ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​ភោជនីយដ្ឋាន​ហាមឃាត់​ការបញ្ចាំង​ភាពយន្ត​​​រឿង​«អ្នកណា​សម្លាប់​លោក​ជា វិជ្ជា?»


នេះ​ជា​ឈុត​មួយ​នៅ​ក្នុង​ភាព​យន្ត​ឯកសារ​«អ្នក​ណា​សម្លាប់​ជា​វិជ្ជា?» លោក​ ជា វិជ្ជា​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤​នៅ​ក្នុង​ទី​ ក្រុង​ភ្នំពេញ។
នេះ​ជា​ឈុត​មួយ​នៅ​ក្នុង​ភាព​យន្ត​ឯកសារ​«អ្នក​ណា​សម្លាប់​ជា​វិជ្ជា?» លោក​ ជា វិជ្ជា​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤​នៅ​ក្នុង​ទី​ ក្រុង​ភ្នំពេញ។

ខ្សែភាពយន្ត​ឯកសារ​ដ៏​រសើប​មួយ​ដែល​មាន​ចំណងជើង​ថា​«នរណា​សម្លាប់​លោក​ជា វិជ្ជា?» ​ត្រូវ​បាន​ហាម​ឃាត់​សារជាថ្មី​ម្តងទៀត​ខណៈ​ពេល​ដែល​សហជីព​សេរី​កម្មករ​បាន​ដាក់​បញ្ចាំង​ឲ្យ​ក្រុម​កម្មករ​ទស្សនា​រយៈពេល​ប្រមាណ​តែ​១៥នាទី​តែប៉ុណ្ណោះ។

សហជីព​សេរីកម្មករ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​រៀបចំ​ទិវា​នារី​អន្តរជាតិ​៨មិនា​លើក​ទី១០០​នៅ​ភោជនីយដ្ឋាន​ពិភពថ្មី​ដោយ​មាន​ការចូលរួម​ពី​ក្រុម​កម្មករ​កម្មការីនី​ប្រមាណ​ជាង​៤០០នាក់​បន្ទាប់ពី​កម្មវិធី​សំណេះ​សំណាល​របស់​អ្នកតំណាង​សហជីព​ក្រុម​គ្រូ​បង្រៀន​ គណបក្ស​នយោបាយ​ និង​តំណាង​ស្ថានទូត​បាន​បញ្ចប់​ហើយ​ចូល​ដល់​កម្មវិធី​ដាក់បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​រឿង«នរណា​ជាអ្នក​សម្លាប់​លោក​ជា វិជ្ជា?»​ ត្រូវ​បាន​អ្នក​ទទួលខុស​ត្រូវ​ភោជនីយដ្ឋាន​នេះ​បាន​មក​ហាម​ឃាត់។

ស្រី្ត​មួយរូប​ដែល​ជាអ្នក​ទទួលខុស​ត្រូវ​ក្នុង​ភោជនីយដ្ឋាន​នេះ​ដែល​បាន​អះអាង​ស្នើសុំ​មិនបញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​អ្នកស្រី​បាន​ទទួល​បញ្ជា​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​មិន​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​ខែ្សភាពយន្ត​ឯកសារ​នេះ​បានឡើយ។

«គេ​តេ​(ទូរស័ព្ទ)​មក​អំបាញ់មិញ ​ខាង​ខណ្ឌ​ដូនពេញ។ ឥឡូវ​សូម​ផ្អាក​កម្មវិធី​សិន​ពូ​ព្រោះ​ខ្ញុំ​នៅ​ហាង​ដែរ។ ខ្ញុំ​អត់ដឹង​ដែរ​ទាល់​បន្តិច​ទៀត​ខាង​ខណ្ឌ​គេ​មក​ដល់​អាហ្នឹង​ចាំជួប​គេទៅ»។

ខ្សែ​ភាពយន្ត​ឯកសារ​នរណា​ជា​ឃាតករ​សម្លាប់​លោក​ជា វិជ្ជា ​មាន​រយៈពេល​ប្រមាណ​៥៥នាទី​របស់​ផលិតករ​ជនជាតិ​អាមេរិកកាំង​មួយរូប​ឈ្មោះ​ ប្រែដលី ខក់ (Bradley Cox) ​បាន​បង្ហាញ​ពី​រូបភាព​លោក​ជា វិជ្ជា ​កាល​នៅ​រស់រាន​មានជីវិត​រហូតដល់​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​២២ ​ខែមករា ​ឆ្នាំ២០០៤។

ចុង​បញ្ចប់​នៃ​ខ្សែភាពយន្ត​នេះ​បាន​ដាក់​ចម្ងល់​ថា​ នរណា​ជា​ឃាតករ​សម្លាប់​លោក​ជា វិជ្ជា ​បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​លោក​ប៊ន សំណាង​ និង​លោក​សុខ សំអឿន​ មក​កាត់ទោស​យ៉ាងណា​ក៏ដោយ។

កញ្ញា​ពេជ្រ ស្រីនី ​អាយុ២៨ឆ្នាំ​ កម្មករ​មកពី​រោងចក្រ​មិថុនា ​ដែល​បាន​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​នេះ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការរារាំង​នេះ។

កញ្ញា​បាន​និយាយថា​ យើង​ចង់​ដឹងថា ​នរណា​ជា​ឃាតករ​សម្លាប់​លោក​ជា វិជ្ជា ​ហើយ​នៅពេល​ដែល​មាន​ការរារាំង​យ៉ាង​ដូច្នេះ ​បាន​ធ្វើ​ឲ្យ​ពួកយើង​ជាកម្មករ​មាន​ការដាក់​មន្ទិល​សង្ស័យ​ទៅលើ​រដ្ឋាភិបាល។

«ខ្ញុំ​មាន​ចម្ងល់ ​ពេលដែល​គេ​ដាក់​បញ្ចាំង​អញ្ចឹង​ ខ្ញុំ​ចង់​ដឹងដែរ។ ដូច​អ្វី​ដែល​គេបាន​ប្រាប់​ថា​ តើ​នរណា​ជា​ឃាតករ​អញ្ចឹង។ បើជា​អ្នក​ជា​ឃាតករ​ គេស្រែក​ថា​ខ្លួនគេ​មិនមែន​ជា​ឃាតករ​អយុត្តិធម៌​ណាស់។ គេ​បាន​រងគ្រោះ​អញ្ចឹង​ដែរ។ ខ្ញុំ​ឆ្ងល់​រឿងហ្នឹង​ដែរ​ ហើយ​ខ្ញុំ​ក៏ចង់​ដឹងដែរ ​តែ​តែងតែ​មាន​បញ្ហា​អញ្ចឹង​រហូត​ពួកខ្ញុំ​អត់​ដែល​បាន​មើល​ទេ»។

លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្មករ​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ការរាំង​មិនឲ្យ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ​មាន​ន័យថា រដ្ឋាភិបាល​នៅ​ពីក្រោយ​ខ្នង​នៃ​ករណី​ឃាតកម្ម​ទៅលើ​លោក​ជា វិជ្ជា។

«អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ក៏ដូច​ជា​រដ្ឋាភិបាល​រារាំង​ម្តងហើយ​ម្តងទៀត។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​មន្រ្តី​ជាន់​ខ្ពស់​ណាមួយ​នៅ​ខាងក្រោយ​ឃាតកម្ម ជា វិជ្ជា​ ហើយ»។

អ្នកស្រី​មួរ សុខហួរ ​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រឆំាង ​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​ បាន​មាន​ប្រសាសន៍ថា ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ជាពិសេស​សិទ្ធិ​ក្នុង​ការទទួលព័ត៌​មាន​ត្រូវ​បាន​រឹតបន្តឹង​ក្នុង​ប្រទេស​កម្ពុជា។

«យើង​នៅតែ​សួរទៀត ​អ្នកណា​ជាអ្នក​សម្លាប់​ជា វិជ្ជា។ រាស្រ្ត​ត្រូវដឹង​រាស្រ្ត​តូ្រវតែ​បាន​ព័ត៌មាន​ហ្នឹង​ហើយ​ជាកាតព្វកិច្ច​របស់​រដ្ឋាភិបាល​នៅក្នុង​ការបញ្ចេញ​ព័ត៌មាន»។

លោក​សុខ ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ​ ដែល​មានវ​ត្តមាន​នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន​ពិភពថ្មី​ដែរ​នោះ​បាន​បដិសេធ​ពុំធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បាន​អះអាងថា​លោក​មក​ទទួលទាន​អាហារ​ពេលព្រឹក​នៅទី​នេះ។

«មិនមក​រឿង​ហ្នឹងផង​ ខ្ញុំ​មក​ហូប​គុយទាវ។ ខ្ញុំ​មក​ហូប​គុយទាវ​ទេ។ សូម​ទោស​អត់បាន​ទេ ​អត់​ពាក់ព័ន្ធ​ទេ»។

គួរ​រំលឹក​ផង​ដែរថា​ នេះ​ជាលើក​ទី៣ហើយ​ ដែល​ខ្សែភាពយន្ត​ឯកសារ​នរណា​ជា​ឃាតករ​សម្លាប់​ លោក​ជា វិជ្ជា​ ត្រូវបាន​រារាំង​មិន​ឲ្យ​ដាក់​បញ្ចាំង​ជា​សាធារណៈ​នោះ៕

XS
SM
MD
LG