ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លំហូរ​ឡើង​វិញ​របស់​ភ្ញៀវ​ទេសចរ​ចិន​ទៅ​ថៃ​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ


រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ចិន​ទៅ​ទស្សនា​វិហារ​​ចិន Pung Tao Gong ក្នុង​ខេត្តឈៀងម៉ៃ នៅ​ភាគខាងជើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ចិន​ទៅ​ទស្សនា​វិហារ​​ចិន Pung Tao Gong ក្នុង​ខេត្តឈៀងម៉ៃ នៅ​ភាគខាងជើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

ឧស្សាហកម្ម​ទេសចរណ៍​ថៃ​បាន​សង្ឃឹម​ថា វិស័យ​រក​ប្រាក់​ចំណូល​ដ៏​សំខាន់​របស់​ថៃ​មួយ​នេះ​នឹង​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ចិន​សម្រុក​ធ្វើ​ដំណើរ​ទៅ​បរទេស​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បញ្ចប់​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​កាលពី​ចុង​ឆ្នាំ​មុន​មក។

ទិន្នន័យ​ផ្លូវការ​ពី​ក្រសួង​ទេសចរណ៍​និង​កីឡា​នៃ​ប្រទេស​ថៃ​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ចិន​ជាង ៥១៧.០០០ នាក់​បាន​មក​លេង​ប្រទេស​ថៃ​ក្នុង​អំឡុង​ពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ នេះ​ដែល​នេះ​គឺ​ជា​ការ​កើនឡើង​ពី​ចំនួន ១៣.៧០០ នាក់​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២។

នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៣ នេះ អ្នក​ដំណើរ​ចិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​ជន​បរទេស​ដែល​ទៅ​ប្រទេស​ថៃ​ច្រើន​ជាង​គេ​បំផុត​ទាំង ៥ ក្រុម ដែល​រួម​មាន​ទាំង​ប្រទេស​ម៉ាឡេស៊ី រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា​ផង​ដែរ។

លោក Yuthasak Supasorn ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ប្រាប់ VOA ផ្នែក​ភាសា​ថៃ​ថា ភ្ញៀវ​ទេសចរ​ចិន​មាន​តិច​ជាង​ការ​រំពឹងទុក​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៣ នេះ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើនឡើង​នៅ​ពេល​ដែល​ទីភ្នាក់ងារ​នានា​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ប្រទេស​ថៃ​ទៅ​កាន់​ជនជាតិ​ចិន​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​បរទេស​ក្រោយពី​រដ្ឋាភិបាល​ចិន​បាន​ដក​ចេញ​នូវ​ការ​បិទ​ខ្ទប់។

នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​របស់​ប្រទេស​ថៃ​បាន​ព្យាករណ៍​ថា ផលទុន​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ​នឹង​កើន​ពី ២,៧% ទៅ ៣,៧% ដោយ​ឧស្សាហកម្ម​ទេសចរណ៍​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​នេះ​ដែល​គេ​រំពឹង​ថា​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​វិស័យ​ផ្សេង​ទៀត​ដូចជា​ភោជនីយដ្ឋាន​និង​សេវាកម្ម​ជាដើម។

លោក Amonthep Chawla ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ធនាគារ CIMB Thai បាន​ប្រាប់ VOA ផ្នែក​ភាសា​ថៃ​ថា លោក «រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​ចូល​មក​ក្នុង​ប្រទេស​ថៃ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​វិស័យ​ចំនួន ៤ រួម​មាន​សណ្ឋាគារ​តម្លៃ​ថោក ទេសចរណ៍​វេជ្ជសាស្រ្ត ទីផ្សារ​ខុនដូ និង​អ្នក​ធ្វើ​ដំណើរ​បែប​អាជីវកម្ម​សម្រាប់​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) និង​ពាណិជ្ជកម្ម»។

លោក Paul Pruangkarn ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​បាងកក​បាន​ប្រាប់ VOA ផ្នែក​ភាសា​ថៃ​ថា លោក​យល់ស្រប​ថា ការ​ចាប់ផ្តើម​ការ​ធ្វើ​ដំណើរ​និង​ការ​បើក​ប្រទេស​ចិន​ឡើង​វិញ​គឺ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​អាជីវកម្ម​ជាច្រើន​ដែល​ព្យាយាម​ងើប​និង​ស្តារ​ឡើង​វិញ ជាពិសេស​ដោយសារ «ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ប្រហែល ២០% នៃ​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ» មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​មួយ​ចំនួន​បាន​ព្រមាន​ថា​ ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ចិន​អាច​មាន​ការ​បំផ្លើស។

លោក Kobsidthi Silpachai ប្រធាន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​មូលធន​នៃ​ធនាគារ Kasikornbank ក្នុង​ប្រទេស​ថៃ បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា មាន​ការ​បំផ្លើស​ហួសហេតុ​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ត្រឡប់​មក​វិញ​របស់​ភ្ញៀវ​ទេសចរ​ចិន​និង​ទេសចរណ៍​ជា​រួម​ក្រោម​ហេតុផល​មួយ​ចំនួន»។

ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​លោក​បាន​លើក​ឡើង​គឺ​សញ្ញា​នៃ​ការ​ត្រឡប់​មក​វិញ​នៃ​ទេសចរណ៍​ចំណាយ​ទាប​ដែល​ផ្តោត​លើ​ភ្ញៀវ​ទេសចរ​ចិន​ដែល​មិន​សូវ​មាន​ថវិកា។

លោក Kobsidthi បាន​សរសេរ​ក្នុង​អ៊ីមែល​មក​កាន់ VOA ផ្នែក​ភាសា​ថៃ​ថា៖ «ប្រតិបត្តិករ​ចិន​បាន​វិនិយោគ​លើ​ខុនដូ​និង​ហាង​នានា ដែល​ផ្តល់​ដើម​ទុន​ដំបូង​ដូច​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ក្រោយ​មក វា​មាន​ឥទ្ធិពល​តិចតួច​ក្នុង​ការ​ផ្តល់​ចំណូល​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក»។

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ចិន​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ឈៀងម៉ៃ ក្នុង​ខេត្តឈៀងម៉ៃ នៅ​ភាគខាងជើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ចិន​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ឈៀងម៉ៃ ក្នុង​ខេត្តឈៀងម៉ៃ នៅ​ភាគខាងជើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

លោក Paisarn Suethanuwong ដែល​ជា​ប្រតិបត្តិករ​អាជីវកម្ម​ទេសចរណ៍​និង​ជា​សមាជិក​នៃ​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អាជីព​នៃ​ប្រទេស​ថៃ​ក្នុង​ទីក្រុង​បាងកក បាន​ចោទ​សួរ​អំពី​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៃ​អាជីវកម្ម​ដែល​ផ្តោត​លើ​អតិថិជន​ចិន។

លោក​បាន​ថ្លែង​ថា៖ «ហាង​មួយ​ចំនួន​មាន​ការ​តុបតែង​យ៉ាង​ស្អាត ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​អតិថិជន​ណា​ញ៉ាំ​អាហារ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​ហាង​ទាំង​នោះ​នៅតែ​ដំណើរការ។ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ឆ្ងល់​ថា​តើ​ពួកគេ​បើក​ហាង​ទាំង​នោះ​ដើម្បី​លាង​លុយ​កខ្វក់​ឬ​ក៏​យ៉ាង​ណា។ បើ​អ៊ីចឹង​មែន វា​មិន​មែន​ជា​កំណើន​ធម្មតា​ទេ»។

លោក Rerngrit La-ookit អ្នក​ឆុង​កាហ្វេ​ក្នុង​ហាង​កាហ្វេ Cloud Cafe នៅ​ទីក្រុង​ឈៀងម៉ៃ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ បាន​ថ្លែង​ថា លំហូរ​នៃ​អ្នក​ទេសចរ​ចិន​មាន​ការ​ធ្លាក់​ចុះ។

លោក Rerngrit បាន​និយាយ​ដូច្នេះ​ថា៖ «ការ​មក​ដល់​នៃ​ទេសចរណ៍​ចំណាយ​ទាប​កំពុង​បឺត​យក​ធនធាន​របស់​យើង ហើយ​សេដ្ឋកិច្ច​នៅ​ទីនេះ​មិន​ដែល​មាន​ការ​រីកចម្រើន​នោះ​ទេ»។

ខណៈ​ដែល​ការ​ត្រឡប់​មក​វិញ​នៃ​ភ្ញៀវ​ទេសចរ​ចិន​គឺ​ជា​ផល​ប្រយោជន៍​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​ថៃ​បាន​មើល​ឃើញ​ថា​មាន​កំណើន​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​នៃ​ប្រទេស​ថៃ​លោក Surachate Hakparn បាន​ប្រាប់ VOA ផ្នែក​ភាសា​ថៃ​ថា ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ថៃ​បាន​បើក​ការ​បង្ក្រាប​លើ​ក្រុម​ឧក្រិដ្ឋជន​ចិន​ដែល​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ដែល​ឧក្រិដ្ឋជន​ទាំង​នេះ​មិន​ត្រឹមតែ​កើនឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក Surachate បាន​បន្ថែម​ថា ប្រតិបត្តិការ​ខុស​ច្បាប់​របស់​ជនជាតិ​ចិន ដែល​ហៅ​ថា​អាជីវកម្ម​ពណ៌​ប្រផេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​និង​ការ​ជួញដូរ​មនុស្ស​តាមរយៈ​គ្រឹះស្ថាន​សេវាកម្ម​នានា​ដូចជា​ហាង​ផឹកស៊ី​និង​បានីយដ្ឋាន​ជាដើម៕

អ្នក​សារព័ត៌មាន VOA ផ្នែក​ភាសា​ថៃ​អ្នកស្រី Pinitkarn Tulachom និង​លោក Yiamyut Sutthichaya រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG