ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ ប្តេជ្ញា​តបត​​នឹង​លោក អូបាម៉ា ចំពោះ​រឿង​ជន​អន្តោប្រវេសន៍


ពី​ឆ្វេង​ទៅ​ស្តាំ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ លោក Roy Blunt លោក John Barrasso លោក John Thune លោក John Cornyn និង​លោក Mitch McConnell នៅ​វិមាន​សភា Capital Hill នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
ពី​ឆ្វេង​ទៅ​ស្តាំ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ លោក Roy Blunt លោក John Barrasso លោក John Thune លោក John Cornyn និង​លោក Mitch McConnell នៅ​វិមាន​សភា Capital Hill នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ តាំង​ចិត្ត​ថា ​នឹង​តបត​នឹង​បទបញ្ជា​និតិ​ប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ដែល​អាចអនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​គ្មាន​សំបុត្រ​ស្នាម រាប់​លាន​នាក់ ជៀសផុត​ពីការបណ្តេញ​ចេញ​ពី​សរអា។ លោកប្រធានាធិបតី បាន​ធ្វើ​សេចក្តី​ប្រកាស កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍ ស្តី​ពី​ការ​កែទម្រង់ ច្បាប់អន្តោប្រវេសន៍​យ៉ាង​ធំធេង​ ហើយ​សមាជិកនៃ​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​សភា​សរអាទាំងពីរ បាន​សម្តែង​នូវ​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ ខឹង​ក្រេវក្រោធ សូម្បី​តែ​នៅ​មុន​ពេល​លោក​ប្រធានាធិបតី អូបាម៉ា ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ដែល​គេ​រំពឹង​ថា នឹង​រារាំង​ដល់​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​ រាប់​លាន​នាក់ ដែល​គ្មាន​ក្រដាស​ស្នាម ហើយ​ដែល​ជាឪពុកម្តាយ​របស់​កូនក្មេង ដែល​មាន​សញ្ជាត្តិ​អាមេរិកនោះ ចេញពី​ប្រទេស​អាមេរិក។ មេដឹកនាំ​ព្រឹទ្ធសភាសម្លេងភាគតិច​ខាងគណបក្ស​សាធារណរដ្ឋ លោក Mitch McConnell នឹង​ក្លាយ​ជាមេដឹកនាំ​ព្រឹទ្ធសភា ដ៏មាន​អំណាច នៅខែ​មករា​ខាង​មុខ​នេះ ដោយសារ​គណបក្ស​សាធារណរដ្ឋ បានឈ្នះ​សម្លេង​ភាគច្រើន នៅក្នុង​ការ​បោះ​ឆ្នោត​កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ។ លោក​បាន​ចោទ​លោក​ប្រធានាធិបតី ថា​មិន​បាន​គិតគូរ​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទាំងនោះ។

«បើ​សិន​ជា​លោក​ប្រធានាធិបតី អូបាម៉ា ចាត់​វិធានការ​ផ្ទុយពី​ឆន្ទះ​របស់​ពលរដ្ឋ​អាមេរិក ហើយ​ដាក់​ឆន្ទះ​របស់​លោក​លើ​ប្រទេស​ជាតិនោះ សភា​នឹង​ចាត់​វិធានការ។ យើង​កំពុង​ពិចារណា​អំពី​ជម្រើស​ផ្សេងៗ​មួយ​ចំនួន។ ប៉ុន្តែ​សូម​កុំ​យល់​ច្រឡំ។ នៅ​ពេល​ដែល​អ្នក​តំណាង​ពលរដ្ឋ​ ដែល​ទើប​ជាប់​ឆ្នោត​តំណាង​នោះ​ ឡើង​កាន់​តំណែង​របស់​ពួកគេនោះ ពួកគេ​និង​ចាត់​វិធានការហើយ‍»។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន បាន​ចោទ​លោក​ប្រធានាធិបតី ថា​បាន​រៀប​ចំឲ្យ​មាន​ការ​លើកលែង​ទោស​ ដល់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​ជា​ការរំលោភ​លើ​អំណាច​របស់​លោក។ សមាជិកព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ លោក John Cornyn នៃ​រដ្ឋ តិច​សាស់ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ទល់​ដែន ជាមួយ​ប្រទេស​ ម៉ិច ស៊ីច ថ្លែង​ថា៖

«ខ្ញុំ​អាច​យល់ថា​លោក​អាចចាត់​ចែង​រៀប​ចំការ​ចោទ​ប្រកាន់ និងការ​បញ្ជូនចេញ​ពី​ប្រទេស​អាមេរិក ។ លោក​ធ្លាប់​បាន​ធ្វើ​អញ្ចឹង។ ប៉ុន្តែ​តើ​ប្រធានាធិបតី បាន​ទទួល​អំណាច​ពី​ណា​មក ដើម្បីចេញ​ច្បាប់​អនុញ្ញាត​ឲ្យធ្វើ​ការសម្រាប់មនុស្ស​រាប់​លាន​នាក់​នោះ?»

មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន នៅ​ក្នុង​រដ្ឋ​សភា និង ក្នុង​ព្រឹទ្ធ​សភា បាន​ចេញ​មក​សរសើរ​លោក​ប្រធានាធិបតី អូបាម៉ា ចំពោះ​សេចក្តី​ក្លា​ហាន​របស់​លោក ហើយ​បាន​និយាយ​ថា លោករក្សា​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​គ្រួសារ ដោយ​បញ្ឈប់​ការ​បែក​បាក់​គ្រួសារ ដោយសារ​ការ​បណ្តេញ​ចេញ​ពី​ប្រទេស​នោះ។​ សមាជិក​ព្រឹទ្ធសភានៃ​គណបក្ស​ប្រជាធិបតេយ្យ Dick Durbin បាន​ថ្លែង​ថា ពួក​អ្នក​ដែល​លោក​ប្រធានាធិបតី ជួយ​នោះ​មិនមែន​ជាជន​ល្មើស​ច្បាប់​ទេ ប៉ុន្តែ​ជា​ឪពុកម្តាយ និង​ សមាជិក​គ្រួសារ​ ដែល​ខំប្រឹង​ប្រែង​ធ្វើ​ការ។ លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ចំណាត់ការ​របស់លោក អូបាម៉ា ប្រៀប​ដូច​ជា​ការ​លើក​លែង​ទោស​នោះ។

«ការ​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ និង​ការ​ទុក​ឲ្យ​ប្រព័ន្ធ​បច្ចុប្បន្ន​នៅដដែល ជាការ​លើក​លែង​ទោស។ អ្វី​ដែល​លោក​ប្រធានាធិបតី​កំពុង​អំពាវនាវ គឺការ​ទទួលខុសត្រូវ»។

ចំណែក​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ សមាជិក​សភាខាង​គណបក្ស​សាធារណរដ្ឋ Steve King បាន​រិៈគន់​លោក​ប្រធានាធិបតី ចំពោះ​ពេល​វេលា​នៃ​ការ​ប្រកាស​នេះ គឺ​នៅ​ពេល​ដែល​សមាជិក​សភា កំពុង​តែ​នាំ​គ្នា​ចាក​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​សម្រាក​ក្នុង​ពិធី​បុណ្យ​ថ្លែង​អំណរ​គុណ​ហៅថា Thanksgiving។

«នៅ​ពេល​ដែល​សមាជិក​សភា ទើប​តែចាក​ចេញ​ពី​រដ្ឋធានី ដើម្បី​ទៅជួបជុំ​គ្រួសារ និង ប្រារព្ធ​ពិធី​បុណ្យ​ថ្លែង​អំណរគុណ លោក​ទម្លាក់​គ្រាប់​បែក​នេះ ចំកណ្តាល​យើង តែ​ម្តង ហើយ​ហែក​រដ្ឋធម្មនុញ្ញ​ចោល​តែ​ម្តង»។

សមាជិក​គណបក្ស​សាធារណរដ្ឋ និយាយថា ពួកគេ​កំពុង​តែ​ពិចារណា​អំពីវិធី​ឆ្លើយ​តប​វិញ នៅ​ពេល​ដែល​ពួកគេ​វិល​ត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ នៅ​ដើម​ខែ​ធ្នូ។ លោក King ស្នើ​ឲ្យ​រដ្ឋសភា ផ្តល់​សច្ចានុមត្តិ​លើ​វិធានការ​មួយ ដែល​មិន​ផ្តល់​ការគាំ​ទ្រ​ដល់​ចំណាត់ការ​របស់​លោក​ប្រធានាធិបតី។ រដ្ឋសភា​និង​ព្រឹទ្ធសភា ចាំ​បាច់​ត្រូវផ្តល់​សច្ចានុមត្តិ​លើសេចក្តី​ព្រាង​ច្បាប់ថវិកា​ចាយ​វាយ​មួយ សម្រាប់​រដ្ឋាភិបាល នៅ​មុន​ថ្ងៃ​ទី ១១ ធ្នូ ហើយ​មាន​ការ​ជជែក​គ្នា​អំពី​ការ​ប្រើ​ប្រាស់​រឿង​នេះ ដើម្បី​ប្រឆាំង​និង​សកម្មភាព​ របស់​លោក​ប្រធានាធិបតី ចំពោះរឿង​អន្តោប្រវេសន៍​នេះ។ ក៏ប៉ុន្តែ​សមាជិក​សភា នៃ​គណបក្ស​សាធារណរដ្ឋ​ ភាគ​ច្រើន និយាយថា​ ពួកគេ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ បិទ​ទ្វារទេ។ ការបិទ​រដ្ឋាភិបាល​មួយ កាល​ពី​ខែ​តុលា ឆ្នាំ ២០១៣ មាន​រយះ​ពេល​១៦​ថ្ងៃ។

ប្រែ​សម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG