើរាងកាយជាងហត្ថករអណ្តូងរ៉ែ ដែលបានចូលទៅក្នុងតំបន់ ម៉ារ៉ាងហ្កេ ដើម្បីជីកកកាយរកត្បូង៕
ប្រែសម្រួលដោយ លី សុខឃាង