បេក្ខជនខាងគណបក្សសាធារណរដ្ឋចំនួន៨នាក់ដែលចង់បានតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកបានជជែកដេញដោលគ្នាលើកទីមួយរបស់គណបក្សពួកគេកាលពីយប់ថ្ងៃពុធនៅក្នុងរដ្ឋ Wisconsin នៅមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
ការជជែកដេញដោលគ្នារយៈពេលពីរម៉ោងតាមទូរទស្សន៍ ដែលជាការជជែកដេញដោលគ្នាលើកដំបូងរបស់សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងការចាត់ចែងការបោះឆ្នោតនេះ មានការនិយាយឆ្លើយឆ្លងគ្នាអំពីអ្វីដែលអ្នកសម្របសម្រួលម្នាក់បានហៅថាជា«មនុស្សសំខាន់ម្នាក់ដែលមិននៅក្នុងបន្ទប់»គឺអវត្តមានលោក Donald Trump អតីតប្រធានាធិបតីដែលនាំមុខគេក្នុងគណបក្សនេះ ដែលបានសម្រេចចិត្តថាដោយសារលោកនាំមុខគេក្នុងការស្ទង់មតិ ហើយលោកមិនត្រូវការចូលរួមលើឆាកជជែកដេញដោលគ្នានេះទេ។
បេក្ខជនខ្លះក្នុងចំណោមពួកបេក្ខជន ទាំងនេះ ដូចជាអតីតអនុប្រធានាធិបតីរបស់លោក Trump គឺលោក Mike Pence និងអតីតអភិបាលរដ្ឋ New Jersey លោកChris Christieជាដើម បាននិយាយថាលោក Trump គ្មានគុណវុឌ្ឍកាន់តំណែងប្រធានាធិបតីទៀតទេ ដោយសារអ្វីដែលពួកគេនិយាយថាលោកមិនគោរពរដ្ឋធម្មនុញ្ញ និងមានការចោទប្រកាន់ចំនួន៩១ករណីពីបទព្រហ្មទណ្ឌដែលលោកប្រឈមនៅពេលនេះ។
លោក Trump មានកំណត់ចូលខ្លួនឱ្យគេចាប់នៅក្នុងក្រុង Atlanta រដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍នេះទាក់ទិននឹងការចោទប្រកាន់លោកលើកទីបួន ដែលបានចោទលោកថាធ្វើសកម្មភាពទុច្ចរិតនិងជ្រៀតជ្រែកក្នុងការព្យាយាមប្រែក្រឡះការចាញ់ឆ្នោតរបស់លោកក្នុងរដ្ឋនេះនាប៉ែកខាងត្បូងប្រទេសអាមេរិក។
លោក Pence បាននិយាយប្រាប់ក្រុមមនុស្សស្តាប់ការជជែកដេញដោលគ្នានេះថា«ប្រជារាស្ត្រអាមេរិកាំងត្រូវដឹងថាប្រធានាធិបតីរូបនេះបានសុំខ្ញុំឱ្យដាក់លោកខ្ពស់ជាងរដ្ឋធម្មនុញ្ញ»ដោយលោកបានទាមទារឱ្យលោកប្រកែកមិនព្រមធ្វើជាអធិបតីក្នុងការបញ្ជាក់ដោយសភាថាលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យបានឈ្នះលោក Trump ក្នុងការបោះឆ្នោតឆ្នាំ២០២០។
អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley បានប្រកាសថា«លោក Trump ជាអ្នកនយោបាយគេមិនចូលចិត្តបំផុតក្នុងប្រទេសអាមេរិក។ យើងមិនអាចឈ្នះការបោះឆ្នោតទូទៅតាមវិធីនេះទេ»។
តែយ៉ាងណាក៏ដោយ ក៏លោក Vivek Ramaswamy អ្នកនយោបាយថ្មី ដែលមានការគាំទ្រច្រើនជាងមុនក្នុងការស្ទង់មតិ បានគាំទ្រលោក Trump ដោយលោកបាននិយាយថាលោកមានជំនឿថាលោក Trump ជា«ប្រធានាធិបតីល្អបំផុតក្នុងសតវត្សរ៍ទី២១»៕
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋជជែកដេញដោលគ្នាខ្លាំងក្លាដោយគ្មានការចូលរួមពីលោក Trump
- Steve Herman