លោក Paul Ryan ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានថ្លែងប្រាប់ត្រួសៗជូនប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពីស្ថានការណ៍នៃសេចក្តីព្រាងច្បាប់ជំនួសការថែទាំសុខភាពកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងមុនការបោះឆ្នោតដែលបានគ្រោងធ្វើឡើងនៅក្នុងសភាតំណាងរាស្រ្ត នេះតាមលោក Sean Spicer អ្នកនាំពាក្យសេតវិមានដែលបានប្រាប់ពួកអ្នកយកព័ត៌មាន។
ជំនួបនៅសេតវិមានរវាងប្រធានសភាតំណាងរាស្រ្ត Paul Ryan និងប្រធានាធិបតីត្រាំបានកើតមានឡើងនៅពេលមានការនិយាយស្មានៗថា ពួកគណបក្សសាធារណរដ្ឋ ប្រហែលមិនមានសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នោះទេ។
អ្នកនាំពាក្យសេតវិមាន Spicer មិនបាននិយាយថាតើមានសំឡេងឆ្នោតគ្រប់គ្រាន់ឬទេ ប៉ុន្តែ បានសរសើរការខំប្រឹងប្រែងរបស់លោកប្រធានាធិបតី។ អ្នកនាំពាក្យរូបនោះបាននិយាយទៀតថា លោកប្រធានាធិបតី ត្រាំ បានទាក់ទងកាលពីពេលថ្មីៗនេះជាមួយសមាជិកសភាតំណាងរាស្រ្តជាង២០រូប ដែលលោកបានពណ៌នាថាមាន «ភាពអង់អាចក្លាហានដ៏អស្ចារ្ស»។
នៅពេលគេសួរថាតើលោកប្រធានសភាតំណាងរាស្រ្ត Ryan បានដឹកនាំការខំប្រឹងប្រែងមានប្រសិទ្ធិភាពដើម្បីទទួលបានការអនុម័តសេចក្តីព្រាងច្បាប់នេះពីសភាតំណាងរាស្រ្តដែរឬទេ អ្នកនាំពាក្យសេតវិមាន Spicer បាននិយាយថា៖ «ខ្ញុំគិតថា លោកប្រធានសភាតំណាងរាស្រ្តបានធ្វើអ្វីដែលលោកអាច។ លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតី»។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះមិនបានទទួលការអនុម័តទេ លោក Spicer បាននិយាយថា នៅមានសេចក្តីព្រាងច្បាប់ដ៏ធំផ្សេងទៀតសម្រាប់របៀបវារៈរបស់ប្រធានាធិបតីត្រាំ រួមមានការធ្វើកំណែទម្រង់អន្តោប្រវេសន៍ និងពន្ធដារហើយនងផែនការសើរើហេដ្ឋារចនាសម្ព័ន្ធ៕